បណ្ដាញទំនាក់ទំនងសង្គមក្នុងកោះតៃវ៉ាន់ កំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញរូបភាពមួយនៅក្នុងរថយន្តក្រុងសាធារណៈ ដែលបង្ហាញពីអ្នកដំណើរម្នាក់ កំពុងយួរវត្ថុម្យ៉ាង ដែលមានលក្ខណៈដូចក្បាលមនុស្សនៅក្នុងដៃ ធ្វើឱ្យមនុស្សម្នាទាំងឡាយដែលបានឃើញ នាំគ្នាកើតក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់ៗគ្នា។
អ្នកលេងបណ្ដាញសង្គមម្នាក់ បានផូស្តរូបភាព ព្រមជាមួយសំណេរនៅក្នុងហ្វេសប៊ុក ដោយបានបញ្ជាក់ថា “ឃើញភ្លាម ភ័យឡើងចង់រាកនោម…” ដោយបង្ហាញឱ្យឃើញពីរូបភាពក្មេងស្រីជាកូនសិស្សម្នាក់ ស្លៀកឈុតកីឡាពណ៌ពងក្រសាចាស់ ឈរនៅក្នុងរថយន្តក្រុង ដោយដៃខាងស្ដាំកំពុងក្បាលមនុស្ស ដែលមើលទៅ ឃើញគួរឱ្យខ្លាចយ៉ាងពន់ពេក។

នៅពេលពិនិត្យមើលឱ្យបានច្បាស់ទៅ ទើបដឹងថា ក្បាលមនុស្សនោះ គឺជាក្បាលតុក្កតាមនុស្សស្រី ដែលសម្រាប់ហាត់រៀនធ្វើសក់ប៉ុណ្ណោះ…រឿងនេះបានធ្វើឱ្យម្ចាស់អ្នកផូស្តរូបភាពនោះ សឹងតែសើចមិនចេញ និងយំមិនរួច…ហើយតាំងពីរូបភាពនេះត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញមក ក៏បានទទួលការចាប់អារម្មណ៍៏យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានអ្នកចូលមកខំមិនត៍យ៉ាងច្រើន ដូចជា… “ម៉េចបានមិនទុកក្នុងកាបូបព្រះអ៊ើយ? គួរឱ្យខ្លាចណាស់!” , “សំណាងល្អណាស់ដែលពេលថ្ងៃ បើសិនពេលយប់វិញ ហើយមានថ្នាំពណ៌ក្រហមៗត្រង់បំពង់កផង ច្បាស់ជាលេចនោមច្រូចមិនខាន” , “ធ្លាប់មានអ្នកនៅបន្ទប់ជិតខ្ញុំ គេរៀនអ៊ុតសក់ ពេលគាត់កក់សក់ឱ្យក្បាលតុក្កតារួចហើយ គាត់យកមកដាក់ហាលនៅរានហាល ខ្ញុំចេញទៅឃើញ ភ័យចង់រាកនោម”៕




