ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត : យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាសដោយសារប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមបែកបាក់ និងមានហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ក៏ប៉ុន្តែជាយុវជនជំនាន់គំរូប្រកបដោយលក្ខណៈសម្បត្តិ ៣ យ៉ាង

ភ្នំពេញ:ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីដែរឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថា ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាព ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង គឺកើតឡើងដោយសារការលះបង់ និងវីរភាពរបស់យុវជនជំនាន់មុន ហើយក៏ជាថ្នាក់ដឹកនាំបច្ចុប្បន្នផងដែរ។ យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាសដោយសារប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមបែកបាក់ និងមានហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ក៏ប៉ុន្តែជាយុវជនជំនាន់គំរូប្រកបដោយលក្ខណៈសម្បត្តិ ៣ យ៉ាង គឺ៖ ទី១. ក្តីសង្ឃឹម គឺមិនអង្គុយបន់ព្រះរង់ចាំសេចក្តីស្លាប់ពីរបបប៉ុលពតឡើយ, ទី២. មានការតស៊ូជម្នះរាល់ឧបសគ្គដើម្បីបុព្វហេតុជាតិ និងប្រជាជន និងទី៣. មានចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការរំដោះប្រទេសជាតិ, ស្តារកសាងជាតិ, ការពារជាតិ និងអភិវឌ្ឍជាតិ។

ឯកឧត្តមបណ្ឌិតបន្តថា ដូច្នេះក្នុងនាមជាយុវជនដែលកំពុងរស់ក្នុងសម័យតេជោសន្តិភាព, យើងទាំងអស់គ្នាចាំបាច់ត្រូវមើលគំរូវីរភាពរបស់យុវជនជំនាន់មុន ដោយផ្សារភ្ជាប់នឹងតថភាពបច្ចុប្បន្ន និងគោលដៅទៅអនាគត និងមិនភ្លេចសោះឡើយនូវអតីតកាលដ៏សែនជូរចត់វេទនាដោយសារ សង្គ្រាម និងជម្លោះបែកបាក់។ ក្នុងន័យនេះ, យើងទាំងអស់គ្នាចងចាំជានិច្ចនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន ហើយប្តេជ្ញាបន្តស្មារតី និងសកម្មភាពដ៏ពិសិដ្ឋនេះជារៀងដរាប។

ឯកឧត្តមបណ្ឌិតបន្តថា ក្នុងវិស័យធុរកិច្ច, វិស័យឯកជន រួមទាំងសហគ្រិនវ័យក្មេង គឺសរសៃឈាមនៃចរន្តសេដ្ឋកិច្ចជាតិ។ ពិតណាស់, កំណើនសេដ្ឋកិច្ចអាចមានឡើងចុះ ប៉ុន្តែអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខសន្តិភាព, ស្ថិរភាព និងសិទ្ធិសេរីភាព ដែលចាំបាច់ត្រូវថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កលក្ខណៈតាមរយៈការការពារនូវបរិស្ថានគ្រប់ដណ្តប់ដ៏ចាំបាច់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែកអនុវត្តតួនាទីរៀងខ្លួនៗ និងគាំទ្រដល់បុព្វហេតុរួមមួយនេះ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនយើង។

ជាមួយគ្នាដែរឯកឧត្តមបណ្ឌិតថ្លែងបន្តថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, សូមថ្លែងអំណរគុណដល់បងប្អូនសមាជិកសហគ្រិនវ័យក្មេងទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុឆន្ទៈ និងភ្ជាប់ជាមួយនឹងការអាណិត, ស្រលាញ់ និងជឿជាក់លើថ្នាក់ដឹកនាំ និងគណបក្ស ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមនេះ, ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព, យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន ពីព្រោះយើងបានដឹងហើយថា យុវជនជំនាន់តស៊ូ បានបង្កើតឱកាសគ្រប់យ៉ាងឱ្យយើងដូចថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងការពារសមិទ្ធផលទាំងកុំឱ្យបាត់បង់ ព្រមទាំងជំរុញសមិទ្ធផលវិជ្ជមានឱ្យច្រើនឡើងបន្ថែមទៀត។

ចុងបញ្ចប់ពិធីនេះដែរឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថ្លែងបញ្ជាក់ថា សមិទ្ធផលធំដែលគណបក្សប្រជាជនកម្ពុជាបានកសាងសម្រាប់ជាតិ និងប្រជាជន គឺការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាង ៥០០ឆ្នាំក្នុងដានប្រវត្តិសាស្ត្រ, ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នៅក្រោមរាជរដ្ឋាភិបាលតែមួយ និងរដ្ឋធម្មនុញ្ញ តាមរយៈ “នយោបាយឈ្នះ-ឈ្នះ” ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិដោយធានាបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រហូតជីវភាពប្រជាជនមានការរីកចម្រើនសម្បូរសប្បាយ ព្រមជាមួយនឹងទស្សនវិស័យក្នុងការក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម