កាលពីប៉ុន្មានថ្ងៃមុននេះ គឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មានរឿងដ៏ភ្ញាក់ផ្អើលមួយ ខណៈគេបានប្រទះឃើញគណនីហ្វេសប៊ុកឈ្មោះ Maly kubota បានបង្ហោះថា «មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង»។
តែទន្ទឹមនឹងករណីនេះ ត្រូវបានចែករំលែកយ៉ាងផុសផុល ជាមួយការព្រួយបារម្ភជាខ្លាំង ពីសំណាក់បងប្អូនអ្នកលេងបណ្តាញសង្គម ស្រាប់តែម្តាយរបស់នារីដែលគណនីខាងលើផ្សាយថាត្រូវបានគេចាប់ពង្រត់នេះ អ្នកស្រី ឆប គឹមឡាង ដែលសព្វថ្ងៃរស់នៅនៅភូមិ ពោធិរៀង ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី បានធ្វើការអះអាងថា កូនស្រីរបស់គាត់ ពុំមានអ្នកណាចាប់ជំរិត ឬយកទៅលក់នោះទេ តែតាមពិត គឺកូនស្រីរបស់គាត់ រត់តាមប្រុសស្នេហ៍ ដែលបានស្រលាញ់កាលពី៣ឆ្នាំមុនម្ល៉េះ ខណៈពេលកូនស្រីរូបនេះមេម៉ាយទើបលែងប្តី។
អ្នកស្រី ឆប គឹមឡាង បន្តថា ដោយសារតែកូនស្រីរបស់គាត់ ដឹងថា បុរសរូបនេះមានប្រពន្ធ នាងក៏បានសម្រេចចិត្តបែកគ្នា ហើយយកប្តីថ្មីវ័យក្មេងដូចគ្នា និងព្រមទាំងមានកូនតូចម្នាក់ផងដែរ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈឃើញមុខ ៤-៥ ថ្ងៃ មកលេងកូនស្រីរបស់គាត់ បុរសជាសង្សារចាស់រូបនោះ បាននិយាយបែបនេះថា រូបគេបានលែងប្រពន្ធដាច់ស្រេចហើយៗ នឹងប្តេជ្ញាយកកូនស្រីរបស់គាត់ទាល់តែបាន បើទោះជាដឹងថា មានប្តីមានកូនក៏ដោយ។ បន្ទាប់និយាយរួច ស្អែកឡើង ស្រាប់តែកូនស្រីរបស់គាត់បាត់ខ្លួន ចោលកូនចោលប្តីតែម្តង។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តខ្លាំងបំផុតនោះ គឺក្រោយម្តាយបានចេញមុខអះអាងកុំឲ្យសាធារណជនយល់ច្រឡំ ស្រាប់តែនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ កូនស្រីត្រូវជាម្តាយជាប្រពន្ធស្ទាវរូបនេះ ដែលមានឈ្មោះ ខ្នួច ស៊ីមាន អាយុ ១៩ ឆ្នាំ បានចេញមុខជាមួយបុរសជាសង្សាររូបនោះ ដោយបានសារភាពបែបនេះថា រូបនាងមិនមានអ្នកណាមកចាប់ជំរិតយកទៅនោះទេ តែនាង និងសង្សារចាស់ឈ្មោះ សុខ វណ្ណៈ ហៅប៉ែត បានស្រលាញ់គ្នា និងយល់ព្រមទៅតាមជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំ ចប់!!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






