ថ្ងៃទី២០ឧសភារៀងរាល់ឆ្នាំ នៅក្នុងប្រទេសចិន គេប្រកាន់ថាជា “ថ្ងៃ៥២០” ឬ “ទិវាសារភាពស្នេហ៍” គូស្នេហ៍ជាច្រើនគូ បានឆ្លៀតឱកាសនេះ រៀបចំពិធីមង្គលការដើម្បីមានសិរីសួស្ដីសុភមង្គល។ កំលោះក្រមុំមកពីទីក្រុងចឹងចូវ មណ្ឌលហ៊ើណាន ក៏ដូចគ្នាដែរ តែពួកគេថែមទាំងបានបង្អួតពីភាពផ្អែមល្ហែម ធ្វើឱ្យមនុស្សជាច្រើននឹកច្រណែនទៀតផង។

តាមរបាយការណ៍ កូនក្រមុំម្នាក់ បានដឹងថា កូនកំលោះរបស់នាង ចូលចិត្តអ៊ុលត្រាមែនខ្លាំងណាស់ នាងក៏រៀបចំខ្លួនស៊ើផ្រៃស៍នៅក្នុងពិធីអាពាហ៍ពិពាហ៍ក្នុងអំឡុងពេលអង្គុយរង់ចាំកូនកំលោះមកទទួល ដោយបានជ្រើសរើសស្លៀកឈុតអ៊ុលត្រាមែន ជំំនួសឱ្យឈុតកូនក្រមុំពណ៌ស ឬពណ៌ក្រហម…ហើយវាបានសាងនូវភាពភ្ញាក់ផ្អើលចំពោះកូនកំលោះយ៉ាងខ្លាំង ដល់ថ្នាក់គេលាន់មាត់ថា “មិននឹកស្មានថា បានរៀបការជាមួយអ៊ុលត្រាមែនសោះ!”
តមក លោកចាវ ដែលជាកូនកំលោះបានប្រាប់ឱ្យដឹងថា រូបគេស្គាល់កូនក្រមុំម្នាក់នេះ ៩ឆ្នាំ និងសេពគប់គ្នាជាសង្សារបាន ៧ឆ្នាំមកហើយ។ នាងជានារីម្នាក់ដែលរួសរាយ ស្រស់ស្រាយ និងគួរឱ្យស្វែងយល់យ៉ាងខ្លាំង ហើយថែមទាំងតែងមានរឿងស៊ើផ្រៃស៍បន្តិចបន្តួច ធ្វើឱ្យលោកភ្ញាក់ផ្អើលជានិច្ច។

ក្នុងថ្ងៃរៀបការ រូបគេកំពុងលេងហ្គេមជាមួយនឹងអ្នកកំដរកូនក្រមុំ និងអ្នកកំដរកូនកំលោះនៅខាងក្រៅបន្ទប់ លុះលេងចប់ហើយ គេក៏ប្រញាប់ដើរចូលទៅក្នុងបន្ទប់ ដើម្បីទៅដឹកដៃកូនក្រមុំចេញមក ដោយមិនបាននឹកគិតសោះឡើយថា ស្រាប់តែបានឃើញអ៊ុលត្រាមែនកំពុងឈររង់ចាំនៅលើគ្រែ…ការស៊ើផ្រៃស៍លើកនេះ ធ្វើឱ្យគេរំភើបចិត្ត និងមានសេចក្ដីសុខខ្លាំងណាស់ ព្រោះទោះជានាងមិនសូវចូលចិត្តអ៊ុលត្រាមែនក្ដី តែក៏នាងសុខចិត្តធ្វើដើម្បីមនុស្សប្រុសដែលនាងស្រឡាញ់ដែរ។
“ខ្ញុំមិនដែលបានគិតសោះថា នាងពេញចិត្តធ្វើរឿងនេះសម្រាប់ខ្ញុំ ហើយបើខ្ញុំដឹងថា មានការតែងខ្លួនជាអ៊ុលត្រាមែនបែបនេះ ខ្ញុំប្រហែលជាត្រូវសម្ដែងតួ ធ្វើជាសត្វចម្លែកតូចមួយ ឬក៏អ៊ុលត្រាមែន ១ទៀតហើយ”៕




