បានល្បីហើយ! ខំពុះពារឲ្យកូនរៀនសាលាថ្លៃ បង់១ឆ្នាំជិត 5000$ គិតថាមានការអប់រំល្អ សុវត្ថិភាព តែស្លុតចិត្ត ដែលសាលាឯកជនមួយនេះ ព្យាយាមបិទបាំងទង្វើគ្រូធ្វើបាបកូន ហើយគំរាមប្តឹងទៀត
មហាជន ជាពិសេសអាណាព្យាបាលជាច្រើន ពិតជាមានការតក់ស្លុតជាខ្លាំង នៅពេលដែលបានដឹងថា សាលាឯកជនមួយកន្លែង ដែលអាណាព្យបាលជាច្រើនខំជឿជាក់ សុខចិត្តតស៊ូពុះពារកលុយអោយកូនរៀនសាលាល្អ សាលាថ្លៃ បង់១ឆ្នាំៗមិនតិចពាន់ គិតថាកូននឹងទទួលបានការអប់រំល្អ មានវិន័យល្អ មានសិលធម៌ មានសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពដល់កូន តែបែរជាគ្រូនៅ «សាលាអន្តរជាតិ ចុងស៊ីង» ប្រើដៃប្រើជើងទៅលើកូនសិស្សអាយុជាង ៥ ឆ្នាំម្នាក់ មិនទាន់ដឹងអី បណ្តាលឲ្យក្មេងរងការឈឺចាប់ និងមានរបួសស្លាកស្នាម ហើយថែមទាំងសាលានេះឲ្យមេធាវីគំរាមប្តឹងទៀត សួរថាតើឪពុកម្តាយអ្នកណាទទួលយកបាន។
នេះបើស្រ្តីជាម្តាយដែលមានគណនីហ្វេសប៊ុក Hour Ly ដែលគេស្គាល់ថា ជាភរិយារបស់តន្រ្តីករចចកសមុទ្រដ៏ល្បីឈ្មោះ បានទម្លាយចេញពីទង្វើរបស់គ្រូ និងក៏ដូចគណៈគ្រប់គ្រង «សាលាអន្តរជាតិ ចុងអ៊ីង» សាខាជិតផ្សារដេប៉ូ ដែលពួកគាត់បង់១ឆ្នាំជិត 5000$ រៀបរាប់ទាំងឈឺចាប់ថា៖ «ខាងសាលាធ្វើបាបកូនខ្ញុំហើយអោយមេធាវីគម្រាមប្តឹងខ្ញុំទៀត! អយុត្តិធម៌ពេកហើយ! ខ្ញុំនិងតស៊ូដល់ទីបំផុត!
កើតហេតុដំបូងខាងសាលា បានប្រកែក និងធានាអះអាងថា មិនមានការធ្វើបាបទេ ដោយសារតែកូនខ្ញុំឈឺដើមទ្រូងពេក ហើយចេះតែភ័យខ្លាច ហើយប្រាប់ថា គ្រូអោយនៅបន្ទប់ទឹកម្នាក់ឯង ទើបខ្ញុំទាមទារឆែកកាមេរ៉ា សាលាយល់ព្រមអោយឆែក ក៏ឃើញគ្រូទះកំភ្លៀងកូនខ្ញុំ ឃើញហើយស្លុតចិត្តណាស់និយាយលែងចេញ។ ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចកនៅដើមទ្រូង ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុបន្ថែមទៀត ខាងសាលាក៏ស្នើសុំជួបពិភាក្សាគ្នា ទាំងនាយក និងថ្នាក់ដឹកនាំសាលា សុទ្ធតែទទួលស្គាល់កំហុស លើកដៃសំពះសុំទោស (មានកាមេរ៉ាក្នុងបន្ទប់សាលា) សុំការយោគយល់ សុំទុកឱកាសអោយសាលាបានកែខ្លួនមើលថែកូនខ្ញុំម្តងទៀត»។
ស្រ្តីជាម្តាយខាងលើបន្តថា «នាយកសំណូមពរបង់ថ្លៃសាលាត្រលប់មកវិញ បើកូនខ្ញុំសម្រេចឈប់រៀននៅទីនេះទៀត ហើយទទូចអោយខ្ញុំដាក់សំណូមពរមកខាងសាលាមក សាលានឹងព្យាយាមធ្វើតាម ដល់តែខ្ញុំសំណូមពរទៅវិញ ខាងសាលាអោយមេធាវីគម្រាមខ្ញុំ ធ្វើដូចជាខ្ញុំមានកំហុស ស ប្រែជាខ្មៅទៅវិញ? មេធាវី ក៏បានសសេរក្នុងលិខិតជូនដំណឹងហើយថា គ្រូបានលុតជង្គង់សុំទោសហើយ? សួរថាបើមិនធ្វើបាបកូនខ្ញុំហេតុអ្វី ខាងសាលាអនុញាតិអោយគ្រូលុតជង្គង់សុំទោសនៅចំពោះមុខគណ:គ្រប់គ្រងសាលា? ហេតុអ្វីគ្រាន់តែសុំមើលវីដេអូ គេធ្វើបាបកូនសោះ ក៏មេធាវីគម្រាមប្តឹងថា បរិហាកេរ្តិ៍សាលាទៅវិញ? ខ្ញុំគ្រាន់តែសុំមើលវីដេអូគេធ្វើបាបកូនខ្ញុំសោះ ហេតុអ្វីដេញអោយខ្ញុំទៅសុំនៅតុលាការវិញ? ខ្ញុំសុំមើលកាមេរ៉ាសកម្មភាពកូនខ្ញុំរៀន សាលាអោយជ្រើសរើសតែមួយថ្ងៃណាមួយ នៃរយៈពេលដែលកូនខ្ញុំរៀន7ខែ សួរថាត្រឹមត្រូវបានទេ។ ហេតុអ្វីថ្នាក់ដឹកនាំសាលាជាមនុស្សចេះដឹង អនុញាតអោយមេធាវីគម្រាមទាំងបំពានបែបនេះ? បានដឹងថាមានគេធ្វើបាបក្មេងហើយនាំគ្នាជួយលាក់បិទបាំង? ខ្ញុំនៅតែទទូចដដែលៗ ទោះជាយ៉ាងណាក៏ដោយ ដាច់ខាតត្រូវតែសុំឆែកវីដេអូ មើលគេធ្វើបាបកូនខ្ញុំអោយបាន»។
យ៉ាងណាមិញ ទាក់ទងរឿងសុំឆែក តែបែរដាក់លក្ខខណ្ឌឲ្យឆែកតែ១ថ្ងៃ អ្នកលេងបណ្តាញសង្គមម្នាក់ បានយល់ឃើញបែបនេះថា៖ «គេមិនហ៊ានឲ្យឆែកកាម៉េរ៉ា ឲ្យបងឆែកតែ១ថ្ងៃ តើនេះអាចប្រហែលខ្លាចមានវិដេអូនធ្វើបាបផ្សេងទៀត ឬក៏អាចមិនមែនមានតែកូនគាត់តែម្នាក់ដែលរងគ្រោះ គេខ្លាចអាណាព្យាបាលផ្សេងទៀត ផ្ទុះប្រតិកម្មដែរទេដឹង?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








