រឿងរ៉ាវនាងលក់ក្រឡាន ដែលល្បីថា មានមនុស្សប្រុសមួយក្រុម ចាប់ដាក់ឡានឡិចស៊ីស យកទៅបាត់ ដោយមិនដឹងថាយ៉ាងណាយ៉ាងណី តែទីបំផុត ស្រាប់តែសម៉ីខ្លួនខាងស្រី ចេញមុខសារភាពថា រូបនាងពុំត្រូវបានអ្នកណាចាប់នោះទេ តែនាងស្ម័គ្រចិត្តរត់តាមសង្សារ ចោលកូនចោលប្តីប៉ុណ្ណោះ ឃើញថាបានធ្វើឲ្យមជ្ឈដ្ឋានមហាជន សម្តែងការហួសចិត្ត និងស្អប់គ្រប់ៗគ្នាយ៉ាងខ្លាំងតែម្តង។
ទាក់ទងរឿងដ៏មហាហួសចិត្តនេះ ម្តាយរបស់នារីលេងសាក់ដ៏ស្ទាវរូបនេះ អ្នកស្រី ឆប គឹមឡាង ដែលសព្វថ្ងៃរស់នៅនៅភូមិ ពោធិរៀង ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ក៏បានចេញមុខធ្វើការអះអាងថា កូនស្រីរបស់គាត់ ពុំមានអ្នកណាចាប់ជំរិត ឬយកទៅលក់នោះទេ តែតាមពិត គឺកូនស្រីរបស់គាត់ រត់តាមប្រុសស្នេហ៍ ដែលបានស្រលាញ់កាលពី៣ឆ្នាំមុនម្ល៉េះ ខណៈពេលកូនស្រីរូបនេះមេម៉ាយទើបលែងប្តី។
អ្នកស្រី ឆប គឹមឡាង បន្តថា ដោយសារតែកូនស្រីរបស់គាត់ ដឹងថា បុរសរូបនេះមានប្រពន្ធ នាងក៏បានសម្រេចចិត្តបែកគ្នា ហើយយកប្តីថ្មីវ័យក្មេងដូចគ្នា និងព្រមទាំងមានកូនតូចម្នាក់ផងដែរ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈឃើញមុខ ៤-៥ ថ្ងៃ មកលេងកូនស្រីរបស់គាត់ បុរសជាសង្សារចាស់រូបនោះ ដែលមានឈ្មោះថា សុខ វណ្ណៈ ហៅប៉ែត បាននិយាយបែបនេះថា រូបគេបានលែងប្រពន្ធដាច់ស្រេចហើយៗ នឹងប្តេជ្ញាយកកូនស្រីរបស់គាត់ទាល់តែបាន បើទោះជាដឹងថា មានប្តីមានកូនក៏ដោយ។ បន្ទាប់និយាយរួច ស្អែកឡើង ស្រាប់តែកូនស្រីរបស់គាត់បាត់ខ្លួន ចោលកូនចោលប្តីតែម្តង។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺរាល់ពាក្យដែលបុរសដ៏ហ៊ានរូបនេះនិយាយថា ខ្លួនបានលែងប្រពន្ធដាច់ស្រេច គឺជាមិនមែនជាការពិតនោះទេ ព្រោះថា បន្ទាប់ពីរឿងនេះបានបែកធ្លាយ រីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គម ស្រាប់តែស្រ្តីជាប្រពន្ធដើម បានប្រាប់ CEN ឲ្យដឹងថា ប្តីរបស់ខ្លួនរូបនេះ មិនទាន់លែងលះជាមួយនាងដាច់ស្រេចនោះទេ ដោយនាងមិននឹកស្មានថា ប្តីរូបនេះហ៊ានធ្វើទង្វើដ៏ថោកទាបដល់ថ្នាក់នេះសោះឡើយ។
ស្រ្តីជាប្រពន្ធដើម បានរៀបរាប់ឲ្យដឹងថា កាលពីឆ្នាំ២០២០ នាង ខ្នួច ស្រីមាន អាយុ ១៩ ឆ្នាំ រូបនេះ បានលួចផិតក្បត់ ជាមួយប្តីរបស់នាង ខណៈនាងកំពុងសរសៃខ្ចីទើបសម្រាលកូនបាន១ខែប៉ុណ្ណោះ។ ហើយនៅពេល រូបនាងជាប្រពន្ធបានដឹងរឿង និងបានតេទៅឲ្យឈប់ទាក់ទងប្តីរបស់ខ្លួន ព្រោះមានប្រពន្ធមានកូនហើយ និងក៏បានដាក់ឲ្យថា «តើឆ្ងាញ់ខ្លាំងណាស់របស់គេហ្នឹង!» ស្រាប់តែនាង ខ្នូច ស្រីមាន បានឆ្លើយតបឡើងយ៉ាងឌឺបែបនេះថា «ហ្នឹងហើយ ឆ្ងាញ់ហ្នឹងហើយ!!»។
ទោះជាយ៉ាងណា ដោយសារស្រលាញ់ប្តីខ្លាំងពេក រូបនាងក៏មិនរករឿងឈ្លោះវែងឆ្ងាយ និងបានលួងចិត្តឲ្យប្តីទៅថៃ រយៈពេល២ឆ្នាំ។ ប៉ុន្តែ ពេលប្តីចេញពីគុកវិញ នាងក៏រស់នៅជាមួយប្តីធម្មតា រហូតដល់នៅឆ្នាំ២០២៣ នេះ ខណៈនាងត្រឡប់មកពីថៃវិញ ក្នុងអំឡុងខែតុលា ក៏មិនដឹងថា ប្តីនៅតែលួចមានទំនាក់ទំនងជាមួយនាង ខ្នូច ស្រីមាន ដដែលឬយ៉ាងណានោះទេ។ ប៉ុន្តែ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ក៏មានការឈ្លោះគ្នា រឿងប្តីលេងថ្នាំ ហើយនាងក៏ធ្លោយមាត់ថា ពិបាកពេកលែងគ្នាហ្មងទៅ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្រាប់តែនៅល្ងាចមិញនេះ (ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣) រូបនាងពិតជាស្រឡាំងកាំងតែម្តង ខណៈឃើញព័ត៌មានបង្ហាញប្តីរបស់ខ្លួន កំពុងឈរវាស់កម្ពស់ជាមួយនាង ខ្នូច ស្រីមាន បន្ទាប់ពីរត់តាមគ្នាបានប៉ុន្មានថ្ងៃ។
ទោះជាយ៉ាងណា គូស្នេហ៍ផិតក្បត់ប្តី និង ប្រពន្ធ ទាំងពីរនាក់ខាងលើនេះ គឺអាចនឹងមានទោសព្រហ្មទណ្ឌពីបទផិត។ នេះបើតាមច្បាប់ឯកពន្ធភាពប្តីមួយប្រពន្ធមួយ ក្នុងមាត្រា៧, មាត្រា៨ បានចែងថា៖ ត្រូវបានចាត់ទុកថាមានពិរុទ្ធក្នុងបទផិត ប្រសិនបុរស ឬ ស្រ្តីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្រ្តីផ្សេង ឬ បុរសផ្សេងទៀត។ តែករណីនេះ ព្រះរាជអាជ្ញាអាចសំរេចមិនធ្វើបណ្តឹងអាជ្ញាបាន ប្រសិនបើមានបណ្តឹងរបស់សហព័ន្ធណាមួយស្នើសុំកុំឲ្យមានការចោទប្រកាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







