ទង្វើដ៏ឈ្លើយរបស់ម្ចាស់ឡាន Highlander ម្នាក់ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការរិះគន់ និងស្អប់យ៉ាងខ្លាំង បន្ទាប់ពីបុរសចរិកដ៏ធូរថ្លៃរូបនេះ ខ្លួនបើកឡានខុសហើយ បែរជាស្ទុះទៅវាយគេទៀត ព្រោះខឹងគេគោះឡានរបស់ខ្លួនតម្លៃថ្លៃ។
តាមរយៈវីដេអូ នៃហេតុការណ៍នេះ ដែលកើតឡើងនៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញរថយន្ត Highlander ពាក់ស្លាកលេខ ភ្នំពេញ 2AD-5420 បានមកដល់ចំណុចផ្លូវបំបែកមួយ ខណៈម៉ូតូ Scoopy ១គ្រឿង ទំនងជិះឌុបគ្នាដោយនារី២នាក់ ក៏បានជិះចូលមកគៀកខាងស្តាំ ស្របជាមួយអ្នកដំណើរដទៃទៀតផងដែរ។ ប៉ុន្តែ ខណៈរង់ចាំបន្តធ្វើដំណើរទាំងអស់គ្នា ព្រោះតែមានឡានម៉ូតូនៅខាងមុខ កំពុងបត់ឆ្លងផ្លូវទៅខាងឆ្វេង ស្រាប់តែឡាន Highlander នេះមិនទ្រាំរង់ចាំ ក៏បានបួងចង្កូតទៅខាងស្តាំ ដើម្បីជៀសរថយន្ត១គ្រឿងខាងមុខ មិនប្រយ័ត្ន ក៏បានកៀរពីលើម៉ូតូនារីទាំងពីរនោះតែម្តង។ ដោយសារតែខ្លាចមានគ្រោះថ្នាក់ និងរងការខូចខាតម៉ូតូ នារីអ្នកឌុប ក៏បានយកដៃគោះឡានផាំងៗ ដើម្បីឲ្យឈប់។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយពីបានដឹងថា អ្នកជិះម៉ូតូ Scoopy នោះ គោះឡានខ្លួនផាំងៗ ស្រាប់តែអ្នកបើកឡានចរិកដ៏ឈ្លើយ និងធូរថ្លៃរូបនោះ ចុះពីលើឡាន អត់មានសួរនាំហេតុផលអ្វី យារដៃដាល់តែម្តង។ ទោះជាយ៉ាងណា រថយន្តខាងក្រោយ អាចថតបានសកម្មភាពដ៏គួរឲ្យស្អប់បំផុតនេះត្រឹមប៉ុណ្ណឹង ខណៈហេតុការណ៍បន្តទៀត គេក៏មិនដឹងថា យ៉ាងណានោះទេ។
ទោះជាយ៉ាងណា បន្ទាប់ពីបានឃើញចរិកបែបពាលរបស់អ្នកបើកឡាន Highlander រូបនេះ មហាជនបានដាក់ឲ្យធ្ងន់ៗថា៖ «ចរឹកពាលណាស់ បត់ឡានអត់ប្រយ័ត្ន អត់ស៊ីញ៉ូខុសហើយ ចុះមកវ៉ៃគេទៀត សូមសមត្ថកិច្ចចាត់វិធានការផង កុំឲ្យមនុស្សខូច វាបន្តបានដៃបែបនេះ វីដេអូមានហើយ ស្លាកលេខភ្នំពេញ 2AD-5420, អាមនុស្សឈ្លើយ អសិលធម៌ប្រភេទនេះ បើតាមច្បាប់មិនរួចខ្លួនទេ សូមបងៗប៉ូលិសស្វែងរកយកមកវាស់កម្ពស់ចេញម្តងទៅ ដើម្បីព្រមានដល់១០០, ត្រឹមHILANDER សោះ ខ្លាំងប៉ុន្នឹងហើយ បើជាអ្នកមានលុយច្រើនទៀត មិនដឹងឈ្លើយប៉ុណ្ណាទេ អាមួយនេះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









