ជាការពិតណាស់ ពេលទៅហាង ឬភោជនីយដ្ឋានប៊ូហ្វេ មនុស្សអាចញ៉ាំបានច្រើនតាមចិត្តចង់បាន។ ប៉ុន្តែសម្រាប់បុរសជនជាតិចិនម្នាក់នេះ បែរត្រូវបានភោជនីយដ្ឋានមួយ នៅក្នុងខេត្តហ៊ូណាន ប្រទេសចិន ហាមប្រាមមិនអោយទទួលទានអាហារនៅភោជនីយដ្ឋានរបស់ពួកគេទៀតឡើយ ព្រោះតែគាត់ញ៉ាំច្រើនហួសប្រមាណ។
យោងតាម BBC បុរសម្នាក់ឈ្មោះ Kang ត្រូវបានចុះក្នុងបញ្ជីខ្មៅដោយភោជនីយដ្ឋាន Handadi Seafood BBQ Buffett បន្ទាប់ពីអាហារជាបន្តបន្ទាប់ ត្រូវបាន «បោសសម្អាត» ដោយសមត្ថភាព «ក្រពះគ្មានបាត» ដ៏គួរឱ្យព្រួយបារម្ភរបស់គាត់។ ទោះជាយ៉ាងណា លោក កាំង បានចោទថា ភោជនីយដ្ឋានរើសអើងរូបគាត់ បន្ទាប់ពីគាត់បានបរិភោគអាហារចំនួន ៥.៥ គីឡូក្រាម អំឡុងពេលគាត់ចូលទៅញ៉ាំ។
លោក កាំង ត្រូវបានគេឲ្យដឹងថា បានបរិភោគជើងជ្រូក ១.៥ គីឡូក្រាម ក្នុងឱកាសដំបូង និងបង្កង ៤ គីឡូក្រាម ក្នុងឱកាសមួយទៀត។ គាត់និយាយថា គាត់មិនខ្ជះខ្ជាយអាហារទេ ហើយគាត់មិនគួរត្រូវបានហាមឃាត់ចំពោះសមត្ថភាពនៃការញ៉ាំដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នោះទេ។ ហេតុនេះ គាត់បានសួរថា «ខ្ញុំអាចញ៉ាំបានច្រើន តើវាជាកំហុសរបស់ខ្ញុំមែនទេ?»។
ទោះជាយ៉ាងណា ម្ចាស់ភោជនីយដ្ឋានបាននិយាយថា ការសម្រេចហាមឃាត់លោក កាំង ព្រោះថាទម្លាប់ញ៉ាំអាហារដែលមិនស៊ីចង្វាក់គ្នាបែបនេះ កំពុងធ្វើឲ្យពួកគេក្ស័យធន។ ម្ចាស់ផ្ទះក៏បានបញ្ជាក់ឲ្យដឹងថា គាត់បានបាត់លុយរាប់រយយន់ រាល់ពេលដែលបុរសម្នាក់ឈ្មោះ កាំង មកចូលញ៉ាំ។ ជាក់ស្តែង គ្រាន់តែទឹកសណ្តែក លោក កាំង អាចផឹកបាន ២០-៣០ ដប។ ជាមួយនឹងជើងជ្រូកគាត់បាន «លេបត្របាក់» ទាំងមូល។ ចំណែកបង្គាវិញ ជាធម្មតាមនុស្សនឹងយកត្រឹមចាន តែគាត់នឹងលើកយកទាំងថាសតែម្តង។
រឿងនេះ ឃើញថាទទួលបានការរិះគន់ចម្រុះពីអ្នកលេងអ៊ីនធឺណិត។ ក្នុងនោះ អ្នកខ្លះគិតថាភោជនីយដ្ឋានគួរឈប់ធ្វើអាជីវកម្មបែបប៊ូហ្វេនេះទៀតទៅ ប្រសិនបើមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់តម្រូវការអតិថិជន។ តែទន្ទឹមនឹងនេះ អ្នកខ្លះទៀត ក៏បានលើកឡើងថា បុរសរូបនេះកំពុងទាញយកប្រយោជន៍គ្មានគិត ពីការលើកទឹកចិត្តរបស់ភោជនីយដ្ឋានតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង