នាងក្រមុំចិនម្នាក់បានប្រកាសតាមរកឆ្កែសំណព្វចិត្តដែលបានបាត់ចេញពីផ្ទះ ទាំងចំណាយលុយផង បិទប្រកាសផង ក៏នៅតែគ្មានអ្នកណាចាប់អារម្មណ៍ ទើបនឹកឃើញអៃឌៀថ្មី ដោយកាត់យករូបមុខឆ្កែ មកបិទពីលើមុខខ្លួនឯង ហើយផូស្តប្រកាស ក៏ស្រាប់តែមានអ្នកចាប់អារម្មណ៍យ៉ាងច្រើនកុះករ…
សុនខពូជ បឌើរ៍ ខូលលី របស់នាងបានបាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុ នាងនឹកខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង និងព្យាយាមធ្វើគ្រប់វិធី ដើម្បីតាមរកឆ្កែឱ្យឃើញមកវិញ…មានទាំងផូស្តរូបប្រកាសរក បិទរូបប្រកាសរក ផូស្តវីដេអូ ឬសូម្បីតែចំណាយលុយប្រមាណជាង ៣ ០០០យន់ ឬជាង ៤០០ដុល្លារ ទៅលើការផ្សព្វផ្សាយទៀតផង តែ ក៏នៅតែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ។

នៅពេលមើលឃើញថា ឱកាសក្នុងការតាមរកឆ្កែសំណព្វចិត្តឱ្យឃើញមកវិញ មើលទៅដូចជាលែងសូវមានសង្ឃឹមហើយនោះ នាងក៏សម្រេចចិត្តធ្វើវិធីប្លែកមួយ ដោយការផូស្តឃ្លីបវីដេអូរបស់នាងខណៈកំពុងរាំនៅក្នុងបណ្ដាញសង្គមតូវអ៊ីន តែអ្វីដែលមិនធម្មតានោះគឺ នាងបានកាត់រូបមុខឆ្កែ មកបិទពីលើមុខខ្លួនឯង…
វិធីការដ៏ប្លែកនេះ ស្រាប់តែទទួលបានលទ្ធផលល្អយ៉ាងមិននឹកស្មានដល់ ដោយសារវាអាចទាក់ទាញអ្នកចូលមើល ច្រើនដល់ទៅរាប់សិបលាននាក់ មានចំនួនឡៃខ៍ និងចំនួនខំមិនត៍ កើនឡើងទ្វេដង ហើយទីបំផុត នាងក៏បានជួបសត្វឆ្កែសំណព្វចិត្តនោះឡើងវិញ តែមិនមែនបានមកដោយសារការជួយរបស់អ្នកលេងបណ្ដាញសង្គមទាំងនោះទេ គឺនាងបានរកវាឃើញដោយខ្លួនឯង នៅលើផ្លូវនៅឯជាយក្រុងមួយ។ ក្រៅពីនេះនាងថែមទាំងសម្រេចចិត្ត ប្រើប្រាស់អៃឌៀរបស់នាង ជួយដល់អ្នកឯទៀត ដែលត្រូវការតាមរកសត្វចិញ្ចឹមរបស់ពួកគេ ដោយធ្វើជូនពួកគេទាំងនោះ ដោយមិនគិតប្រាក់ទៀតផង៕














