មានស្ត្រីម្នាក់បានចូលហូបគុយទាវនៅក្នុងហាងមួយ ពេលកំពុងញ៉ាំសុខៗ ក៏ស្រាប់តែងាកទៅឃើញស្ត្រីម្ចាស់ហាងគុយទាវ កំពុងលាងបំពង់បឺតជាច្រើននៅក្នុងចានដែក ក៏នឹកសង្ស័យថា តិចលោយកទៅដាក់ឱ្យភ្ញៀវប្រើវិញទេដឹង? នឹកឃើញហើយ លេបទឹកមាត់មិនចង់ចូល…
ក្លាយជារឿងរ៉ាវដែលអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ កំពុងនាំគ្នាជជែក និងរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម នៅពេលអ្នកលេង TikTok ម្នាក់ បានផូស្តឃ្លីបវីដេអូគួរឱ្យភ្ញាក់ផ្អើលមួយ “បានឃើញម្ចាស់ហាងគុយទាវ កំពុងលាងទុយោបឺត ធ្វើឱ្យនឹកសង្ស័យថា តិចលោលាងរួចហើយ យកទៅដាក់ឱ្យភ្ញៀវប្រើវិញទេដឹង?”

នៅក្នុងឃ្លីបវីដេអូនោះ បានបង្ហាញពីស្ត្រីអ្នកលក់អាហារម្នាក់កំពុងចាប់យកទុយោបឺត ឬបំពង់បឺត យ៉ាងច្រើនចេញពីកញ្ច្រែង ដាក់លាងនៅក្នុងចានដែក ដោយមិនមានការបញ្ជាក់ប្រាប់ថា បំពង់បឺតទាំងនោះ “ជាបំពង់បឺតថ្មី” ឬជា “បំពង់បឺតដែលប្រើរួចហើយ” ឡើយ។
ស្ត្រីអ្នកលក់អាហាររូបនោះ បានចាប់យកបំពង់បឺតពីកញ្ច្រែង ដាក់ចូលទៅក្នុងចានដែកដែលមានទឹក រួចហើយកញ្ជ្រោកលាងបំពង់បឺតទាំងនោះតែមួយភ្លែត រួចហើយក៏ប្រមូលយកមកដាក់ក្នុងកញ្ច្រែងវិញ។

នៅពេលឃ្លីបវីដេអូនោះ ត្រូវបានផ្សព្វផ្សាយចេញទៅ ក៏ក្លាយជាប្រធានបទក្ដៅក្នុងពេលតែ ១យប់ប៉ុណ្ណោះ ដោយមានអ្នកចូលទស្សនាជាង ៥,២លានដង មានអ្នកចុង Like និងបញ្ចេញយោបល់ជាច្រើន…អ្នកខ្លះដល់ថ្នាក់សំណូមពរឱ្យម្ចាស់ឃ្លីប ប្រាប់ពីទីតាំងរបស់ហាងគុយទាវនោះផង ព្រោះបារម្ភខ្លាច ហាងនោះយកបំពង់បឺតប្រើហើយនោះមកឱ្យភ្ញៀវប្រើម្ដងទៀត៕


