Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អៃឌៀប្លែកល្អ…រាំដូរយកមីសាច់មាន់! ហាងលក់មីល្បីឈ្មោះ បបួលបងៗអ្នកដឹកជញ្ជូន រាំដូរយកមីញ៉ាំ សប្បាយខ្លាំងរហូតអ្នកខ្លះភ្លេចអ័រឌើរ

កាលពីថ្ងៃទី២៧ឧសភា សមាជិក TikTok @ikpikpz ដែលជាហាងលក់មីសាច់មាន់ល្បីឈ្មោះ បានផូស្តឃ្លីបខន់ថេនមួយ ដែលអ្នកណាៗបានឃើញហើយ ត្រូវតែញញឹមតាមដែរ ដោយសារតែហាងបានបបួលបងៗអ្នក Delivery ឱ្យរាំក្បាច់ស្អាតៗគួរឱ្យស្រឡាញ់ ដើរចូលមកក្នុងហាង…បើមើលទៅឃើញថា រាំស្អាត ត្រូវចិត្ត នឹងបានទទួលមីសាច់មាន់ ១ចាន ហើយខាងហាងថែមទាំងបានសរសេរ Caption ទៀតផងថា “ថ្ងៃនេះ សប្បាយមែនទែន ជាពិសេស បងម្នាក់ក្រោយគេ រាំល្អដាច់គេ!…នាំមកជូនដោយ ហាងលក់មីសាច់មាន់ អេមីលី!”

នៅក្នុងឃ្លីប គេមើលឃើញថា ម្ចាស់ហាង បាននាំយកក្រដាស ១សន្លឹកមកបិទនៅលើកញ្ចក់ទ្វារហាង ប្រកាសថា “ជូនចំពោះបងៗអ្នកដឹកជញ្ជូន…រាំឱ្យស្អាតៗ ដើរចូលមកក្នុងហាង បើត្រូវចិត្តពួកយើង បងៗនឹងទទួលបានមីសាច់មាន់ ១ចាន Free!” ហើយបន្ទាប់មក ក្នុងឃ្លីបក៏បង្ហាញរូបភាពបងៗអ្នកដឹកជញ្ជូនម្ដងម្នាក់ៗ ដែលរាំ ដើរចូលមកក្នុងហាង ដោយម្នាក់ៗបានបង្ហាញពីក្បាច់រាំពិសេសៗរបស់ខ្លួនឯងយ៉ាងសប្បាយរីករាយ ដោយអ្នកខ្លះមករាងស្ងាត់ៗ តែអ្នកខ្លះមកបែបម៉ាអស់ដៃតែម្ដង។ ក្រៅពីនេះ ថែមទាំងមានអ្នកខ្លះ សប្បាយរហូតដល់ភ្លេចអ័រឌើរទៀតផង។

ក្រោយពីឃ្លីប ១នេះ ត្រូវបានផូស្តផ្សព្វផ្សាយចេញទៅ ក៏ស្រាប់តែមានអ្នកចូលមកបញ្ចេញយោបល់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងថែមទាំងកោតសរសើរខន់ថេននេះទៀតផង ព្រោះក្រៅពីបានជួយបន្ធូរបន្ថយក្ដីនឿយហត់ហើយ បងៗអ្នក Delivery យើង ថែមទាំងបានឆ្អែតពោះ និងមានមនុស្សជាច្រើន បានសួររកទីតាំងរបស់ហាងមីសាច់មាន់នោះទៀតផង៕

×