មនុស្សនៅទូទាំងពិភពលោក កំពុងសម្តែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង នឹងព័ត៌មានដែលបានបញ្ចេញថា ក្រុមកីឡាករបាល់ទាត់វ័យៗក្មេងទាំង១២នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ ត្រូវបានជួយសង្គ្រោះចេញពីក្នុងរូងភ្នំលិចទឹក Tham Luang ដោយជោគជ័យ កាលពីល្ងាចថ្ងៃអង្គារ (១០ កក្កដា) ។ ទោះយ៉ាងណា ពួកគេពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះប្រតិបត្តិការសង្គ្រោះជោគជ័យនេះ បានបន្សល់ទុកនូវទុក្ខដ៏ក្រៀមក្រំបំផុតមួយ ដែលវីរៈបុរសមុជទឹកម្នាក់បានពលីជីវិតយ៉ាងអាណោចអាធម នៅក្នុងរូងលិចទឹកនៃបេសកកម្មដ៏ប្រឈមនឹងគ្រោះថ្នាក់នេះ ។
អតីតកងទ័ពជើងទឹកថៃ លោក Saman Gunan អាយុ ៣៨ ឆ្នាំ បានកំពុងធ្វើការជាអ្នកស្ម័គ្រចិត្ត នៅក្នុងបេសកកម្មសង្គ្រោះនោះ ប៉ុន្តែ គាត់បានបាត់បង់ជីវិតកាលពីថ្ងៃសុក្រ (៦ កក្កដា) ។ NZ Herald បានរាយការណ៍ថា គាត់ស្ថិតនៅខាងក្នុងរូងភ្នំដ៏ស្មុគស្មាញនេះ ដែលជាផ្នែកមួយនៃក្រុមមុជទឹក ដើម្បីរៀបចំធុងអុកស៊ីហ្សែន នៅតាមបណ្តោយផ្លូវសង្គ្រោះ ។
ទោះយ៉ាងណា គាត់បានបាត់បង់ស្មារតីនៅក្នុងទឹក ហើយទោះបីមិត្តភក្តិមុជទឹកដូចគ្នា ខិតខំព្យាយាមចាត់ចែងជួយសង្គ្រោះគាត់យ៉ាងណាក៏ដោយ ក៏ពួកគេពុំបានទទួលជោគជ័យដែរ ។ លោក Saman ត្រូវបានទាញចេញទៅកាន់បន្ទប់ទី៣ ហើយពួកគេបានព្យាយាមសង្គ្រោះឲ្យគាត់មានជីវិតឡើងវិញ ប៉ុន្តែ អ្វីៗបានយឺតពេលទៅហើយ ។
ឥឡូវនេះ ក្រុមគ្រួសាររបស់គាត់ កំពុងកាន់ទុក្ខចំពោះការបាត់សមាជិកដ៏អស្ចារ្យម្នាក់នេះ ប៉ុន្តែ ពួកគេពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះទង្វើលះបង់ដ៏ធំធេងបំផុតនេះ ដែលគាត់បានធ្វើ ដើម្បីជីវិតក្មេងៗបាល់ទាត់ និងគ្រូបង្វឹកទាំង១៣នាក់ ។ នៅក្នុងបទសម្ភាសជាមួយ BBC, ភរិយារបស់គាត់ អ្នកស្រី Waleeporn Gunan បាននិយាយទាំងអួងដើមកថា នាងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះវីរៈភាពដ៏ខ្ពង់ខ្ពស់របស់ស្វាមីរបស់នាង និងកំពុងទប់ចិត្ត ទប់អារម្មណ៍ ពីទុក្ខសោកសង្រេងមួយនេះរបស់នាង ។
Waleeporn ថា៖ «ប្រសិនអ្នកសួរខ្ញុំថាតើខ្ញុំសោកសៅយ៉ាងណានោះ ខ្ញុំសូមនិយាយថា វាហាក់ដូចខ្ញុំកំពុងស្លាប់តាមប្តីរបស់ខ្ញុំអីចឹង ទោះបីពេលនេះខ្ញុំមានជីវិតក៏ដោយ ។ គាត់ត្រូវបានគេកោតសរសើរជាវីរបុរស ចំពោះទង្វើដ៏លះបង់នេះរបស់គាត់» ។ អ្នកស្រីបន្ថែមថា៖ «ប្តីចុងរបស់នាង គឺជាមនុស្សដ៏ល្អម្នាក់ ដែលចូលចិត្តជួយដល់អ្នកដទៃ និងសូម្បីការងារមនុស្សធម៌ ។ ខ្ញុំសូមផ្ញើសារមួយនេះទៅគាត់ថា៖ ‘បងគឺជាវីរបុរសនៅក្នុងបេះដូងរបស់អូន’» ។
Waleeporn បន្តថា នាងពិតជាមានការនឹកអាឡោះអាឡៃស្វាមីរបស់នាងខ្លាំងណាស់ ហើយថា ពួកគេទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់ សម្រាប់ជីវិតប្តីប្រពន្ធមួយនេះ ។
នាងបានពន្យល់ថា៖ «នៅក្នុងក្រសែភ្នែកអ្នកដទៃ គាត់ជាមនុស្សគួរឲ្យស្រលាញ់ ។ ហើយបើសម្រាប់ខ្ញុំវិញ គឺខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំពិតជាស្រលាញ់គាត់ ។ រៀងរាល់ថ្ងៃ មុនពេលគាត់ចាកចេញទៅធ្វើការងារសង្គ្រោះនេះ ពួកយើងបាននិយាយគ្នាថា ពួកយើងស្រលាញ់គ្នាណាស់ ។ នៅពេលថ្ងៃត្រង់ ពួកយើងបានផ្ញើសារឲ្យគេ ដើម្បីបានឃើញថាតើអ្នកដទៃទៀតបានទទួលអាហារថ្ងៃហើយឬនៅ ។ នៅល្ងាច នៅពេលយើងត្រឡប់មកផ្ទះវិញ ខ្ញុំបានសួរពីអារម្មណ៍របស់គាត់ ។ Saman នៅពេលនោះ បាននិយាយថា ពួកយើងមិនដឹងថានៅពេលណាយើងស្លាប់ទេ ព្រោះយើងពុំអាចហាមឃាត់ការស្លាប់មួយនេះបានទេ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់នូវអ្វីៗគ្រប់បែបយ៉ាងជារៀងរាល់ថ្ងៃ» ។
ចំណែកឪពុករបស់គាត់ ក៏បាននិយាយថា គាត់ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះទង្វើពុំគិតពីខ្លួនឯងរបស់កូនប្រុសរបស់គាត់ ប៉ុន្តែ គាត់ពិតជាមានការសោកស្តាយណាស់ ដែលកូនប្រុសជាទីស្រលាញ់របស់គាត់បានបង់ជីវិត ។ គាត់ក៏បាននិយាយចុងក្រោយថា៖ «សូមកូនសម្រាកទៅឲ្យបានស្ងប់ចុះ ប៉ាពិតជាស្រលាញ់កូនខ្លាំងណាស់» ៕ ចន្ទី