ប៉ុន្មានថ្ងៃថ្មីៗនេះ រូបភាព និង Caption ពីអ្នកលេងបណ្តាញសង្គម ដែលបានដាក់ថា «ករណីឡានធ្លាក់ផ្លូវនៅសៀមរាប កៀបលោក police ដែលកំពុងបត់ជើងក្បែរផ្លូវជាតិ» បានកំពុងល្បីយ៉ាងខ្លាំង ខណៈមហាជនជាច្រើន បន្ទាប់ពីបានឃើញច្បាស់ នូវទង្វើដ៏មិនថ្លៃថ្នូរមួយនេះ នាំគ្នាសម្តែងការហួសចិត្តខ្លាំងបំផុត។
ពិតណាស់ ដោយសារតែរូបភាពងងឹត នោះដំបូងឡើយ ជឿថាគ្រប់គ្នាគិតថា នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយ។ ទោះជាយ៉ាងណា បន្ទាប់ពីពិនិត្យឲ្យបានដិតដល់ ពុទ្ធោ ស្រាប់តែឃើញ «នាងពូន» កំពុងផ្ចិតផ្ចង់ជាមួយកាមេរ៉ាចាប់ល្បឿន លាក់ខ្លួនក្នុងគុម្ពោតព្រៃ ក្បែរឡានសោះ។
លើសពីនេះ អ្វីដែលហួសចិត្តបំផុតនោះ គឺត្រង់ថា ជនស៊ីវិលនោះ កំពុងពួនចាប់ល្បឿន នៅពីមុខបង្គោល 40khm/h ។ ហេតុដូច្នេះ នៅពេលឡានចូលមកដល់ មិនបានបង្អង់ល្បឿន ឬអ្នកដំណើរមិនចាប់អារម្មណ៍ដឹងជាមុន នឹងជាប់គ្មានគេចរួចមួយនោះទេ។
ជាមួយនឹងទង្វើដ៏មិនថ្លៃថ្នូរ ពួនដូចចោរនេះ ប្រជាពលរដ្ឋ បានលើកឡើងចំៗថា៖ «តាមពិតរឿងព្រមានអំពីល្បឿននេះ គេមិនចាំបាច់ពួនទេ។ តែផ្ទុយទៅវិញ គេដាក់ស្លាកប្រាប់អ្នកបើកបរឱ្យដឹងមុន ព្រោះគេមិនចង់ឱ្យមានការបើកបរលើសល្បឿន។ បើដាក់ចាប់ល្បឿនស្ងាត់ៗអ៊ីចឹង គឺមិនមែនបំណងល្អទេ តែជាមុខរបរតែម្តង»។ រីឯប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ក៏បានប្រាប់ឲ្យដឹងថា ផ្លូវជាតិលេខ៣, ផ្លូវបន្ទាយមានជ័យចន្លោះភូមិ សាលាឆេះ និងរហាលខាងកើត និងផ្លូវដាច់ស្រយាលដទៃទៀត កំពុងចាប់ល្បឿន 40km/h រៀលរាល់ថ្ងៃហ្នឹង។ ប៉ុន្តែ ខ្លាចបំផុត គឺអារឿងដើរដាក់ទីតាំងចាប់ចល័តហ្នឹងតែម្តង ដោយសូមឲ្យបងប្អូនអ្នកបើកឡាន ត្រូវមានការប្រុងប្រយ័ត្ន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង