Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំបេឡារុស អះអាងថា គ្មានជម្រើស ក្រៅអំពីការដាក់ពង្រាយអាវុធមហាប្រល័យលោកនោះទេ

រដ្ឋធានីមីនស្ក៍ (Minsk)៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកដីរបស់អ៊ុយក្រែន  បាន និង កំពុងតែនាំឲ្យមានផលប៉ះពាល់ជាសកល ស្របពេលបណ្ដាប្រទេសបស្ចិមលោក បាន និង កំពុងតែបង្កើនសម្ពាធ កាន់តែខ្លាំងឡើង ប្រឆាំងនឹងក្រុងមូស្គូ និង ក្រុងមីនស្ក៍ ជាសម្ពន្ធភាពដ៏រឹងមាំរបស់រុស្ស៊ី ហើយឥឡូវនេះ មេដឹកនាំបេឡារុស ក៏ប្រកាស អំពីការគ្មានជម្រើសអ្វីក្រៅតែអំពីការដាក់ពង្រាយអាវុធមហាប្រល័យលោកនោះឡើយ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែឧសភា ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់បេឡារុស ត្រូវបានដកស្រង់សម្ដី ដែលបានអះអាង កាលពីថ្ងៃអាទិត្យ  ថា បណ្ដាប្រទេសលោកខាងលិច បានរុញច្រានប្រទេសបេឡារុស រហូតដល់គ្មានជម្រើសអ្វីក្រៅតែអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី។ ក្រុងមីនស្ក៍ (Minsk) ត្រូវតែយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរជាងមុន នៅក្នុង«ការឆ្លងកាត់បន្ទាត់ក្រហម» លើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។

លោក អាឡិចសាន់ដឺរ វ៉ូលហ្វូវិច (Alexander Volfovich) រដ្ឋលេខាធិការ នៃក្រុមប្រឹក្សាសន្ដិសុខបេឡារុស បានបញ្ជាក់ ថា វាជាហេតុផលមួយ ត្រង់ថា អាវុធនុយក្លេអ៊ែរ ត្រូវបានដកចេញ ពីប្រទេសបេឡារុស ក្រោយការដួលរលំ នៃសហភាពសូវៀត នៅក្នុងឆ្នាំ១៩៩១ ខណៈសហរដ្ឋអាមេរិក បានផ្តល់នូវការធានាដល់សន្តិសុខដល់បេឡារុស ហើយក៏មិនដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងមីនស្ក៍។

ទីភ្នាក់ងារសារព័ត៌មាន Belta News  (បែលតា) គ្រប់គ្រងដោយរដ្ឋបែលឡារុស បានដកស្រង់សម្ដីរបស់លោក វ៉ូលហ្វូវិច ខណៈប្រាប់ដល់អ្នកធ្វើកិច្ចសម្ភាសន៍ នៅតាមកញ្ចក់ទូរទស្សន៍ ថា «ថ្ងៃនេះអ្វីៗ ត្រូវបានលុបចោលអស់ហើយ។ ការសន្យាទាំងអស់ បានផុតរលត់ជារៀងរហូតហើយ។ ចំណែកការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីរបស់បេឡារុស ក៏ជាការបោះជំហានមួយ សម្រាប់ការរារាំង ជាយុទ្ធសាស្ត្រផងដែរ។ ប៉ុន្ដែប្រសិនបើសិននៅមានហេតុផលណាមួយ នៅក្នុងខួរក្បាលរបស់អ្នកនយោបាយលោកខាងលិច ប្រាកដណាស់ ពួកគេ នឹងមិនអាចឆ្លងកាត់ខ្សែក្រហមនេះបានឡើយ។ មធ្យោបាយណាមួយ នៅក្នុងការប្រើប្រាស់អាវុធមហាប្រល័យលោក សូម្បីតែអាវុធនុយក្លេអ៊ែរតាក់ទិក នឹងនាំឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរបំផុត មិនអាចត្រឡប់មកវិញបាននោះឡើយ»។

លោកប្រធានាធិបតី អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) បានដឹកនាំប្រទេសបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមក ហើយក្លាយជាសម្ពន្ធមិត្តដ៏រឹងមាំបំផុត នៅក្នុងចំណោមអតីតរដ្ឋទាំង១៥របស់សហភាពសូវៀត។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី លូកាសែនកូ បានអនុញ្ញាតឲ្យរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់បេឡារុស សម្រាប់សង្គ្រាមវាយលុកពេញទំហឹងរបស់មេដឹកនាំវិមានក្រឹមឡាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសជិតខាង ដោយបានចាប់ផ្ដើម ពីភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ដោយចេញពីប្រទេសបេឡារុស ហើយបានចេញពីប្រទេសរុស្ស៊ី នៅភាគខាងកើត និង ភាគខាងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ី កាលពីសប្ដាហ៍មុន បានសម្រេចចិត្ត ដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីរបស់បេឡារុស នៅក្នុងគោលបំណងសម្រេចបាននូវផលចំណេញដ៏ជាក់លាក់មួយ  នៅលើសមរភូមិ។ ជាមួយគ្នានេះដែរ ក្រុងមូស្គូ ក៏បានបញ្ជាក់ ថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន មានគោលដៅ ប្រឆាំងនឹងអ្វីដែលរុស្ស៊ី អះអាង ថា វាជាការជំរុញ ដោយ«សម្ពន្ធភាពរួមរបស់លោកខាងលិច» ដើម្បីធ្វើសង្គ្រាមប្រុកស៊ី ហើយ ធ្វើឱ្យក្រុងម៉ូស្គូ ទទួលបរាជ័យ នៅក្នុងសកម្មភាពយោធារបស់ខ្លួន។

ដោយឡែក សហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស ប៉ុន្តែក្រុងវ៉ាស៊ីនតោន អះអាង ថា ជំហររបស់ខ្លួន លើការប្រើប្រាស់អាវុធបែបនេះ នឹងមិនបានកែប្រែនោះឡើយ។

បណ្ដាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសបេឡារុស អស់រយៈពេលជាយូរមកហើយ ជុំវិញអ្វីដែលបស្ចិមលោក បានហៅជាការគាបសង្កត់របស់លោក លូកាសែនកូ ប្រឆាំងនឹងសិទ្ធិមនុស្ស ជាពិសេស ការគាបសង្កត់ ប្រឆាំងនឹងការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងការបោះឆ្នោតជាថ្មីរបស់គាត់ នៅឆ្នាំក្នុងឆ្នាំ២០២០។

ក្រោយពេលទទួលបានឯករាជភាព រួចផុតពីការគ្រប់គ្រងរបស់សហភាពសូវៀត ខណៈប្រទេសមហាអំណាចកំពូលខាងកុម្មុយនិស្ដ នៅលើពិភពលោក បានដួលរលំនោះមក ប្រទេសបេឡារុស អ៊ុយក្រែន និង កាហ្សាក់ស្ថាន ធ្លាប់ជារដ្ឋចំណុះ បានយល់ព្រមឱ្យប្រគល់អាវុធនុយក្លេអ៊ែររបស់ពួកគេ វិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ី វិញ ក្រោមផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ សម្រាប់ទប់ស្កាត់នូវការរីកសាយអាវុធមហាប្រល័យលោក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×