ប្រជាជននៅក្នុងទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន បាននាំគ្នារត់គេចពីគ្រោះភ័យចូលទៅក្នុងស្ថានីយរថភ្លើងក្រោមដីជាថ្មីម្ដងទៀត កាលពីអំឡុងពេលថ្ងៃត្រង់នៃថ្ងៃចន្ទទី២៩ឧសភា ជាអំឡុងពេលដែលកងទ័ពរុស្ស៊ី បានបាញ់កាំជ្រួចផ្លោងចូលមក និងមានសញ្ញាប្រកាសអាសន្ន លាន់ឮឡើងពេញទីក្រុង។
ទាំងអស់នេះ គេបានឃើញទៀតផងថា មានអ្នកខ្លះបានកាន់កុំព្យូទ័រចុះទៅជាមួយដែរ ព្រោះខណៈពេលកើតហេតុ គឺជាអំឡុងពេលដែលប្រជាជនជាច្រើនកំពុងស្ថិតក្នុងពេលវេលាធ្វើការងារ។

លោក វីតាលី ហ្គ្លីតស្កូ អភិបាលក្រុងកៀវ បានប្រាប់ឱ្យដឹងថា មានអ្នករងរបួសជាច្រើន ត្រូវចូលទៅទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារការវាយប្រហារនេះ។
រដ្ឋភិបាលអ៊ុយក្រែន បានឱ្យដឹងទៀតថា ពេញមួយអំឡុងពេលរាត្រីកន្លងមក រុស្ស៊ីបានបាញ់កាំជ្រួចផ្លោងចូលមកច្រើនបំផុតដល់ទៅ ៤០គ្រាប់ និងដ្រូនពិឃាតចំនួន ៣៥គ្រឿង និងបានអះអាងទៀតថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់កាំជ្រួចផ្លោងទាំងនោះបាន ៣៧គ្រាប់ និងដ្រូនពិឃាតម៉ាកឆាហេត ចំនួន ២៩គ្រឿងទៀត៕










