Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បើកភ្លើងខៀវក្នុងការផ្ដល់យន្តហោះចម្បាំង F-16 ដោតអ៊ុយក្រែន ប៉ុន្តែត្រូវការប្រើពេលហ្វឹកហាត់សិន

spot_img

ភ្លើងខៀវរបស់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែនទទួលបានការបណ្តុះបណ្តាលយន្តហោះ ចម្បាំង F-16 បានបង្កើតនូវសន្ទុះដ៏ក្លៀវក្លា ដែលនឹងនាំយន្តហោះចម្បាំងប្រភេទនេះទៅសមរភូមិអ៊ុយក្រែនដោយចៀសសមិនរួច។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ចូសេព បូរ៉េល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានលើកឡើងពីការជជែកដេញដោលដ៏យូរក្នុងចំណោមសហភាពអឺរ៉ុប រឿងប្រគល់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ទៅឱ្យអ៊ុយក្រែន ដោយមានមតិខ្លះយល់ព្រម និងមតិខ្លះមិនយល់ព្រម ប៉ុន្តែចំណែកអាមេរិកហាក់មានការស្ទាក់ស្ទើរ។

លោក ចូសេព បូរ៉េល បាននិយាយប្រៀបធៀបនឹងរថក្រោះប្រយុទ្ធ លីអូផាត (Leopard) របស់អាល្លឺម៉ង់ ថា ដោយកាលពីដំបូងឡើយ ក៏មានអ្នកជំរុញ និងក៏មានអ្នករប្រឆាំងជំទាស់ផងដែរ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ លីអូផាត (Leopard) កម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប រូបនេះ បាននិយាយថា «អ្នកដឹងទេ វាគឺដូចគ្នាដែលយើងបានពិភាក្សាវា ហើយអ្នកគ្រប់គ្នាមានការស្ទាក់ស្ទើរនៅគ្រាដំបូង, ប៉ុន្តែនៅទីបញ្ចប់ ទាំង Leopard និងចុងក្រោយជាមួយ F-16 វាត្រូវបានសម្រេចចិត្តផ្តល់ការគាំទ្រផ្នែកយោធាទៅកាន់ អ៊ុយក្រែន ព្រោះវាត្រូវការជាចាំបាច់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងទឹកដីអ៊ុយក្រែន។

ងាកមក អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តុលថេនប៊ឺក (Jens Stoltenberg) បានបញ្ជាក់ថា ការសម្រេចចិត្តនេះ មានទាំងធ្វើការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន និងជាការជំរុញយ៉ាងពិតប្រាកដដែលចាំបាច់ ឆ្ពោះទៅរកការធ្វើឱ្យយន្តហោះទាំងនោះមានដល់អ៊ុយក្រែន ហើយប្រើប្រាស់មានប្រសិទ្ធភាព។

លោក លោក ចេន ស្តុលថេនប៊ឺក បាននិយាយមុនពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិ សហភាពអឺរ៉ុប ថា «ការប្រកាសយ៉ាងច្បាស់អំពីការចាប់ផ្តើមនៃការបណ្តុះបណ្តាលទាហានអ៊ុយក្រែនឱ្យចេះប្រើយន្តហោះចម្បាំង F-16 នេះ គឺជាជំហានដ៏សំខាន់មួយ ដែលអាចឱ្យយើងផ្តល់យន្តហោះប្រយុទ្ធដល់អ៊ុយក្រែននៅពេលណាមួយ។

លោកបន្តថា វាក៏បង្ហាញឱ្យឃើញផងដែរថា លោកខាងលិចនឹងមិនដកថយចំពោះមុខសង្គ្រាមរបស់រុស្ស៊ីឡើយ ហើយការសម្រេចចិត្តបែបនេះគឺជាការផ្ញើសញ្ញាច្បាស់លាស់ថា អឺរ៉ុបនឹងនៅជាមួយអ៊ុយក្រែន សម្រាប់រយៈពេលយូរ ហើយថា រុស្ស៊ីមិនអាចរង់ចាំឱ្យប្លុកនេះចាកចេញបានទេ។

មានសំណួរថា តើកម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះដល់ទាហានអ៊ុយក្រែន ធ្វើឡើងនៅកន្លែងណាទៅ? លោក ចូសេព បូរ៉េល បញ្ជាក់ថា វាបានចាប់ផ្តើមរួចហើយនៅក្នុងប្រទេសប៉ូឡូញ និងប្រទេសមួយចំនួនទៀត ទោះបីជាអាជ្ញាធរនៅទីក្រុងវ៉ារូស្សាវ៉ា មិនអាចបញ្ជាក់ពីព័ត៌មាននេះភ្លាមៗក៏ដោយ។ ប្រទេសហុល្លង់ ដាណឺម៉ាក និងកាណាដាក្នុងចំណោមប្រទេសដទៃទៀត ក៏កំពុងរៀបចំផែនការសម្រាប់ការបណ្តុះបណ្តាលហ្វឹកហាត់យោធាដល់អ៊ុយក្រែន ក្នុងនោះមានការប្រើប្រាស់យន្តហោះចម្បាំង F-16 និងរថក្រោះទំនើបៗផ្សេងទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×