Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងពិតដែលពិភពលោកនៅតែងឿងឆ្ងល់! យន្តហោះ 10 គ្រឿងដែលហោះទៅបាត់តែម្តងយ៉ាងអាថ៌កំបាំង (ភាគ 2)

នេះគឺ ភាគទី២ របស់ “រឿងពិតដែលពិភពលោកនៅតែងឿងឆ្ងល់!? យន្តហោះ ១០គ្រឿង ហោះទៅបាត់តែម្តងយ៉ាងអាថ៌កំបាំង”…នៅពេលបានដឹងហើយ លោកអ្នកនឹងស្រឡាំងកាំងយ៉ាងនឹកស្មានមិនដល់…

TAM-52 (១៩៧៤) : យន្តហោះ ១គ្រឿងនេះ ជាយន្តហោះដឹកអ្នកដំណើររបស់កងទ័ពអាកាសបូលីវៀ ដែលផ្ទុកអ្នកដំណើរចំនួន ២៤នាក់ ហោះចេញពីទីក្រុងសានតា រ៉ូហ្សា ដេ យ៉ាឃូម៉ា ឆ្ពោះទៅអាកាសយានដ្ឋានអេល អាល់ដូ ក្នុងទីក្រុងឡាប៉ាស ទីក្រុងធំរបស់ប្រទេសបូលីវៀ…តែ វាបានបាត់ខ្លួនយ៉ាងសូន្យឈឹងទៅតែម្តង នៅពេលធ្វើដំណើរក្នុងឆ្នាំ១៩៧៤។ ខាងកងទ័ពអាកាស បូលីវៀ បានប្រមូលផ្តុំកម្លាំងធ្វើការរុករកតាមទីកន្លែងដែលយន្តហោះ បានបាត់ការទាក់ទង តែនៅតែរកមិនឃើញសូម្បីតែបំណែកណាមួយ ឬតម្រុយណាមួយឡើយ។ ទីបំផុតអ្នកជំនាញការ បានធ្វើការសន្និដ្ឋានថា វាប្រហែលជាធ្លាក់ទៅក្នុងជ្រលងព្រៃជ្រៅ ដែលមិនអាចចូលទៅដល់ នៅក្នុងប្រទេសបូលីវៀ។

BSAA Star Tiger & BSAA Star Ariel (១៩៤៨-១៩៤៩) : យន្តហោះទាំង ២គ្រឿងដែលមកពីប្រទេសអង់គ្លេសនេះ បានបាត់ខ្លួនក្នុងអំឡុងពេលបន្តបន្ទាប់គ្នា ក្នុងចន្លោះឆ្នាំ១៩៤៨–១៩៤៩ ក្នុងបរិវេណតំបន់ត្រីកោណ ប៊ើមីវដា ដ៏អាថ៍កំបាំងដែលស្ថិតនៅក្រៅឈូងសមុទ្ររបស់រដ្ឋ Florida សហរដ្ឋអាមេរិក។ មានអ្នកដំណើរទាំងអស់ ៥០នាក់បានបាត់ខ្លួនសាបសូន្យ មិនដឹងពីវាសនាកម្ម នៅក្នុងហេតុការណ៍នេះផងដែរ។

Varing Boeing 707-323C (១៩៧៩) : យន្តហោះ បូអ៊ីង 707-323C ជាយន្តហោះដឹកទំនិញដែលចេញដំណើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្ពោះទៅទីក្រុង រីអូ ឌឹ ចានេរ៉ូ ប្រទេសប្រេស៊ីល។ នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ១៩៧៩ ក្រោយពី Take off (ហោះឡើង) ពីទីក្រុងតូក្យូបានត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ អាកាសយានិកទាំងអស់ ៦នាក់ បានបាត់ខ្លួនសូន្យឈឹងយ៉ាងគ្មានដំណឹងរហូតមកដល់សព្វថ្ងៃ។ ការបាត់ខ្លួនយ៉ាងគ្មានមូលហេតុរបស់យន្តហោះ បូអ៊ីង 707-323C នេះ បានធ្វើឱ្យរូបគំនូរជាង ១៥៣ផ្ទាំងរបស់លោក ម៉ាណាប៊ុ ម៉ាបេ វិចិត្រករជនជាតិជប៉ុនដែលនៅក្នុងនោះ បានបាត់បង់ទៅជាមួយអស់ដែរ សរុបតម្លៃខូចខាតប្រមាណជា ១,២៤លានដុល្លារ។

Flying Tiger Line Flight (១៩៦២) : យន្តហោះ ១គ្រឿងនេះ ជាយន្តហោះដឹកអ្នកដំណើររបស់កងទ័ពសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាម មានអ្នកដំណើរចំនួន ១០៧នាក់ ដោយ៩៣នាក់ ជានាយទាហានមកពីអង្គភាព អាមី រេនជើរ៍ ដែលធ្វើដំណើរតាមយន្តហោះ ១គ្រឿងនេះ ដើម្បីទៅបំពេញភារកិច្ចនៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ១៩៦២ ដោយធ្វើដំណើរពីកោះហ្គួម ដើម្បីឆ្ពោះទៅសំចតនៅឯប្រទេសហ្វ៊ីលីពីនស៍ មុននឹងបន្តទៅប្រទេសវៀតណាម តែមានកើតហេតុការណ៍ចម្លែកមួយឡើង នៅពេលដែលអ្នកបើកយន្តហោះ បានរាយការណ៍អំពីស្ថានភាពអាកាសធាតុ ដ៏សែនអាក្រក់នៅពេលនោះ រួចហើយក៏បាត់ទំនាក់ទំនងជារៀងរហូតមកដល់បច្ចុប្បន្នតែម្តង។

MH 370 (២០១៤) : អឹមអេច៣៧០ ជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេសៀ អ៊ែរ៍ឡាញ ជាជើងហោះហើរដែលអាចនិយាយបានថា បានបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងជាទីបំផុត និងចម្លែកបំផុត ដែលមនុស្សម្នាទូទាំងពិភពលោកងឿងឆ្ងល់គ្រប់ៗគ្នា។ យន្តហោះ ១គ្រឿងនេះធ្វើដំណើរចេញពីទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន នៅពេលព្រលឹមងងឹត នៃថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានអ្នកដំណើរទាំងអស់ ២២៧នាក់ និងអ្នកធ្វើការលើយន្តហោះចំនួន ១២នាក់ទៀត រួចហើយក៏បាត់ខ្លួនសូន្យឈឹងទៅជាមួយយន្តហោះយ៉ាងអាថ៌កំបាំងបំផុត។ មានទ្រឹស្តីជាច្រើន ដែលបានអធិប្បាយអំពីមូលហេតុនៃការបាត់ខ្លួនរបស់ជើងហោះហើរអឹមអេច៣៧០ នេះ តែរហូតមកដល់ឆ្នាំ២០២៣ នេះទៅហើយ ក៏នៅតែរកចំណុចសរុប និងចម្លើយពិតប្រាកដ ច្បាស់លាស់ មិនទាន់ឃើញដដែល៕ រក្សាសិទ្ធដោយ ៖ សារាយSN

×