អង្គការហ្គ្រេត (GRET) ធ្វើសកម្មភាពផ្នែកកសិកម្មសុខុមារភាព និងសហគមន៍កសិកម្មមួយចំនួននៅកម្ពុជា បានឱ្យដឹងថា ដំណើរការផ្នែកកសិកម្មនៅតាមមូលដ្ឋានមួយចំនួន ជាពិសេសក្នុងខេត្តសៀមរាប ឬអាចហៅថាដំណាំសរីរាង្គ ឬផលិតផលកសិកម្មសរីរាង្គ កំពុងលូតលាស់ល្អ និងធ្វើឱ្យការបរិភោគរបស់ប្រជាជនមានសុវត្ថិភាពលើបញ្ហាសុខភាព ហើយពួកគេអំពាវនាវដល់ប្រជាជនកម្ពុជា ចូរនាំគ្នាបរិភោគបន្លែសរីរាង្គ បន្លែសុវត្ថិភាព ដើម្បីគុណភាពនៃជីវិត។

ការលើកឡើងបែបនេះរបស់ អង្គការហ្គ្រេត (GRET) និងសហគមន៍កសិកម្មមួយចំនួននេះ ធ្វើឡើងក្នុងទស្សនកិច្ចរបស់សិស្សសាលាមួយក្រុម និងអតិថិជនគាំទ្របន្លែសរីរាង្គ ចុះទស្សនកិច្ចសិក្សាដល់មូលដ្ឋានដាំបន្លែសរីរាង្គផ្ទាល់តែម្ដង នៅសហគមន៍កសិកម្មដានរុនសាមគ្គី ស្ថិតក្នុងភូមិសន្ទៃ ឃុំដានរុន និងសហគមន៍កសិកម្មសុវត្តិភាពធម្មជាតិ ក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់របស់សិស្សានុសិស្ស រហូតដល់ប្រជាជន ឬអតិថិជន ឱ្យពួកគាត់បានឃើញថាផលិតផលបន្លែ ដែលដាក់លក់នៅផ្សារចុងសប្តាហ៍ និងផ្សារកសិករសៀមរាប គឺជាផលិតផសធម្មជាតិ ដែលនាំចេញពីសហគមន៍ទាំងអស់ ហើយបរិភោគមិនប៉ះពាល់ដល់សុខភាព និងពន្យល់យ៉ាងណា ឱ្យពួកគាត់ងាកមកប្រើប្រាស់បន្លែសុវត្ថិភាព ដើម្បីសុខភាព និងគុណភាពជីវិត។

លោក តាន់ តុលា បុគ្គលិកផ្នែកទីផ្សារនៃអង្គការហ្គ្រេត (GRET) បានឱ្យដឹងថា សព្វថ្ងៃនេះកំណើននៃការប្រើប្រាស់បន្លែសរីរាង្គ មានការកើនឡើងគួរឱ្យកត់សម្គាល់ នេះបើយោងតាមរបាយការណ៍ពីផ្សារចុងសប្តាហ៍ ដែលពីមុនគេលក់បានក្រោមកន្លះតោនក្នុងមួយខែ តែអីឡូវនេះឡើងរហូតដល់ជិត ១តោន ក្នុងមួយខែ។ ក្រោយពីអតិថិជន ក៏ដូចជាប្រជាជនកម្ពុជាមួយចំនួនបរិភោគបន្លែសរីរាង្គឃើញថា សុខភាពមានការប្រែប្រួលទៅរឹងប៉ឹង រឹងមាំ ពោលគឺ មានសុវត្ថិភាព ដូច្នេះពួកគេក៏កែប្រែច្រើន ដោយគាត់គិតពីសុខភាពរបស់ពួកគេចម្បង ហើយបើធៀបពីតំលៃបន្លែសរីរាង្គ និងបន្លែដែលនាំចូល គឺមិនខុសគ្នានោះទេ។

អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ និងទីផ្សារ របស់សហគមន៍កសិកម្មសុវត្តិភាពធម្មជាតិ បានឱ្យដឹងផងដែរថា សហគមន៍របស់អ្នកស្រី បានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានសមាជិក៧១នាក់ មកដល់បច្ចុប្បន្ននេះ មានសមាជិកជាង ១រយនាក់ ហើយសហគមន៍ បានផ្គត់ផ្គង់បន្លែសវត្ថិភាពខ្ពស់ ដោយមានការធ្វើជីកំប៉ុស្តិ៍ អាហារកែច្នៃ ស្រូវពូជ ស្រូវចំណី និងឥណទានខ្នាកតូច សម្រាប់ប្រជាកសិករចង់បង្កើតមុខរបរដាំបន្លែសរីរាង្គ ឬផលិតបន្លែសរីរាង្គ។ បច្ចុប្បន្ន សហគមន៍របស់អ្នកស្រី កំពុងធ្វើជីជន្លេន ដោយយកកាកសំណល់មកពីផ្សារ និងកំពុងពិនិត្យដើម្បីលក់នៅលើទីផ្សារ (លក់ជីធម្មជាតិ) និងប្រើប្រាស់ក្នុងការដាំបន្លែសរីរាង្គផងដែរ។ ដោយឡែកសហគមន៍ មានការផ្គត់ផ្គង់ទៅកាន់ផ្សារមួយចំនួន ដូចជាទី១- ផ្សារកូនខ្មែរនៅភ្នំពេញ , ទី២- ផ្គត់ផ្គង់ទៅលើកសិដ្ឋានខេមរៈ , ទី៣- ផ្សារកសិករខ្មែរ , ទី៤- ផ្សារចុងសប្តាហ៍ , និងទី៥- ផ្សារដំដែក ក្នុងខេត្តសៀមរាប។
អ្នកស្រី ថៃ សូដា បញ្ជាក់ថា សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិរបស់អ្នកស្រី ហៅកាត់ថា (Eco-farm) ហើយបានសិក្សាស្វែងយល់ពីបន្លែសុវត្ថិភាពជាច្រើនឆ្នាំ និងបានអនុវត្តការដាំដុះតាមបែបស្តង់ដារសុវត្ថិភាព ក្រោមការត្រួតពិនិត្យស្តង់ដាដោយប្រព័ន្ធធានា ហៅកាត់ថា PGS ធ្វើឱ្យបន្លែលូតលាស់ ជាប្រភេទបន្លែសរីរាង្គ មានសុវត្ថិភាព៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN





















