ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធរឿងរ៉ាវអតីតតារាសម្ដែង និងពិធីការិនី អ្នកនាង ចាន់ សុផានី ស្រាប់តែបានចេញមុខចោទប្រកាន់ថា អតីតស្វាមីរបស់ខ្លួន គឺតារាចម្រៀងលោក ហ្សូណូ ក្នុងរយៈពេល១០ឆ្នាំមកនេះ ពុំបានគ្មានទំនួលខុសត្រូវលើការចិញ្ចឹមកូនស្រី ដែលជាតំណក់ឈាមរួចគ្នានោះឡើយ។
ក្រោយពីបានលឺបែបនេះ មហាជនជាច្រើន បានសម្តែងក្តីអាណិតអាសូរដល់អ្នកនាង សុផានី ជាខ្លាំង និងព្រមទាំងរិះគន់វាយប្រហារ ទៅអតីតស្វាមីលោក ហ្សូណូ យ៉ាងចាស់ៗដៃ។ ទោះជាយ៉ាងណា ដោយអត់ទ្រាំលែងបាន តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មហង្សមាសរូបនេះ ដែលមានឈ្មោះពិត កែ សុវណ្ណារ៉េត ហៅហ្សូណូ ក៏បានចេញមុខប្រតិកម្មតបទៅអ្នកនាង ចាន់ សុផានី កុំឲ្យមុសាពេក ដោយលោកនិយាយថា បានព្យាយាមរក្សារភាពស្ងៀមស្ងាត់ ព្រោះតែលោកអាណិត ខ្លាចប៉ះពាល់ដល់អារម្មណ៍កូនស្រីនៅក្មេង អត់ចង់ឲ្យមានរឿងកើតឡើងនោះទេ។ ប៉ុន្ដែលោកថា អត់យល់ព្រោះរឿងនេះនៅតែកើតឡើងមកទៀត អីចឹងលោកសួរថាតើមូលហេតុអ្វីទៅ?។
លោក ហ្សូណូ បន្តថា មិនចង់តបតទៅអតីតភរិយានោះទេ តែលោកនឹងតតបទៅតាមផ្លូវច្បាប់ដែលលោកនឹងធ្វើឲ្យចប់តែម្ដង ព្រោះជាង១០ឆ្នាំមកហើយ តែងតែដដែលៗ ឲ្យប៉ុន្មានក៍មិនគ្រប់ គិតយ៉ាងម៉េច?។ ដើម្បីបញ្ជាក់នឹងពាក្យ «ឲ្យមិនចេះគ្រប់» នេះ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ហ្សូណូ ក៍បានបង្ហោះជាសាធារណៈនូវចំណាត់ការរបស់មេធាវីលោក និងបង្ហាញពីចំនួនទឹកប្រាក់ជាច្រើន ដែលលោកបានបាញ់ទៅអ្នកនាង សុផានី តាមកុងធនាគារ ABA ផងដែរ ដែលគិតត្រឹមរយៈពេល២ឆ្នាំ ចុងក្រោយនេះ។
តែទន្ទឹមនឹងឪពុករបស់ខ្លួន ត្រៀមប្តឹងម្តាយ កូនស្រីរបស់អ្នកទាំងពីរ ក៏បានចេញមុខផ្តល់បទសម្ភាសន៍ ទទួលស្គាល់ថា ឪពុករបស់នាង លោក ហ្សូណូ ពិតជាបានជួយមែនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែ កូនស្រីដែលមានឈ្មោះថា ផ្កា អាយុជាង ១០ ឆ្នាំ បានបដិសេធថា រាល់អ្វីដែលឪពុក (លោក ហ្សូណូ) ថាបានឲ្យ [គេ] យកលុយមកឲ្យម្តាយចិញ្ចឹមរូបនាងជាកូន កាលពី១០ឆ្នាំមុន គឺមិនមែនជាការពិតនោះទេ ព្រោះនាង និងម្តាយពិតជាលំបាកវេទនាខ្លាំង គឺនាងបានដឹងច្បាស់ណាស់។
កូនស្រីផ្កា ក៏បានអះអាងទៀតថា តាំងពីកើតមក នាងបានជួបមុខឪពុកដោយចៃដន្យ នៅសៀមរាប តែម្តងគត់ និងក៏បានភ្ជាប់ទំនាក់ទំនងរវាងកូនស្រី និងឪពុក (ហ្សូណូ) តាមរយៈបណ្តាញសង្គមតាំងពីពេលនោះមក។ ទោះជាយ៉ាងណា កូនស្រីផ្កា ក៏បាននិយាយជាការពិតថា ពេលខ្លះ រូបនាងពិតជាមានការតូចចិត្តខ្លួនឯងខ្លាំងដែរ នៅពេលឆាតដើម្បីសួរសុខ បែរជាឪពុកតបមកវិញថា «ឆាតមកហ្នឹងសុំលុយមែន!?» ជាពិសេស នៅពេលខលទៅចង់ប្រាប់ពីដំណឹងល្អថា កូនទទួលបានមេដាយ និងព្រមទាំងចង់ប្រាប់ថា កូនស្រីម្នាក់នេះ នឹងត្រៀមទៅប្រឡងបន្តនៅក្រៅប្រទេស ត្រូវការជំនួយទំនុកបម្រុង ប៉ុន្តែ បែរជាឪពុកព្យាយាមចុចបិទ មិនឆ្លើយតបទៅវិញ។ ហេតុនេះ ទើបម្តាយរបស់នាង អ្នកនាង សុផានី ដែលមានការតូចចិត្តខ្លាំង ក៏សម្រេចទម្លាយរឿងនេះតែម្តងទៅ។
បើតាមការបង្ហោះភ្ជាប់ជាមួយលិខិតការពារក្តីចំនួន ៣ ទំព័រ និងបង្ហាញចំនួនទឹកប្រាក់ដែលបានបាញ់ផ្ញើឲ្យកូនស្រី ក្នុងរយៈពេល២ឆ្នាំចុងក្រោយ លោក ហ្សូណូ ក៏បានភ្ជាប់សារថា៖ «ទំនួលខុសត្រូវលើកូនខ្ញុំនៅតែមាន ហើយក៏តែងតែមាន នេះជាលិខិតបំភ្លឺទៅសាធារណៈជនដែលបានយល់ច្រឡំ»។ តែទោះជាយ៉ាងណា សម្រាប់តម្រូវការរបស់កូនស្រី ចេញទៅប្រឡងនៅក្រៅប្រទេសនេះ មិនដឹងថា លោក ហ្សូណូ អាចបំពេញបានឬយ៉ាងណានោះទេ? ខណៈរឿងបានផ្ទុះឡើងមិនអាចពន្លត់បាន។
ទាក់ទងរឿងនេះ អ្នកនាង សុផានី ក៏បានសារភាពថា ដោយសារតែមួយរយៈចុងក្រោយនេះ ការរកស៊ីរបស់នាងបានធ្លាក់ចុះ ទើបនាងសុខចិត្តឲ្យកូនស្រីសុំឪពុក ព្រោះតែនាងចង់ឲ្យកូនស្រីបានរៀនបន្ត មានអនាគតល្អ។
ដោយឡែក ក្រោយពីបានឮអតីតស្វាមី ចេញមុខនិយាយថា ជាង១០ឆ្នាំ មកនេះ «ឲ្យមិនចេះគ្រប់» អ្នកនាង សុផានី ក៏បានប្រតិកម្មតបទាំងហួសចិត្តថា «សម្តីមុសាខ្ញុំ យកល្អខ្លួនឯងមកបោកមហាជនថា អោយប៉ុន្មានក៍មិនគ្រប់ថោកទាបបំផុតប្រៀបមិនបាននិងសត្វតិរិច្ឆាន បើអភិនិហាមានពិតសូមវត្ថុស័កសិទ្ធក្នុងលោក ប្រទានពរអោយនាងខ្ញុំបានឃើញទាន់ហន់នូវការនិយាយមួរបង្កាច់មួយនេះ សាធុសាធុសាធុ សម្តីសជាតិមាយាទសពូជ ខ្ញុំរង់ចាំអ្នកឯងជួយដប់ឆ្នាំមកហើយ អោយខ្ញុំនៅពេលណា សូមបង្ហាញការពិតមកថា អ្នកឯងអោយមិនចេះគ្រប់មកជាងដប់ឆ្នាំនេះ អ្នកឯងខ្លាំងចេញមកស្បថមុខឡាយជាសាធារណះមកថា អ្នកឯងបានជួយដោយមិនចេះគ្រប់ ភាសាររបស់អ្នកឯងចោទមកខ្ញុំសំរាប់តែអ្នកមិនដឹងតែប៉ុណ្ណោះ ហើយបង្ហាញភស្តុតាងជាងដប់ឆ្នាំហ្នឹងមកថាអ្នកឯងបានជួយ។ ខ្ញុំរងភាពអយុត្តិធម៍ពីអ្នកឯងនិងគ្រួសារមកជិតម្ភៃឆ្នាំហើយ មិនយូរមិនឆាប់ទេអ្នកឯងនឹងទាន់ហន់វិនាសខ្ចាត់ខ្ចាយដូចដែលអ្នកឯងធ្វើមកលើខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















