កូនស្រីទី២ របស់អ្នកនាង ផន សុផារី ឈ្មោះ វណ្ណារ៉ា រីអ៊ែលលី ឬហៅ អែលលី កំពុងទទួលបានការស្រលាញ់ចូលចិត្តជាខ្លាំង ពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន នោះក៏ព្រោះម្នាក់ៗក្នក់ក្នាញ់ពីភាពឆ្លាតវៃ និងទឹកមុខដ៏ឃ្យូត ក្រម៉ិចក្រម៉ើមរបស់នាងតូចរូបនេះ។
ដោយសារតែឃើញមានការគាំទ្រ ពីពុកម៉ែបងប្អូនជាច្រើន អ្នកម៉ាក់សាច់សខ្ចី ផន សុផារី ដែលជាអ្នកសិល្បៈល្ខោនដ៏មានទេពកោសល្យ និងជាកូនស្រីសំណព្វរបស់ដង្ខៅល្ខោនបាក់សាក់ដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា «វង់ ភីសុគន្ធី» តែងតែបង្ហោះវីដេអូខ្លីៗ បង្ហាញពីសកម្មភាពកូនស្រីទាំងពីររបស់នាង នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមានការចែករំលែកតៗគ្នាព្រោងព្រាត។ តែក្នុងចំណោមកូនស្រីទាំងពីរ គឺនាងតូច អេលី ទទួលបានការគាំទ្រចូលចិត្តជាខ្លាំង តាមរយៈភាពម្ញ៉ិកម្ញ៉ក់របស់ក្មេងស្រីតូចនេះដែលគួរឲ្យខ្លាញ់បំផុត។
តែទន្ទឹមនឹងគ្រប់ៗគ្នា កំពុងស្រលាញ់ចូលចិត្ត និងតាមដានពីសកម្មភាពរបស់ អេលី ដូចតាមរឿងភាគ ស្រាប់តែមានបុគ្គលម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីណាក់ ស្រីណាក់ ដោយមិនដឹងថាជាស្រី ឬ ប្រុស បែរមានគំនិតដ៏អាក្រក់ ចេញមកប្រមាថជីវិតក្មេងស្រីរូបនេះបែបនេះថា៖ «អេលី បានស្លាប់ហើយបងប្អូន អាណិតណាស់ idol តូច»។
ក្រោយពីបានឃើញបែបនេះ អ្នកនាង ផន សុផារី ជាម្តាយពិតជាមិនអាចទទួលយកបានឡើយ ដោយអ្នកនាងបានធ្វើការឆ្លើយតបឡើងញ័រសាច់ថា៖ «ជេខ្ញុំ ប្រមាថខ្ញុំ ខ្ញុំអាចលើកលែងឲ្យបាន តែកុំប្រមាថជីវិតកូនខ្ញុំ កុំស្មានថាខ្ញុំឲ្យអ្នកឯងរស់បានសុខឲ្យសោះ !!! អរគុណបងៗដែលជួយអន្តរាគមន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department។
ទោះជាយ៉ាងណា អ្នកនាង សុផារី ក៏បានបញ្ចាក់ថា ប្រសិនបើអ្នកនាងនឹងមានចំណាត់ការតាមផ្លូវច្បាប់ គឺសំដៅតែទៅលើម្ចាស់គណនីហ្វេសប៊ុកនេះប៉ុណ្ណោះ ចំណែកម្ចាស់រូបក្នុង Profile ប្រសិនបើមិនមែនជាម្ចាស់ខ្លួនពិត គឺមិនពាក់ព័ន្ធឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














