ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ពីករណីស្រ្តីម្នាក់បានបាត់បង់ជីវិត បន្ទាប់ចូលវះកាត់កែសម្ផស្សយក «ខ្លាញ់ក្បាលពោះ» ចេញ នៅគ្លីនិកបូរិន្ទ កោះពេជ្រ កាលពីថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ បើទោះជាគ្លីនិកនេះបានដឹងថា អ្នកជំងឺខ្សោយ ហើយឈាមមិនគ្រប់ក៏ដោយ។
នេះបើតាមបងស្រីជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pisey Tun បានរៀបរាប់ឲ្យបងប្អូនក្នុងបណ្តាញសង្គមបានដឹងទាំងឈឺចាប់ថា «ខ្ញុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ញុំណាស់ មន្ទីរពេទ្យ កែសម្ភសគ្លីនិចបូរិន នៅកៅះពេជ្រ បានធ្វើការវះកាត់កែសម្ផស្សប្អូនខ្ញុំ ធ្វើអោយស្លាប់ សូមក្រសួងសុខាភិបាល មេត្តាពិនិត្យលើរឿងនេះផង គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ ឬគាត់ចង់បានលុយ ផេករបស់គាត់បាន Block ឆែកមិនឃើញ ក្រោយកើតហេតុ សូមបងប្អូនដែលស្រលាញ់គាត់ជួយស៊ែរផង»។
ដោយឡែក ក្រឡេកមកមើលសំណេររបស់បុរសជាប្តីវិញ បានរៀបរាប់សោកស្តាយប្រពន្ធជាទីស្រលាញ់ថា៖ «វាមិនមែនជាសុបិន្តទៀតទេ យើងបានកាន់ដៃគ្នារយះពេល10ឆ្នាំហើយ តាំងពីបាតដៃទទេរ រហូតដល់មានអ្វីៗគ្រប់យ៉ាងដូចពេលនេះ តែបែរជាអូនត្រូវចាកចេញដោយគ្មានថ្ងៃត្រលប់ អូនជាមនុស្សស្រីដែលល្អស្អាតឥតខ្ចោះ ទាំងចរិកឬកពា ក្តីស្រលាញ់ដល់ ឪពុកម្តាយ អុំ ពូ មីង យាយតា បងប្អូន កូន ក្មួយ សាច់ញាតិ មិត្តភក្តិ ពិភពលោកនេះពិតជាអយុត្តិធម៌ពេកហើយសម្រាប់ពួកខ្ញុំ មិនដែលគិតពិភពលោកក្នុងផ្លូវអាក្រក់ឡើយតែបែរជាពង្រាត់ពួកខ្ញុំដោយគ្មានអាសូរ គ្រាន់តែពួកយើងចង់បានការជួបជុំគ្នា រួមរស់នៅជាមួយគ្នារហូតដល់ចាស់ក៏មិនបាន»។
បុរសជាប្តីបានបន្តទាំងរំជួលចិត្តថា «បើអាចប្តូរបានខ្ញុំសុំប្តូរពីអ្វីៗបច្ចុប្បន្ន ទៅកាលពីដប់ឆ្នាំមុនទោះគ្មានអ្វីគ្រប់យ៉ាងដូចពេលនេះតែមានក្តីសុខបំផុត គ្មានអូន តើបងត្រូវគិតជាមួយអ្នកណា បងត្រូវសួរយោបល់អ្នកណា បានអ្នកណាជួយណែនាំបង បានអ្នកណាផ្តល់កម្លាំងចិត្តដល់បង អ្នកណាសន្សំលុយទុក្ខអោយបងខ្ចី អ្នកណាកោសខ្យល់អោយបង ហេតុអ្វី (អាចរួមទុក្ខបានតែមិនអាចរួមសុខបាន ) អូនគឺជាមនុស្សស្រីដែលបងស្រលាញ់ នឹងនឹកនាអស់មួយជីវិត អ្វីៗគ្រប់យ៉ាងដែលបងមាននៅថ្ងៃនេះគឺដោយសាមានអូន ម៉ោងរោរ៍របស់បងអើយ………..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង