Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វង្ស ថាណាន់ លុបចោលការច្រៀងសម្តែងទាំងស្រុង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ តារាចម្រៀងលោក វង្ស ថាណាន់ បានលុបចោលកម្មវិធីច្រៀងសម្តែងទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ។
រហូតមកទល់នាពេលនេះស្ថានភាពរបួសរបស់លោក វង្ស ថាណាន់ បានវិវត្តន៍មករកសភាពកាន់តែប្រសើរឡើងហើយ បន្ទាប់ពីលោកជួបហេតុការគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ អំឡុងពេលលោកបើកឡានចេញពីច្រៀងក្នុងកម្មវិធីប្រគំន្ដ្រីមួយនៅខេត្តហើយឆ្ពោះមករាជធានីភ្នំពេញវិញ ។

តារាចម្រៀងរូបនេះបានធ្វើដំណើរដោយរថយន្តតម៉ាក Toyota Prius នៅលើផ្លូវជាតិលេខផ្លូវ៥ ក្នុងដំណើរពីខេត្តបន្ទាយមានជ័យ ហើយបានជួបហេតុការបុករថយន្តធុនធំមួយគ្រឿងដែលចតចោលនៅលើផ្លូវត្រង់ចំណុចគីឡូលេខ១៦ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បណ្តាលឲ្យលោករបួសបាក់ផ្លូវ ចំណែកឯរថយន្តបានខូចខាតមួយកំណាត់មុខទាំងស្រុង ។
ក្រោយហេតុការបានកើតឡើងតារាចម្រៀងរូបនេះបានលុបចោលកម្មវិធីទាំងអស់ដែលលោកបានទទួលទាំងការសម្តែងតាមខេត្ត និងនៅរាជធានីភ្នំពេញ ដោយសារតែលោកត្រូវប្រើពេលមួយរយះធំសម្រាប់ការព្យាបាលដោយរបួសបាក់ភ្លៅ ។
ម្ចាស់បទ “ស្នេហ៍ក្រៅផ្លូវការ”លោក វង្ស ថាណាន់ បានអះអាងថា ក្រោយលោកជួបហេតុការណ៍គ្រោះថ្នាក់នេះចំពោះការច្រៀង និងសម្តែងខាងក្រៅគឺលោកត្រូវលុបចោលទាំងអស់តែម្តង ។

លោកបញ្ជាក់ថា មុនគ្រោះថ្នាក់លោកបានទទួលការងារខុនសឺតតាមបណ្តាខេត្តច្រើន ហើយនៅក្នុងនោះក៏មានការច្រៀងនៅតាមក្លឹបមួយចំនួនទៀតផងដែរ ដែលការងារទាំងអស់នោះត្រូវលុបចោលទាំងស្រុង ។
បើតាមលោក វង្ស ថាណាន់ បើគិតពីការខាតបង់ចំណូលទាំងអស់នោះគឺអាចដល់ខ្ទង់ម៉ឺនដុល្លារ ដោយសារលោកបានទទួលការងារច្រើនគួរសម ហើយណាមួយតម្លៃខ្លួនរបស់លោកនៅមួយរយៈចុងក្រោយនេះក៏មានការកើនឡើងផងដែរ ។

យ៉ាងណាលោកនៅមិនទាន់ដឹងទេថា លោកនឹងត្រូវដោះស្រាយយ៉ាងណាចំពោះម្ចាស់ក្រុមហ៊ុនដែលលោកបានទទួលការច្រៀងទាំងអស់នោះឡើយ ដោយសារតែពេលនេះលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ ។

លោក វង្ស ថាណាន់ បានលើកឡើងបន្ថែមទៀតថា លោកពិតជាមានការសោកស្តាតយ៉ាងខ្លាំង ក្នុងពេលដែលលោកជួបហេតុការណ៍គ្រោះថ្នាក់នេះចំពេលដែលការងារចូលមកច្រើននាពេលនេះ។

លោកបញ្ជាក់ថា តាមរយៈការឲ្យដឹងពីក្រុមគ្រូពេទ្យយ៉ាងហោចណាស់លោកត្រូវចំណាយពេលយ៉ាងតិចមួយឆ្នាំ ទើបលោកអាចសម្តែងច្រៀងដូចធម្មតាឡើងវិញ ដោយសាររបួសបាក់ភ្លៅរបស់លោកបានវះដាក់ដែក និងចាំបាច់ត្រូវការលាងជារៀងរាល់ខែដើម្បីកុំឲ្យច្រេះ នៅមុនពេលដកដែកចេញ។

លោកបន្ថែមថា តាមស្ថានភាពជាក់ស្តែងក្រុមគ្រូពេទ្យថា ក្នុងរយះពេលប្រហែលជាកន្លះឆ្នាំលោកគឺលោកអាចឈរច្រៀងបាន ប៉ុន្តែលោកមិនអាចហក់លោតជាក្បាច់រាំបានទេ។
ដោយឡែកពាក់ព័ន្ធការចេញបទចម្រៀងថ្មីៗវិញតារាចម្រៀងលោក វង្ស ថាណាន់ បានអះអាងថា នៅមុនពេលលោកជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺលោកបានថតបទចម្រៀងថ្មីៗមួយចំនួនរួចហើយ ហើយក្នុងករណីផលិតកម្មចង់ឲ្យលោកច្រៀងចេញបទថ្មីទៀតនោះ គឺក៏មិនជាបញ្ហាចោទដែរ ដោយសារតែលោករបួសជើងប៉ុណ្ណោះ ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×