ជារឿងរ៉ាវដ៏សែនរន្ធត់ចិត្តនៅក្នុងប្រទេសចិន ទារកម្នាក់ត្រូវបានទុកចោលនៅក្នុងបន្ទប់តម្កល់សព ៨ថ្ងៃ តែ សំណាងល្អ មានគិលានុបដ្ឋាកម្នាក់បានទៅឃើញ ទីបំផុតប៉ូលិសស៊ើបសួររហូតដឹងការពិត គឺឪពុកបង្កើតជាអ្នកលួចយកទៅទុកចោលនៅទីនោះ។
វេបសាយ sohu បានរាយការណ៍រឿងរ៉ាវដ៏សែនរញ្ជួយចិត្តមួយ ដែលកើតឡើងនៅក្នុងប្រទេសចិនកាលពីជាង ១០ឆ្នាំមុន។ នាពេលរាត្រី នៃថ្ងៃទី១៤កក្កដា មានគិលានុបដ្ឋាកស្រីម្នាក់ ដែលកំពុងធ្វើការងារ សុខៗ ស្រាប់តែបានឮសំឡេងទារកស្រែកយំ…

ដោយសារតែធ្វើការងារយ៉ាងនឿយហត់មកពេញ ១ថ្ងៃ នាងគិតថា ប្រហែលជាខ្លួនឯងងងុយគេងខ្លាំងពេក ទើបចេះតែឮសូរសំឡេងផ្ដេសផ្ដាស់បែបនេះ តែ បន្ទាប់ពីខំតាំងចិត្តស្ដាប់ម្ដងទៀត នាងក៏បានដឹងថា វាជាពិតជាសំឡេងក្មេងទារកកំពុងស្រែកយំប្រាកដមែន។
នាងមានអារម្មណ៍ចម្លែកចិត្តយ៉ាងខ្លាំង ព្រោះទើបតែដើរពិនិត្យមើលទូទាំងអគាររួចហើយ ឃើញថា ក្មេងទារកទាំងអស់ បានគេងលក់អស់ហើយ…តែយ៉ាងណាក្ដី ក្រោយពីកន្លងផុតទៅ ២ម៉ោង សំឡេងទារកស្រែកយំ នៅតែបន្លឺឡើងឥតឈប់ ហាក់ដូចជាគ្មានអ្នកមើលថែទាំ នាងក៏ព្យាយាមចេញដើររកប្រភពរបស់សំឡេងយំនោះ តែ សុខៗ សំឡេងស្រែកយំ ក៏បាត់ទៅវិញ…

ដោយបរិយាកាសនៅក្នុងមន្ទីរពេទ្យនាពេលយប់ ធ្វើឱ្យនាងគិលានុបដ្ឋាក អត់មិននឹកភ័យខ្លាចមិនបានឡើយ…រហូតដល់ម៉ោង ៥ទៀបភ្លឺ នាងក៏បានឮសំឡេងក្មេងយំម្ដងទៀត ក៏សម្រេចចិត្តបបួលមិត្តភក្តិ ២-៣នាក់ ចេញតាមរកប្រភពរបស់សំឡេងម្ដងទៀត…
រួចហើយ ពួកនាងក៏ត្រូវព្រឺខ្លួនខ្ញាកឡើងតែម្ដង ព្រោះសំឡេងទារកស្រែកយំនោះ លាន់ឮចេញមកពីក្នុងបន្ទប់តម្កល់សព ទើបនាំគ្នាខំប្រឹងទប់សង្កត់ចិត្ត ធ្វើមិនខ្លាច និងដើរទៅសុំឱ្យបុគ្គលិកសន្តិសុខ យកកូនសោ មកចាក់បើកបន្ទប់តម្កល់សពជាមួយគ្នា។
ទិដ្ឋភាព ដែលមើលឃើញនៅចំពោះមុខ ធ្វើឱ្យទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញទារកតូចមួយ ត្រូវបានទុកចោលឱ្យគេងនៅត្រង់ជ្រុងបន្ទប់។ ដៃ-ជើងស្គមស្គាំង ប្រៀបដូចមិនបានបៅទឹកដោះម្ដាយច្រើនថ្ងៃមកហើយ និងថែមទាំងមានស្នាមមូសខាំពេញខ្លួនទៀតផង។

ក្រោយពីពិនិត្យរាងកាយរួចហើយ ពេទ្យបានប្រាប់ថា ទារកមានអាការឈឺចាប់តែខាងក្រៅខ្លួនប៉ុណ្ណោះ អវយវៈខាងក្នុងមិនបានប៉ះពាល់អ្វីឡើយ។ ពួកគេបានរកឃើញថា ទារកនេះ មានលក្ខណៈពិការតាំងពីកំណើត ដោយដៃទាំង ២ខាង និងជើង ១ខាង មានម្រាមជាប់គ្នា ធ្វើឱ្យពួកគេដឹងថា នេះអាចជាមូលហេតុដែលធ្វើឱ្យទារកកម្សត់ ត្រូវបានបោះបង់ចោល។
នៅពេលតមក តាមរយៈការស៊ើបសួរ ក៏បានដឹងការពិតថា ឪពុករបស់ទារក បានអង្វរសុំឱ្យអ្នកបោសសម្អាតមន្ទីរពេទ្យ វ័យ ៧០ឆ្នាំម្នាក់ លួចយកទារកនេះ ទៅលាក់ទុកនៅក្នុងបន្ទប់តម្កល់សព ដោយយកលេសថា ទារកកើតមក មានជំងឺជាប់ខ្លួន មិនយូរទេច្បាស់ជាស្លាប់មិនខាន។
ទារកតូចត្រូវបានគ្រូពេទ្យព្យាបាល ៣ថ្ងៃ រួចហើយទើបបញ្ជូនទៅឱ្យម្ដាយបង្កើត ដែលទើបតែដឹងពីជតាកម្មរបស់កូន ដែលត្រូវរស់នៅក្នុងបន្ទប់តម្កល់សពឡើង ៨ថ្ងៃ ខណៈប៉ូលិសបានចាប់ខ្លួនបុគ្គលិកបោសសម្អាតមន្ទីរពេទ្យ និងបុគ្គលដទៃទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងយកទារកទៅប្លុងចោលនេះ៕




