វីដេអូឃ្លីបដំបូង បានលេចឡើងកាលពីថ្ងៃពុធ (១១ កក្កដា) ដោយបង្ហាញឲ្យឃើញពីស្ថានភាពរបស់ក្រុមបាល់ទាត់វ័យៗក្មេងថៃ «Wild Boars» នៅក្នុងមន្ទីរពេទ្យឈៀងរ៉ៃ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីរូងភ្នំ Tham Luang នៅភាគខាងជើងនៃប្រទេសថៃ ក្នុងប្រតិបត្តិការជម្លៀស «៣ថ្ងៃ» ដែលបានបញ្ចប់ដោយជោគជ័យ នៅត្រឹមល្ងាចថ្ងៃអង្គារ (១០ កក្កដា) ។
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ពួកគេទាំងអស់គ្នាមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ពួកគេអង្គុយធម្មតានៅលើគ្រែមន្ទីរពេទ្យ ដោយពាក់អាវបំពង់ដៃវែងពណ៌ស និងម៉ាស់មុខ និងសូម្បីបង្ហាញសញ្ញា «សន្តិភាព» ។
ពួកគេមិនមើលទៅគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ទោះបីជាពួកគេបានជួបបទពិសោធន៍ដ៏លំបាកបំផុតក្នុង១ជីវិតរបស់ពួកគេ នៅក្នុងរូងភ្នំដ៏ងងឹតឈ្លប់នោះអស់រយៈពេល ១៨ ថ្ងៃ ក៏ដោយ ។
គួរបញ្ជាក់ថា អតីតកងទ័ពជើងទឹកថៃ SEAL ម្នាក់ បានពលីជីវិតគួរឲ្យអាសូរ ខណៈពេលជួយតម្លើងធុងអុកស៊ីហ្សែន នៅក្នុងប្រតិបត្តិការជម្លៀសពួកគេទាំង១៣នាក់ ចេញពីក្នុងរូងលិចទឹកនេះ ។
ក្រោយមក ក្រុម SEALs ថៃ បានផុសឃ្លីបពីការជួយសង្គ្រោះយ៉ាងប្រុងប្រយ័ត្ន ដែលត្រូវបានអនុវត្តនៅក្នុងដំណាក់កាល ៣ លើក និងបញ្ចប់នៅត្រឹមថ្ងៃអង្គារ៍ (១០ កក្កដា) ។
ក្រុមអ្នកជំនាញបានព្រមានអំពីដំណើរតក់ស្លុតយូរ សម្រាប់បិទពិសោធន៍របស់ពួកគេ នៅក្នុងរូង Tham Luang ប៉ុន្តែ មន្ត្រីសុខាភិបាលបានបញ្ចេញព័ត៌មានវិជ្ជមានអំពីស្ថានភាពរបស់ពួកគេ ដោយនិយាយថា ពួកគេកំពុងញ៉ាំអាហារតាមធម្មតា និងសូម្បីស្នើសុំសូកូឡាទៀតផង ៕ ឧត្តម