នាងក្រមុំចិន ទៅចូលរួមពិធីមង្គលការមិត្តជិតដិត ពេលឃើញមុខកូនកំលោះ ស្រាប់តែទ្រហោយំហ៊ូ ព្រោះជាអតីតសង្សារ ហើយរឹតតែឈឺចាប់ទៅទៀត ត្រូវសុំឱ្យជួយធ្វើជាអ្នកកំដរកូនក្រមុំទៀត។
កាលពីថ្ងៃទី២៣ឧសភាកន្លងទៅ នាងក្រមុំម្នាក់នៅក្នុងមណ្ឌលក្វាងទុង នៃប្រទេសចិន បានទៅចូលរួមពិធីមង្គលការរបស់មិត្តជិតដិតដែលនាងស្រឡាញ់ខ្លាំងបំផុត តែបន្ទាប់ពីបានឃើញមុខកូនកំលោះ នាងក៏អត់មិនទ្រហោយំមិនបាន ព្រោះគេគឺជា អតីតសង្សារ របស់នាង។

ទោះជាបរិយាកាសក្នុងពិធីមង្គលការមើលទៅមានសេចក្ដីសុខមែន តែនាងក្រមុំក៏អត់មិនទ្រហោយំមិនបានដែរ។ នាងព្យាយាមទ្រាំក្នុងការតាមសម្លឹងមើលកូនក្រមុំ និងកូនកំលោះ ដែលកំពុងបង្ហាញខ្លួននៅក្នុងពិធី និងរឹតតែក្នុងអំឡុងពេលដែលកូនក្រមុំ និងកូនកំលោះនិយាយពាក្យស្បថស្បែផងនោះ នាងរឹតតែអណ្ដឺតអណ្ដក់ខ្លាំងឡើងទៅទៀត។

នាងក្រមុំនិយាយថា នាងធ្លាប់សេពគប់ជាមួយកូនកំលោះ ៧ឆ្នាំ វាជាសេចក្ដីស្នេហាដ៏ល្អបំផុត គេស្រឡាញ់នាងខ្លាំងណាស់ និងតាមចិត្តនាងជានិច្ច តែដោយសារតែត្រូវសង្សារថ្នមចិត្តរហូតនោះ ទើបធ្វើឱ្យនាងព្រងើយកន្តើយចំពោះអារម្មណ៍របស់គេ និងមិនព្រមរៀបការជាមួយគេ ធ្វើឱ្យគេសុំបែកពីនាង និងទៅមានអ្នកផ្សេង ដែលនាងមិនបាននឹកស្មានសោះឡើយថា នារីម្នាក់នោះ គឺជាសម្លាញ់ជិតដិតបំផុតរបស់នាង។
អ្វីដែលឈឺចាប់ខ្លាំងជាងការឃើញមុខអតីតសង្សារទៅទៀតនោះ គឺនាងត្រូវបានអញ្ជើញឱ្យធ្វើជា អ្នកកំដរកូនក្រមុំ ដោយសារតែសម្លាញ់ជិតដិតដឹងច្បាស់ថា នាង និងកូនកំលោះ គឺជាអតីតគូស្នេហ៍នឹងគ្នា…ធ្វើឱ្យពេលនឹកដល់រឿងរ៉ាវផ្សេងៗកន្លងមក នាងអត់មិនសម្រក់ទឹកភ្នែកមិនបានឡើយ៕





