ខណៈដែលកូនស្រីតែងតែបានទទួលការបង្ហាត់បង្រៀនពីក្រុមគ្រួសារជាប់ជានិច្ច ឱ្យហាត់រៀនធ្វើការងារផ្ទះ កុំខ្ជិលច្រអូស ពេលរៀបការហើយ នឹងបានចេះធ្វើការងារផ្ទះ ជីវិតគូនឹងមានតែសេចក្ដីសុខ តែពេលយុគសម័យផ្លាស់ប្ដូរ ស្ត្រីក៏អាចធ្វើការរកលុយបានដូចបុរសដែរនោះ ទើបមិនសូវជាចាំបាច់ប៉ុន្មានឡើយ ដែលបន្ទុកការងារក្នុងផ្ទះ ត្រូវក្លាយជាតួនាទីរបស់ភរិយាទាំងអស់។

ដូចគ្នានឹងករណីរបស់នាងក្រមុំម្នាក់ ដែលតែងតែត្រូវម្ដាយរអ៊ូស្ដីឱ្យជាប់ជានិច្ច ពីរឿងខ្ជិលច្រអូស និងដេកទាល់តែថ្ងៃៗ ទើបភ្ញាក់ បើសិនជាមិនបាននៅជាមួយម៉ែទេ តើបានអ្នកណាមើលថែបម្រើ? តែយ៉ាងណាក៏ដោយ លុះប៉ុន្មានឆ្នាំក្រោយមក នាងក្រមុំក៏បានបង្ហោះរូបថត ជំនួសចម្លើយ រហូតធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាលើកមេដៃឱ្យតែម្ដង។
កាលពីថ្ងៃទី២២ឧសភា វេបសាយ docbao ឬបស់វៀតណាម បានបង្ហាញរូបថតរបស់នាងក្រមុំរូបនោះ ដែលកំពុងល្បីល្បាញនៅក្នុងពិភពបណ្ដាញសង្គម។ ក្នុងរូបភាពបានបង្ហាញពីបរិយាកាសនៅក្នុងបន្ទប់បាយ ដែលមានម្ហូបអាហារនៅក្នុងចាន រៀបនៅលើតុយ៉ាងល្អ ចំណែកអ្នកដែលកំពុងចូលចង្ក្រានវិញនោះ គឺបុរសមេផ្ទះ ដែលកំពុងផ្ចិតផ្ចង់ធ្វើម្ហូបឱ្យភរិយាជាទីស្រឡាញ់បរិភោគ។

ជាមួយនឹងរូបភាពទាំងនោះ នាងក្រមុំថែមទាំងសរសេរ Caption ទៀតផងថា “ម៉ាក់ខ្ញុំ ប្រាប់ថា កូនម៉ែគេងដល់ម៉ោងជាង១០ ទើបភ្ញាក់រាល់ថ្ងៃ ចុះបើរៀបការហើយ ប្ដីនឹងធ្វើយ៉ាងម៉េចទៅ? ខ្ញុំក៏មិនដឹងថា ធ្វើម៉េចដែរម៉ាក់អ៊ើយ…”
គ្រាន់តែមើលតាមរយៈរូបភាព ក៏ដឹងច្បាស់ដែរថា នាងក្រមុំបានទទួលការថែទាំយកចិត្តទុកដាក់ពីសំណាក់ស្វាមីខ្លាំងប៉ុនណា។ អាចនិយាយបានថា មួយពេលៗមិនចាំបាច់លំបាកឡើយ មានស្វាមីរៀបចំឱ្យជាស្រេច ទោះជាមិនមានការបញ្ជាក់ប្រាប់ថា រឿងរៀបចំលាងទុកដាក់ក្រោយពេលបាយ អ្នកណាជាអ្នកទទួលខុសត្រូវក៏ដោយ។
ខណៈដែលអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាខំមិនត៍ បង្ហាញពីក្ដីនឹកច្រណែននាងក្រមុំម្នាក់នោះ ដោយមើលឃើញថា នាងពិតជាសំណាងល្អខ្លាំងណាស់ និងអ្នកខ្លះថែមទាំងប្រាប់ថា “បើខ្លួនឯងមិនសូវចេះធ្វើការងារផ្ទះទេ ត្រូវតែចេះរើសស្វាមី” រួមទាំងមានខំមិនត៍ដែលប្រាប់ទៀតផងថា “ភាសាស្នេហ៍ពិតប្រាកដគឺ ពេលបានឃើញស្វាមីនៅក្នុងចង្ក្រាន មិនមែនការជូនផ្កាកុលាប ៩៩៩ទងឱ្យយើងទេ”៕






