Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គង់ សោភណ្ឌ៖ ស្ពានថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៍សំខាន់ របស់ពលរដ្ឋ

spot_img

កណ្តាល ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ នៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តមគង់ សោភណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា សមិទ្ឋផលស្ពាន់ថ្នល់ ដែលត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល គឺជាសរសៃរឈាមសេដ្ឋកិច្ចដ៍សំខាន់ សំរាប់ពលរដ្ឋក្នុងការធ្វើដំណើរទៅមក ក៍ដូចជាការដឹកកសិផលទៅលក់លើទីផ្សារ។

ពិធីបើកការរដ្ឋានសាងសង់ស្ពានបេតុងអាមេ ស្ពានបាក់ចង្កា ប្រវែង ៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតទីតាំខាងលើនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំលើកដែក ស្រុកកោះធំ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា ស្រុកកោះធំ ពិសេសឃុំលើកដែក គ្មានផ្លូវបេតុង ឬកៅស៊ូ លូ និងស្ពាន ចំណែកលំនៅដ្ឋានឯកជនមិនសូវមាន និងប្រជាជនមានជីវភាពខ្សត់ខ្សោយ។ ក៍ប៉ុន្តែស្រុកកោះធំ និយាយជារួមនិងនិយាយដោយឡែក ឃុំលើកដែលបច្ចុប្បន្នមានការរីកចម្រើនគ្រប់វិស័យ និងមានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នា មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ស្ពាន លូ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម។ល។ ការអភិវឌ្ឍន៍ទាំងអស់នេះ ស្ថិតក្រោមម្លប់ដ៍ត្រជាក់នៃសុខសន្តិភាព និងបានផ្តល់នូវភាពងាយស្រួលគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ផ្សារ ការធ្វើដំណើរទៅបង្កបង្កើនផល និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការលំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

លោក ឆែវ វណ្ណឌី អភិបាលស្រុកកោះធំបានឱ្យដឹងដែរថា ស្ពានបាក់ចង្កានេះ បានចាប់ផ្តើមសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦២ មានបណ្តោយ៩៣ម៉ែត្រ ទទឹង២ម៉ែត្រ ដែលបានផ្តួចផ្តើមកសាង ដោយបរិស័ទចំណុះជើងវត្ត។ លុះនៅឆ្នាំ២០០៧ ឯកឧត្តម សៅ សុខភា មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានជួសជុលដើម្បីជួយសម្រួលឱ្យធ្វើដំណើរបានឡើងវិញ និងបានជួសជុល ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

តាយរយៈការសាងសង់ស្ពានអាមេ ស្ពានបាក់ចង្កានេះ នឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំលើកដែក ស្រុកកោះធំ ដែលកន្លងមក មានការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផល និងផលិតផលផ្សេងៗយកទៅលក់នៅទីផ្សារ ដើម្បី ដោះស្រាយជីវភាពប្រចាំថ្ងៃ។

គួរបញ្ជាក់ថា គម្រោងសង់ស្ពានអាមេ ហៅស្ពានបាក់ចង្កានេះ សាងសង់ដោយក្រុមហ៊ុន ប៊ីឌីជី អេនជីនារីង អេន ឌឹវេឡុបម៉ិន ឯ.ក។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ស្នើសុំក្រុមបហ៊ុនអនុវត្តគម្រោងត្រូវធ្វើកិច្ចសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានល្អ និងអនវុត្តតាមដានបទដ្ឋានបច្ចេកទេសទាំងបរិមាណ និងគុណភាព៕

spot_img
×