Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ស្រែក​ដង្ហើយ​រក​យុត្តិធម៌ ខណៈ​ជនសង្ស័យ​​ម្នាក់​ត្រូវបាន​ដោះលែង​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​កាប់សម្លាប់​មនុស្ស នៅ​ស្រុក​កោះធំ​

spot_img

​ខេត្ត​កណ្តាល​ ៖ ​ជនរងគ្រោះ ដែល​ត្រូវ​ក្រុម​ជនដៃដល់​កា​ប្រ់ហារ​បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​កាលពី​អំឡុង ខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅ​នេះ​ត្រូវបាន​តុលាការ ខេត្ត​កណ្តាល​ដោះលែង​អោយ​រួច​ខ្លូន​ហើយ ។​ភាពមិនប្រក្រតី​នេះ​បាន​ធ្វើអោយ​ស្ត្រី​ឈ្មោះ គីម ស្រ៊ី​ម ត្រូវ​​ជា​ម្តាយ បាន​ស្រែក​ដង្ហើយ​សុំឱ្យ​សម្តេច​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ជូន​កូន​គាត់ ។​

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវបាន​ដោះលែង​នេះ​មានឈ្មោះ បេង តាំង​អេង ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែកស្តី ស្រុក​កោះធំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ ។​

ស្ត្រី​ឈ្មោះ គីម ស្រ៊ី​ម បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា កូន​របស់​គាត់​ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ​២០ ឆ្នាំ ត្រូវបាន​ក្រុមក្មេង ស្ទាវ​តាម​កាប់​ប្រហារ​បណ្តាលឲ្យ​ស្លាប់ រហូតមកដល់​ពេលនេះ តុលាការ​មិន​ទាន់​រក​យុត្តិធម៌​បាន​នៅឡើយ​ទេ ឥឡូវ​បែរជា​ដោះលែង​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៦ ដែល​សមត្ថកិច្ច​ប៉ូលីស​បាន​ចាប់​បញ្ជូន​ទៅ​តុលាការខេត្ត​កណ្តាល​កាលពី​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។​

Advertisements

ដោយឡែក ពាក់ព័ន្ធ​នឹង​ករណី​តុលាការ​ដោះលែង​ជនសង្ស័យ​នេះដែរ ស្ត្រី​ម្នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បាន​អះអាង​ថា គាត់​ជា​ជនរងគ្រោះ ដោយសារ​ក្រុមចោរ​លួច​គាស់​ផ្ទះ​យក​អស់​ទ្រព្យសម្បត្តិ​ជាច្រើន ខណៈ​ដែល​គាត់ និង​ក្រុមគ្រួសារ​នាំគ្នា​ទៅ​សែន​ផ្នូរ​កុងម៉ា​ដែល​បាន​ចែក​ឋាន​ទៅ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ​កន្លងទៅ ហើយ​សមត្ថកិច្ច​ប៉ូលីស​បាន​ចាប់​ក្រុម​ចោរ​នោះ​បញ្ជូន​ទៅ​តុលាការ មិនទាន់​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​តុលាការ​ខេត្ត​កណ្តាល​ដោះលែង​ក្រុម​ចោរ​នោះ​ឲ្យ នៅ​ក្រៅ​ឃុំ ។ ការដោះលែង​ក្រុមចោរ​នេះ បាន​ធ្វើឲ្យ​ក្រុម​គ្រួសារ​គាត់​មាន​ការព្រួ​យ​បារម្ភ​ជា​ខ្លាំង ។ រី​ឯ​រឿង​តុលាការ​បាន​ដោះលែង​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខាងលើ ក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ​ម្នាក់ ក៏​មាន​ការឈឺចាប់​ផងដែរ បើទោះបី​គាត់​មិនមែន​ជា​សាច់ញាតិ​ជនរងគ្រោះ​ក៏​ដោយ ។​

គួរបញ្ជាក់​ថា អំពើ​ឃាតកម្ម​កាប់​ប្រហារ​ទៅលើ​យុវជន​ម្នាក់​បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃទី ១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ជន រងគ្រោះ​មានឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កម្មករ​បើក​ម៉ូតូ​លក់​ទឹកកក ។​

ក្រោយពី​មាន​អំពើ​ឃាតកម្ម​កើតឡើង កម្លាំង​នគរបាល​ស្រុក​កោះធំ បាន​បើ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុក ដាក់ ឈាន​ដល់​ការចាប់ខ្លួន​ក្រុម​ជនដៃដល់​៦​នាក់ ខណៈ​ដែល​អ្នកចូលរួម​៣​នាក់​ទៀត បាន​រត់គេចខ្លួន​បាត់ ។​

ក្រុម​ជនដៃដល់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ គាត សំណាង ហៅ​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ រត់​តុ​ការ ជា​ឃាតក​ដៃដល់​, ទី​២-​ឈ្មោះ ហោ សោភ័ណ្ឌ​(​ហៅ​ឡុង​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ រត់​តុ​ការ ជា​អ្នកចូលរួម​, ទី​៣-​ឈ្មោះ ឌី ឌឿ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ មិន​ពិតប្រាកដ​, ទី​៤-​ឈ្មោះ បេង តាំង​អេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះ ធំ ខេត្ត​កណ្ដាល មុខរបរ កាប់​ជ្រូក​លក់​, ទី​៥-​ឈ្មោះ វ៉ាន់ សំណាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ និង​ទី​៦-​ឈ្មោះ យឹម ឌី​ណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ ។ រីឯ​បក្ខពួក​គេ​៣​នាក់​ទៀត​ជា​អ្នកចូលរួម​បាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​រួចរាល់​ហើយ​គឺ​ទី​១-​ឈ្មោះ ឈ្មោះ សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល​, ទី​២-​ឈ្មោះ ជ្រុយ វុទ្ធា​(​ហៅ​ធា​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ និង​ទី​៣-​ឈ្មោះ មាន លាង​ហ៊ី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ ។ ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនដៃដល់ សមត្ថកិច្ច​ដក ហូត​បា​ន ម៉ូតូ ០២​គ្រឿង ម៉ាក Honda SL ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ០១​គ្រឿង និង​ម៉ាក​Suzuki Nex ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1U-5738 ០១​គ្រឿង​, ដាវ ០២​ដើម កាំបិត​ចំនួន ០២​ដើម និង​ទូរស័ព្ទ​ចល័ត ០៦​គ្រឿង ។​

អំពើ​ឃាតកម្ម​ខាងលើ បើ​តាម​ការអះអាង​ពី​សមត្ថកិច្ច គឺ​ផ្តើមចេញ​ពី​រឿង​គំនុំ ដែល​ជនរងគ្រោះ​ធ្លាប់​មាន​ទំនាស់​ពាក្យសម្ដី ជាមួយ​ក្រុម​ដែល​មាន​រហ័ស​នាម​ថា​៖ ខេ​ធី​អេស (KTS) ដែលជា ក្រុម (Group) របស់​ជនដៃដល់​ទាំង​៩​នាក់ ប្រើ​ក្នុង​បណ្តាញ​សង្គម ហ្វេ​សប៊ុក (Facebook) ។​

​តាម​ច​ម្លើយ​សារភាព​របស់​ជនដៃដល់ គាត សំណាង ហៅ​ឡេង បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​យក​ដាវ​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ ចេក ភាព ពិតប្រាកដ​មែន ដោយ​មុនពេល​កើតហេតុ​ខ្លួន​គេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Suzuki Let ប្រដាប់​ដោយ​ដាវ​១​ដើម ហើយ​ឱ្យ​ឈ្មោះ មាន លាង​ហ៊ី ជា​អ្នក​ឌុប ។ ចំណែក​បក្ខពួក​គេ​ផ្សេង​ទៀត​ដែល​មានឈ្មោះ ជ្រុយ វុទ្ធា ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម បិត​ស្កុត ខ្មៅ​ពុំ​ចាំ​ម៉ាក ឌុប​ឈ្មោះ យឹម ឌី​ណា មាន​ដាវ​០២​ដើម ,​ហើយ​ឈ្មោះ ហោ សោភ័ណ្ឌ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​និច ឌុប​ឈ្មោះ ជី សិលា មាន​ដាវ ០១​ដើម ។ ដោយ​ពួកគេ​ជួបជុំគ្នា និង​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​ទៅ​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​កោះ​ទៀវ ។

ពេលនោះ​ឈ្មោះ មាន លាង​ហ៊ី បាន​ឌុប​រូបគេ (​ជនដៃដល់​) ជិះ​ទៅ​មុន លុះដល់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ទីវ ស្ថិតក្នុង​ភូមិ​កោះទៀវ (ខ​) ឃុំ​សំពៅ​ពូន ក៏​ប្រទះ​ឃើញ​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​និច​បណ្តើ និយាយ​ទូរស័ព្ទ​បណ្តើ ជ្រួសផ្លូវ​គ្នា ។ ពេលនោះ​ពួកគេ​ក៏​បន្តដំណើរ​ទៅមុខទៀត រហូតដល់​ជិត​វត្ត​កោះទៀវ ក៏​ឃើញ​មាន​បក្ខពួក​របស់​ជន​រងគ្រោះ​ឈរ​នៅមុខ​ក្លោងទ្វា​វត្ត​កោះទៀវ ដោយ​មាន​កាន់​ពូថៅ និង​ដុំថ្ម ភ្លាមនោះ ឈ្មោះ មាន លាង​ហ៊ី ក៏​បាន​ឌុប​ខ្លួន (​ជនដៃដល់​) ជិះ​ត្រឡប់​បក​ក្រោយ​វិញ ហើយ​ខ្លួន​គេ​បាន​ដក​ដាវ​ពីក្រោម​គូទ​លើ កែបម៉ូតូ​មកកាន់ ដោយ​ជិះ​ម៉ូតូ​យ៉ាង​លឿន​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ឃើញ​ជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុង​ឈប់​ម៉ូតូ ឈរ​លើ​ម៉ូតូ​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​និយាយ ភ្លាមនោះ ឈ្មោះ មាន លាង​ហ៊ី ស្រែក​ថា​កាប់​ទៅ​គ្នា​វា​ហើយ រំពេច​នោះ ខ្លួន​គេ​បាន​យក​ដាវ​នោះ​កាប់​ទៅលើ​ឈ្មោះ ចេក ភាព ០១​ដាវ ត្រូវ​ចំ​ក រួច​ក៏​ជិះ​ម៉ូតូ​យ៉ាង​លឿន​គេច​ពី​កន្លែងកើតហេតុ ។ ក្រោយ​ជិះ​ម៉ូតូ​គេច​ពី​កន្លែងកើតហេតុ ខ្លួន​គេ​ក៏​ទូរស័ព្ទ​ប្រាប់​ឈ្មោះ យឹម ឌី​ណា ថា​ខ្លួន​បាន​កាប់​គេ (​ជនរងគ្រោះ​) បាន​ហើយ មិនដឹង​ស្លាប់ ឬ​រស់​ទេ រួច​បាន​បន្តដំណើរ​ទៅ​ជួបជុំ​គ្នា​ជាមួយ​បក្ខពួក​គេ នៅ​វត្ត​ជ្រោយ​តាកែវ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ហើយ​ខ្លួន​ក៏​និយាយ​ពី​រឿងហេតុ​កាប់​ឈ្មោះ ចេក ភាព ជាមួយ​និង​បក្ខពួក តើ​គួរ​ធ្វើយ៉ាងណា​បើ​កាប់​គេ​ហើយ​? បន្ទាប់មក​ពួកគេ ក៏​បាន​នាំគ្នា​យក​ដាវ​ដែល​កាប់ និង​ដាវ ០១​ទៀត ទៅ​ផ្ញើ​នៅ​និង​មិត្តភក្ដិ​ពួកគេ​ម្នាក់ទៀត​ឈ្មោះ វ៉ាន់ សំណាង ឲ្យ​យក​ទៅ​ទុក ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​ជនដៃដល់ គាត សំណាង បាន​ទទួលដំណឹង​ថា ជនរងគ្រោះ​ដែល​ខ្លួន​កាប់​ពី​យប់នោះ បាន​ស្លាប់បាត់​ហើយ រួច​ជនដៃដល់​រូបនេះ​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ វ៉ាន់ សំណាង ឲ្យ​យក​ដាវ​នោះ​ទៅ​បោះចោល​ទៅ ព្រោះ​ឈ្មោះ ចេក ភាព ដែល​ខ្លួន​កាប់​នោះ​ស្លាប់​បាត់​ហើយ ។​ ​រហូតដល់​​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​បក្ខពួក​ជ​ន​សង្ស័យ​ខាងលើ​ជា​បន្តបន្ទាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×