Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន១,៣២៦រោងចក្រ ជាមួយកម្លាំងពលកម្មជាង៨៤ម៉ឺននាក់ នៅទូទាំងប្រទេស

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន១,៣២៦រោងចក្រ ជាមួយកម្លាំងពលកម្មជាង៨៤ម៉ឺននាក់ នៅទូទាំងប្រទេស។

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង៦៤ រោងចក្រប៉ុណ្ណោះ ហើយមានកម្មករ តែ៨ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។

បច្ចុប្បន្នប្រទេសយើងមានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសរុបក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងនៃវិស័យឧស្សាហកម្មសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោម២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។

សម្តេចតេជោបានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥឡូវនេះសរុបទូទាំងប្រទេសផ្នែកវិស័យកាត់ដេរ យើងមានរោងចក្រកើនទៅដល់១,៣២៦រោងចក្រ ជាមួយកម្មករ កម្មការិនី ៨៤ម៉ឺននាក់។ សរុបនៅក្នុងឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន១៧,០០០ និងកម្លាំងពលកម្មសរុប១លាន៥សែននាក់ នេះជាចំនួននៃការកើនឡើងសម្រាប់ប្រទេសរបស់យើង។ ការកើនឡើង នៃវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារកត្តាសន្ដិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាមាន ហើយផ្ដល់ឱកាសក្នុងការទាក់ទាញវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេសមកផលិតនៅក្នុងប្រទេសកម្ពុជា ហើយបម្រើឲ្យការនាំចេញ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ការនាំចេញរបស់កម្ពុជាកាលពីពេលមុន មានទំហំតូច ប៉ុន្ដែបច្ចុប្បន្ននេះទំហំនៃការនាំចេញរបស់កម្ពុជាកាន់តែច្រើន ហើយចំនួននេះកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សម្ដេចគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា មិនមែនពឹងពាក់តែទីផ្សារប្រទេសមួយនោះទេ ពោលប្រទេសទាំងអស់សុទ្ធតែជាទីផ្សាររបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×