Thursday, June 8, 2023

រួចខ្លួនយ៉ាងប្រផុតប្រផើយ! ម្ដាយលោតទៅជួយកូន ក្រោយត្រូវក្រពើ ១ក្បាលវាយប្រហារ អូសទៅឆ្ងាយជិត ១០ម៉ែត្រ

spot_img

រឿងហេតុដ៏សែនភ័យរន្ធត់នេះ កើតឡើងនៅក្នុងភូមិ ធូប៊ីរ៉ាន់ ក្នុងតំបន់គ្រប់គ្រងខ្លួនឯង ឡាប៊ូរ៉ា ខេត្តស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីវិនាទីម្ដាយ និងកូន ប៊ិះក្លាយជាចំណីរបស់សត្វប្រមាញ់សាច់ឆៅដ៏កំណាច ក្រោយពីត្រូវសត្វក្រពើដ៏ធំ ១ក្បាលប្រវែងជាង ២ម៉ែត្រ បានលោតចូលមកវាយប្រហារ និងអូសចូលទៅក្នុងទឹកទន្លេ ខណៈកំពុងអង្គុយបោកខោអាវ។

តាមរបាយការណ៍បានឱ្យដឹងថា កូនវ័យ ៩ឆ្នាំ កំពុងមុជទឹកលេង នៅមិនឆ្ងាយពីចំណុចដែលម្ដាយ វ័យ ៣៨ឆ្នាំកំពុងអង្គុយបោកខោអាវ តែសុខៗ ស្រាប់តែ កូនក៏ស្រែកឡើងយ៉ាងខ្លាំង ធ្វើឱ្យម្ដាយភ្ញាក់ផ្អើល ព្រមទាំងក្រឡេកទៅមើល ឃើញជើងរបស់កូនត្រូវក្រពើខាំ និងអូសចូលទៅក្នុងទឹកចម្ងាយជិត ១០ម៉ែត្រ។

ដោយសញ្ជាតិញាណជាម្ដាយដែលស្រឡាញ់កូន គាត់ក៏លោតចូលទៅក្នុងទឹក ដើម្បីជួយកូនភ្លាម មុននឹងគាត់ត្រូវក្រពើខាំ និងអូសចូលទៅក្នុងទឹកទន្លេ ដូចគ្នានឹងកូនរបស់គាត់ដែរ តែម្ដាយបានព្យាយាមស្រែកយ៉ាងខ្លាំងៗ ឱ្យគេជួយ រហូតដល់ពួកអ្នកស្រុកដែលនៅម្ដុំមាត់ទន្លេនោះ បានឮ ក៏នាំគ្នាស្ទុះរត់ចូលទៅជួយសង្គ្រោះបានទាន់ពេលវេលា។

សំណាងល្អណាស់ ដែលទាំង ២នាក់បានរួចខ្លួនផុតពីគ្រោះថ្នាក់យ៉ាងប្រផុតប្រផើយ ទោះជាមានរបួសដោយសារការខាំត្របាក់របស់សត្វក្រពើជាច្រើនកន្លែងក៏ដោយ។ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ បេលុងគុត ដើម្បីសង្គ្រោះបន្ទាន់ ខណៈដែលក្រពើកំណាចដែលខាំម្ដាយ និងកូននោះ ត្រូវព័ទ្ធចាប់បានដោយពួកអ្នកស្រុកបន្ទាប់ពីកើតហេតុនោះមកប្រមាណជាកន្លះម៉ោង។ សត្វកំណាច ១ក្បាលនេះ ត្រូវបានបញ្ជូនទៅឱ្យមន្ត្រីគ្រប់គ្រងក្នុងតំបន់ ដើម្បីយកទៅដោះលែងនៅទីឆ្ងាយៗដែលគ្មានមនុស្សរស់នៅ ដើម្បីការពារកុំឱ្យកើតហេតុការណ៍ដូចគ្នានេះឡើងទៀត៕

spot_img
×