Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​ល្បីៗ​លើ​ពិភពលោក ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ លោក​បណ្ឌិត Frank Hoffer ប្រធាន​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ម៉ាក​សម្លៀក​បំពាក់​ល្បីៗ​លើ​ពិភពលោក និង​ក្រុមហ៊ុន​លក់រាយ ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ (ACT-Action, Collaboration, Transformation) បាន​ស្នើ​ឲ្យមាន​កិច្ចសហប្រតិបត្តិកា​រ​កា​ន់​តែ​រឹងមាំ និង​កិច្ច​ពិភាក្សា​ឲ្យ​កាន់តែច្រើន រវាង​ប្រតិភូ ACT ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​កម្ពុជា​។​

​សំណើ​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​លោក​បណ្ឌិត ដឹកនាំ​តំណាង​ក្រុមហ៊ុន H&M, Next, C&A, Debenhams, Inditex, Kmart-Australia, Primark និង IndustriALL ចូលជួប​ពិភាក្សា​ជាមួយ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ស្វែងយល់​ពី​ដំណើ​រវិ​វត្ត​ថ្មីៗ នៅក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​កម្ពុជា​។​

​លោក​បណ្ឌិត Frank Hoffer បាន​កោតសរសើរ​ចំពោះ​កំណែទម្រង់​នានា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​បង្កើត​សិក្ខាសាលា​នានា ដោយ​មាន​ការចូលរួម​ពី​ភាគី​ក្រសួងពាណិជ្ជកម្ម អ្នក​បញ្ជា​ទិញ (Buyers) សហជីព និង​រោងចក្រ ដើម្បី​ប្រមូល​ធាតុ​ចូល​ថ្មីៗ​សំដៅ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​នេះ​។ លោក​បណ្ឌិត ក៏​បាន​ស្នើ​ឲ្យមាន​ការថ្លឹងថ្លែង រវាង​ការបង្កើន​ប្រាក់​ឈ្នួល​អតិបរមា និង​ផលិតភាព​ការងារ​របស់​កម្មករ​-​កម្ម​ការ​នី ដើម្បី​ចៀសវៀង​ធ្វើឲ្យ​ភាគី​ណាមួយ​រងគ្រោះ ដោយសារ​គោលនយោបាយ​កំណត់​ប្រាក់​ឈ្នួល​។​

​ជា​ការឆ្លើយតប លោក ឱក ប៊ុង បាន​គូសបញ្ជាក់ថា កន្លងមក​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​តិចតួច​ពី​វិស័យ​កាត់ដេរ ដោយសារ​បញ្ហា​កង្វះខាត​បច្ចេកវិទ្យា រួម​ជាមួយ​ខ្សែ​សង្វាក់​តម្លៃ​សម្រាប់​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនបញ្ជា​ទិញ (Buyers) ចូលរួម​ធ្វើ​ការវិនិយោគ និង​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​វិស័យ​នេះ ដើម្បី​ធ្វើឲ្យ​កម្ពុជា​មានលទ្ធភាព​ផលិតគ្រ​ប់គ្រា​ន់ តាំង​ពី​ការកែច្នៃ​វត្ថុធាតុដើម រហូតដល់​ផលិតផល​សម្រេច ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​លើសពីនេះ លោក ឱក ប៊ុង ក៏​បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោក​បណ្ឌិត Frank Hoffer ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ស្នើ​ឲ្យមាន​ការពិភាក្សា​បន្ថែម​លើ​ប្រធានបទ​នេះ នៅក្នុង​ជំនួប​លើក​ក្រោយ​៕ ដោយ​៖​កូឡាប​

×