រាជធានីអូតតាវ៉ា (Ottawa)៖ សេចក្ដីរាយការណ៍របស់អ្នករាយការណ៍ពិសេស បាននាំឲ្យមានកំហឹង ពីក្រុមអភិរក្សនិយមរបស់ប្រទេសកាណាដា ហើយកំពុងតែជំរុញឲ្យមានការស៊ើបអង្កេត ជាសាធារណៈ ខណៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ចាស្ទីន ទ្រូដូ (Minister Justin) បានប្ដេជ្ញា អំពីការមិនព្រងើយកន្ដើយ ចំពោះការជ្រៀតជ្រែក ចូលកិច្ចការបោះឆ្នោត និង នយោបាយរបស់ខ្លួននោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា អ្នករាយការណ៍ពិសេសម្នាក់ បានអះអាង កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលរបស់លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្ដីកាណាដា មិនបានព្រងើយកន្តើយ ចំពោះភស្តុតាង នៃការជ្រៀតជ្រែករបស់ចិននោះទេ ក្រោយការស៊ើបអង្កេតរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ដោយផ្អែកលើការលេចធ្លាយព័ត៌មានសម្ងាត់មួយ ដែលបានអះអាង ថា ក្រុងប៉េកាំង កំពុងតែស្វះស្វែងរកការបង្កើនឥទ្ធិពល មកលើកិច្ចការបោះឆ្នោត និង នយោបាយរបស់ប្រទេសនេះ។
លោកនាយករដ្ឋមន្រ្ដី ទ្រូដូ បានស្វាគមន៍ ចំពោះសេចក្ដីរាយការណ៍នេះ ប៉ុន្ដែគណបក្សប្រឆាំងជាច្រើន បានបន្ដជំរុញឲ្យមានការស៊ើបអង្កេត ជាសាធារណៈ។

រដ្ឋាភិបាលអូតតាវ៉ា កាលពីខែមីនា ឆ្នាំ២០២៣ បានតែងតែលោក ដាវីដ ចនស្ដុន (David) Johnston) អតីតអគ្គទេសាភិបាលកាណាដា ជាអ្នករាយការណ៍ពិសេស ដើម្បីស៊ើបអង្កេត លើការផ្សព្វផ្សាយរបស់បណ្ដាញផ្សព្វផ្សាយ ជុំវិញរបាយការណ៍ចារកម្មជាច្រើន ចំពោះការជ្រៀតជ្រែករបស់ចិន។ លោក ចនស្តុន ក៏ត្រូវបានប្រគល់ភារកិច្ច ឱ្យផ្តល់ប្រឹក្សា ថាតើត្រូវធ្វើការសាកសួរជាសាធារណៈផ្លូវការ ឬ យ៉ាងណា?
អ្នករាយការណ៍ពិសេសរូបនេះ បានបញ្ជាក់ នៅក្នុងរបាយការណ៍ មានកម្រាស់៥៥ទំព័រ ថា «ខ្ញុំមិនបានរកឃើញករណីរបស់រដ្ឋាភិបាល មិនអើពើនឹងការស៊ើបការណ៍សម្ងាត់ មិនយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន ឬ អនុសាសន៍ ស្តីអំពីការជ្រៀតជ្រែក មកពីបរទេស ឬ ការសម្រេចចិត្តណាមួយ ដោយផ្អែកលើការពិចារណារបស់បក្ខពួក នៅក្នុងការដោះស្រាយបញ្ហាទាំងនេះទេ»។

ដោយឡែក ក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាង ជុំវិញការជ្រៀតជ្រែកណាមួយរបស់ខ្លួន មកលើប្រទេសកាណាដា។ ស្ថានទូតចិន ប្រចាំនៅក្នុងរាជធានីអូតាវ៉ា កាលពីថ្ងៃអង្គារ បានបដិសេធជាថ្មីម្ដងទៀត ចំពោះការចោទប្រកាន់ អំពីការជ្រៀតជ្រែកនេះ ហើយអ្នកនាំពាក្យ បានបញ្ជាក់ ថា ការលេចធ្លាយព័ត៌មាននេះ អាចគ្រាន់តែជាផ្នែកមួយ នៃយុទ្ធនាការ «លាបពណ៌ប្រឆាំងនឹងចិន» តែប៉ុណ្ណោះ។
លោក ដាវីដ ចនស្ដុន មានសិទ្ធិចូលផ្ដល់អនុស្សរណៈដែលបានចាត់ថ្នាក់ និង ធ្វើបទសម្ភាសន៍ជាមួយនាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកគណៈរដ្ឋមន្ត្រី និង ក្រុមមន្ត្រីស៊ើបការណ៍កំពូលផ្សេងៗទៀត។ គាត់បានរកឃើញ ថា ការលេចធ្លាយព័ត៌មានជាច្រើន ផ្អែកលើ«ការស៊ើបការណ៍សម្ងាត់ មានកម្រិត និង ដោយផ្នែក» ឬសូម្បីតែព័ត៌មានមិនពិត។

អ្នករាយការណ៍ពិសេសរូបនេះ បានសង្កត់ធ្ងន់ ថា «បើទោះជាយ៉ាងណាក៏ដោយ វាមានការខ្វះខាតផ្នែកអភិបាលកិច្ចយ៉ាងសំខាន់ នៅក្នុងវិធីសាស្រ្ដស៊ើបការណ៍សម្ងាត់ ត្រូវបានទាក់ទង ពីភ្នាក់ងារសន្តិសុខ ទៅកាន់នាយកដ្ឋាននានារបស់រដ្ឋាភិបាលផ្សេងៗទៀត»។
លោកនាយករដ្ឋមន្រ្ដី ទ្រូដូ កំពុងតែរងសម្ពាធ មកពីគណបក្សប្រឆាំង នៅក្នុងសភា ដើម្បីជំរុញឱ្យបើកការស៊ើបអង្កេត ជាសាធារណៈ លើការជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតរបស់បរទេស។ ប៉ុន្តែនៅពេលលោក ចនស្ដុន បានផ្តល់អនុសាសន៍ ប្រឆាំងនឹងអ្នកណាម្នាក់ នៅក្នុងរបាយការណ៍ កាលពីថ្ងៃអង្គារ ទើបលោក ទ្រូដូ បាននិយាយ ថា គាត់នឹងធ្វើតាមដំបូន្មានរបស់លោក ចនស្ដុន។
លោក ចេគមីត សិង្ហ (Jagmeet Singh) មេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មី បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «យើងនៅតែតាំងចិត្ត ថា ការស៊ើបអង្កេត ជាសាធារណៈ ក្លាយជាការចាំបាច់ សម្រាប់ការស្ដារទំនុកចិត្ត នៅក្នុងប្រព័ន្ធបោះឆ្នោតរបស់យើង»។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ទ្រូដូ កាលពីដើមខែឧសភា បានបណ្តេញមន្ត្រីទូតចិនម្នាក់ ក្រោយការលេចឮ ថា គាត់ កំពុងតែស្វះស្វែងរកព័ត៌មាន អំពីគ្រួសាររបស់សមាជិកសភា មកពីគណបក្សអភិរក្សនិយម គឺលោក មីឆែល ចុង (Michael Chong)។ បញ្ហានេះ ក៏បាននាំឱ្យមានការបណ្តេញអ្នកការទូតកាណាដាម្នាក់ ចេញពីប្រទេសចិន ផងដែរ។
ជំនួសឱ្យការសាកសួរជាសាធារណៈជាថ្មីនោះ លោក ចនស្ដុន បានអះអាង ថា គាត់នឹងចំណាយពេល៥ខែបន្ទាប់ទៀត ដើម្បីបើកសវនាការ ជាសាធារណៈលើបញ្ហានេះ ព្រោះថា រដ្ឋាភិបាលបរទេស ពិតជាកំពុងតែព្យាយាម បង្កើនឥទ្ធិពល មកលើបេក្ខជន និង អ្នកបោះឆ្នោត នៅក្នុងប្រទេសកាណាដា៕ រក្សាសិទ្ធដោយ ៖ សារាយSN













