ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញតារាសម្តែងអ្នកនាង ម៉ារីណា បានបង្ហើរសារដ៏ផ្អែមល្ហែម និងចាក់ដោតមួយទៅកាន់បុរសម្នាក់ ដែលគេកំពុងដាក់ការសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង។
តារាសម្តែងសាច់ចាំអ្នកនាង លី ម៉ារីណា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនក្នុងវ័យ៤២ឆ្នាំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ យ៉ាងឱឡារឹក ដោយមានវត្តមានអ្នកសិល្បះជាច្រើនបានចូលរួម។

អ្វីដែលគេចាប់អារម្មណ៍នៅក្នុងថ្ងៃពិសេសនោះគឺ លី ម៉ារីណា ក៏បានបើកបង្ហាញយ៉ាងចំហរនូវមុខមាត់បុរសម្នាក់ ដែលទំនងជាគូស្នេហ៍ថ្មីរបស់នាង អមជាមួយនឹងពាក្យពេចន៍យ៉ាងផ្អែមល្ហែមចំពោះបុរសជាគូស្នេហ៍ដែលបានលះបង់ និងផ្តល់ក្តីស្រឡាញ់មកលើរូបនាងជាបន្តបន្ទាប់។
ជាមួយនឹងរូបភាពឱបថើបយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃខួបកំណើតតារាសម្តែងមេម៉ាយកូនមួយ លី ម៉ារីណា បានភ្ជាប់ជាមួយនឹងសំណេរយ៉ាងណាមានន័យបង្ហោះនៅលើបណ្តាញសង្គមថា អរគុណបងដែលផ្តល់ក្តីស្រលាញ់ឲ្យអូនយ៉ាងធំធេង បងបានរៀបចំចាត់ចែងកម្មវិធីថ្ងៃកំណើត ជូនអូនយ៉ាងពិសេសអូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូនទទួលបានពីបងគឺក្តីស្រឡាញ់ នឹងការយកចិត្តទុក្ខដាក់មើលថែគ្រប់ពេលវេលាកាដូទាំងនេះ មានតម្លៃបំផុតសម្រាប់អូនអរគុណបងគ្រប់យ៉ាង។

តាមរយៈរូបភាពស្និទ្ធស្នាលអមជាមួយនឹងសំណេរដ៏ផ្អែមល្ហែមខាងលើនេះត្រូវបានមហាជន ជាពិសេសមិត្តភក្តិនៅក្នុងចង្កោមសិល្បៈដូចគ្នាបានសម្តែងការអបអរសាទរ និងជូនពរ លី ម៉ារីណា ឲ្យជួបនូវសុភមង្គល ក្នុងពេលដែលនាងបានរកឃើញបុរសដែលគូស្នេហ៍ថ្មី ដែលមកស្នំបេះដូងរបស់នាងឲ្យមានភាពកក់ក្តៅជាថ្មីឡើងវិញ បន្ទាប់ពីនាងធ្លាប់បានពើបប្រទះស្នេហាដែលមិនសមប្រកបនាពេលកន្លងមក។
យ៉ាងណា បើទោះបីជា លី ម៉ារីណា មិនបានបញ្ជាក់ឲ្យបានច្បាស់ថា បុរសដែលជាគូស្នេហ៍របស់នាងនាពេលនេះ មានប្រភពមកពីណាក៏ដោយ ប៉ុន្តែតាមការសង្កេតគេអាច ដឹងថា បុរសរូបនោះក៏ជាអតីតតារាសម្តែងម្នាក់ផងដែរ ។

តារាសម្តែងអ្នកនាង លី ម៉ារីណា បានសម្រេចលេងលះជាមួយស្វាមី ដែលជាអាណិកជនខ្មែររស់នៅអាមេរិកឈ្មោះ សាត ចាន់ថត ដោយសារមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា បន្ទាប់ពីអ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំ និងទទួលបានកូនប្រុសម្នាក់ ដែលបច្ចុប្បន្នកំពុងទទួលការមើលថែពីរូបនាងផ្ទាល់ ៕ រក្សាសិទ្ធដោយ ៖ សំណាង SV















