ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សារជាថ្មីទៀតថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បន្តថា ដូច្នេះគ្មានអ្វីល្អប្រសើរជាងការចូលរួមថែរក្សា សុខសន្តិភាពឱ្យបានគង់វង្សនោះទេ។ សម្តេចតេជោបន្តទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ប្រទេសគេគ្មានធនធានធម្មជាតិទេ តែគេរីកចម្រើនខ្លាំង។ ប្រទេសយើង មានកំហុសនយោបាយ កាលពីអតីតកាល ដោយសារការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០។ នោះហើយ ជាចំណុចចាប់ផ្តើមនៃវិនាសកម្ម។ បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលបានការអភិវឌ្ឍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះទេ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















