នេះជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត និងមិនអាចទទួលយកបានឡើយ ចំពោះទង្វើរបស់ក្រុមស្លៀកឯកសណ្ឋានជាសមត្ថកិច្ចល្បាតពេលយប់មួយក្រុម ដោយមិនដឹងថា ជាសមត្ថកិច្ចត្រឹមត្រូវ ឬ ក្លែងបន្លំ បាន «ប្លន់ស្របច្បាប់» ធ្វើស៊ីយកម៉ូតូបុរសម្នាក់ទៅបាត់ស្រមោល និងថែមទាំងប្រើអំពើហិង្សាទៀតផង បន្ទាប់សង្ស័យគ្មានហេតុផលថា បុរសនោះទិញម៉ូតូចោរ បើទោះជាគាត់ប្រាប់ថា មានឯកសារម៉ូតូត្រឹមត្រូវយ៉ាងណាក៏ដោយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងអំឡុងជាង ១០ យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចទីតាំងទូរ ATM ធនាគារ ABA មួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះ បានរៀងរាប់ទាំងការឈឺចាប់ខ្លាំងថា ដំបូងឡើយ គាត់ចូលទៅដកលុយនៅទូរធនាគារ ABA ហើយបន្ទាប់ចេញមក ក៏ឃើញក្រុមសមត្ថកិច្ចជិះកាត់ គាត់ក៏សុំលេខទូរស័ព្ទដើម្បីទាក់ទង ព្រោះធ្លាប់ចូលហាងម៉ាស្សាត្រូវគេលួចទូរស័ព្ទអស់ម្តង និងម្យ៉ាងទៀត ខ្លាចដើរយប់ព្រលប់មានបញ្ហាអ្វីកើតឡើង។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីសំពះអរគុណរួច ស្រាប់តែពួកសមត្ថកិច្ចទាំងនោះបែរជាចោទប្រកាន់ថា រូបគាត់ជាចោរទៅវិញ។
បុរសរងគ្រោះ បានបន្តទាំងស្រក់ទឹកភ្នែកថា ក្រុមសមត្ថកិច្ចឈុតខ្មៅទាំងនោះ ដែលមានគ្នីគ្នាប្រមាណ ១០ នាក់ បានចោទថាគាត់ទិញម៉ូតូចោរ ហើយនៅពេលគាត់ខ្លាចក្រុមស្លៀកឯកសណ្ឋានទាំងនោះ ធ្វើស៊ី [ញ៉ុក] គ្រឿងញៀនក្នុងម៉ូតូ គាត់ក៏យកទូរស័ព្ទថត ដើម្បីបង្ហាញភាពស្អាតស្អំក់ថា ក្នុងកែបម៉ូតូគ្មានគ្រឿងញៀន និងសុំថតមុខមាត់ប៉ូលិសជាភស្តុតាង ស្រាប់តែប៉ូលិសទាំងនោះ មិនឲ្យថត និងប្រើហឹង្សាវាយមកលើគាត់យ៉ាងចាស់ដៃ រួច «ប្លន់» យកម៉ូតូទៅបាត់ស្រមោលតែម្តង ដោយប្រាប់ថា យកទៅខណ្ឌមានជ័យ។
សូមបញ្ជាក់ថា បុរសរងគ្រោះនោះ ក៏បានបង្ហាញកាត់គ្រីម៉ូតូ និងឯកសារទិញលក់ម៉ូតូត្រឹមត្រូវ ទៅដល់អ្នកសារព័ត៌មាន ឲ្យបានឃើញជាភស្តុតាងទៀតផង។
ជាមួយនឹងទង្វើដ៏គួរឲ្យស្អប់បំផុតនេះ ជនរងគ្រោះ ក៏លើកដៃសំពះសំណូមពរទៅដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម ស ថេត ជួយអន្តរាគមន៍ដល់រូបគាត់ផង និងស្នើឲ្យមានចំណាត់វែកមុខក្រុមល្បាតទាំងនោះ មកដាក់ទោសទណ្ឌតាមនីតិវិធី ព្រោះថាក្រុមទាំងនោះអាចជាក្រុមបន្លំធ្វើស៊ីក៏ថាបាន ខណៈជនរងគ្រោះប្រាប់ថា កាមេរ៉ានៅទីតាំងនោះមានទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





