ថ្មីៗនេះ រឿងរ៉ាវទាក់ទងចោរដ៏មិនធម្មតា បន្លំធ្វើជា «ម្ចាស់» លេខទូរស័ព្ទ អាចទៅបើកស៊ីម Metfone បាន? ដើម្បីគ្រប់គ្រង ហើយក៏ឈានទៅដកលុយពីកុងធនាគារ ABA អស់រហូត ១០ ម៉ឺនដុល្លារ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងកើតជាចម្ងល់លើកឡើងព្រោងព្រាតទៅកាន់ក្រុមហ៊ុនទូរស័ព្ទ Metfone និងធនាគារ ABA ព្រោះថា បើកsim ទាល់តែ sim ដាក់អត្តសញ្ញាណប័ត្រ ហើយតាមដឹងដើម្បីបើកបាន គឺទាល់តែមានអត្តសញ្ញាណប័ណ្ណ ហើយការ Login ចូល App របស់ ABA ទាល់តែស្គាល់ password បើមិនចងចាំ password ទាល់តែត្រូវ Upload អត្តសញ្ញាណប័ណ្ណម្ចាស់គណនី រូចនៅស្គេនមុខទៀត ហើយបើ login ចូលបាននៅត្រូវស្គាល់ PIN 4ខ្ទង់ទៀត ទើបអាចផ្ទេរប្រាក់បាន អត់យល់។
ទោះជាយ៉ាងណា ជុំវិញករណីដ៏ច្របូកច្របល់នេះ ដែលអ្នកខ្លះថា កំហុសមកពីខាង Metfone រីឯអ្នកខ្លះទៀតថា មកពី ABA ក្នុងនោះ អ្នកធ្លាប់មានបទពិសោធន៍ប្រើប្រាស់កម្មវិធី ABA ម្នាក់បានលើកឡើងថា៖ «កម្មវិធី ABA មិនមែនដូចកម្មវិធី Facebook គ្រាន់តែទទួលលេខកូដពីស៊ីម ហើយអាចចូលបាននោះទេ ទោះស្គាល់លេខកូដ4ខ្ទង់ក៏ដោយ វាត្រូវឆ្លងកាត់ដំណាក់កាលច្រើន ហើយដំណាក់កាលខ្លះមិនពាក់ព័ន្ធជាមួយស៊ីមទេ សុំមូលហេតុដែលអាចឆ្លងកាត់ព័ត៌មានដែលមិនទាក់ទងជាមួយស៊ីមមក ព្រោះខ្ញុំក៏ជាអតិថិជន ABA មួយរូបដែរ ហើយធ្លាប់ផ្លាស់ប្តូរប្រើលើទូរស័ព្ទ ឃើញថាត្រូវឆ្លើយតបជាមួយព័ត៌មានផ្ទាល់ខ្លួនក្រៅពីស៊ីមទូរស័ព្ទទៀត ហើយករណីនេះមានតែស៊ីម ហេតុអ្វីអាចបើកដំណើរការលើទូរស័ព្ទថ្មីបាន ដោយគ្រាន់តែមានស៊ីម ខ្ញុំគិតថាទិន្ន័យ តែគិតថា ABA នៅតែមានចន្លោះប្រហោងផ្នែកសុវត្ថិភាពផ្នែកបច្ចេកវិទ្យារបស់ធនាគារ រឺមកអតិថិជនបែកធ្លាយព័ត៌មានសង្ងាត់ដោយខ្លួនឯង តែនៅតែឆ្ងល់ម៉េចនឹងឆ្លងកាត់ការស្កេនមុខ និងអត្តសញ្ញាណប័ណ្ណបាន»។
ចំណែកអ្នកប្រើប្រាស់សេវា ABA ម្នាក់ទៀត ក៏បានលើកឡើងជាចម្ងល់ដែរថា៖ «ABA ដូចជាមិនងាយឆ្លងកាត់ដំណាក់កាលនេះប៉ុន្មានទេ ឬក៏ចោរនោះមានទាំងអត្តសញ្ញាណបណ្ណម្ចាស់ដើម ហើយទាំងមានមុខស្រដៀងម្ចាស់ដើមទៀត? ឬក៏ភាពកំសោយនៃសុវត្ថិភាពរបស់ធនាគារ ដែលអាចអោយគេឆ្លងកាត់ដំណាល់កាលនេះ? ខ្ញុំជឿថា គាត់អ្នករកស៊ិធំដុំដែរ ខ្ញុំមិនជឿថា គាត់មិនបាន verified កុងធនាគារបស់គាត់ ជាមួយភ្នាក់ងារនោះទេ។ (កុំលេងសើច ព្រោះអាជីវកម្ម) សុំទោសបើខ្ញុំស្មានខុស តែបើមែន ជូនពរអោយបានលុយមកវិញឆាប់ៗ»។
ទោះជាយ៉ាងណា ករណីនេះហាក់មានសង្ឃឹម រាងធូរទ្រូងជំនួសជនរងគ្រោះ ខណៈដែលខាងធនាគារ ABA បានកំពុងធ្វើការ ដោយសន្យាជួយស៊ើបអង្កេត និងសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនជនល្មើសផងដែរ។
នេះបើតាមស្រ្តីជាជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Rany Beauty បានបង្ហោះឲ្យដឹងថា៖ «មកដល់ពេលនេះ ទទួលស្គាល់ថា រាងកាយខ្ញុំអស់កម្លាំង តែកម្លាំងចិត្តពីខាងក្នុងខ្ញុំនៅតែខ្លាំង ក៏ព្រោះតែទទួលបានការស្រលាញ់ ការលើកទឹកចិត្តពីគ្រួសារ បងប្អូន មិត្តភក្តិ និងអតិថិជនទាំងអស់គ្នាតាំងពីថ្ងៃកើតហេតុមកដល់ថ្ងៃនេះ ខ្ញុំពិតជារំភើបបំផុតនិងដឹងគុណណាស់។
ដោយសារតែការព្រួយបារម្ភរបស់បងប្អូនជាច្រើនឆាតសួរសុខទុក្ខ តែខ្ញុំមិនទាន់បានឆ្លើយតបទៅវិញ ក៏ព្រោះតែរវល់ដោះស្រាយការងារជាមួយច្បាប់! ឥទ្បូវនេះខ្ញុំសុំអាប់ដែតពត៌មាន បន្ទាប់ពីទទួលបានការសហការណ៍ជួយជ្រោមជ្រែងពីធនាគា ABA តាមពិតរឿងហ្នឹងវាកើតឡើងដោយសារ ស៊ីមប្ដីខ្ញុំត្រូវជនបន្លំខ្លួនទៅបើកប្រើ ដោយលេខនេះគឺមានប្រើជាមួយ ABA របស់ខ្ញុំដែលកំពុងប្រើស្រាប់ ពួកខ្ញុំបានជួបនិយាយជាមួយធនាគារ ABA ហើយខាងធនាគារបានពន្យល់ពីដំណើរការ និងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ មានអារម្មណ៍ថា កក់ក្តៅនិងជឿជាក់ថាមិនពាក់ពន្ធ័នឹង ABA ហើយក៏ជឿថាលុយដែលជាញើសឈាមរបស់ខ្ញុំនឹងទទួលបានមកវិញឆាប់ៗនេះ អរគុណសំរាប់ទឹកចិត្ត។ កាន់តែកក់ក្តៅទៀត គឺខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះ ជាមួយពួកខ្ញុំ និងប៉ូលិសដើម្បីរកជនល្មើសផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





