រឿងរ៉ាវប៉ូលិសចរាចរណ៍ ជាពិសេសបុគ្គលមានឈ្មោះជាប៉ូលិសក្រៅក្របខ័ណ្ឌ ឬ ហៅថាមន្រ្តីជាប់កិច្ចសន្យា គឺតែងតែឃើញនៅតាមគោលដៅ នៃដងផ្លូវជាច្រើន ជាប្រចាំថ្ងៃ បើទោះជាថ្នាក់លើ បានប្រកាសដកបញ្ឈរជើងមន្រ្តីជាប់កិច្ចសន្យាម្នាក់ ដែលបានធ្វើខុសពីតួនាទីរបស់ខ្លួន ចុះផាកពិន័យក្នុងឯកសណ្ឋានឡើងហំ ជាជាងចុះទៅសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ដកមន្ត្រីកិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្តុបទួលពង្រ យកមកអនុវត្តវិន័យ ដោយសារតែមន្ត្រីរូបនោះពាក់អាវចំណាំងពន្លឺ មានសរសេរពាក្យថា ន.ប.ភ.ព។ តែទោះជាយ៉ាងណា គេនៅតែឃើញមន្ត្រីកិច្ចសន្យា ស្លៀកពាក់សម្លៀកបំពាក់ខុសគោលការណ៍ថ្នាក់ដឹកនាំ ដើរបោះគោលដៅ ដើម្បីផាកពិន័យខុសតួនាទីដដែល ឬមួយមកពីសំដីថ្នាក់ដឹកនាំសាបដូចទឹក??។
ពិតណាស់ ដោយសារតែមានឈ្មោះជាមន្រ្តីជាប់កិច្ចសន្យា ឬ ហៅថា មន្រ្តីក្រៅក្របខណ្ឌ ហេតុដូចនេះ ទើបបានជាអស់លោកទាំងនោះ មិនហ៊ានបញ្ចេញមុខមាត់ ទោះត្រូវឃ្លុំមុខទាំងក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយ ដោយដើរដាក់គោលដៅផាកពិន័យម្តងទីនេះម្តងទីនោះ ដើម្បីកុំឲ្យប្រជាពលរដ្ឋចាប់ថ្នាក់បាន។
តួយ៉ាង ដូចក្នុងវីដេអូមួយនេះជាដើម ដែលឃើញហើយពិតជាហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលបានឃើញប៉ូលិសក្រៅក្របខណ្ឌមួយក្រុម គឺថាម្នាក់ៗសុទ្ធតែឃ្លុំមុខជិតឈឹងតែម្តង ដើម្បីគេចផុត ពីកាមេរ៉ារបស់ប្រជាពលរដ្ឋ យកទៅបង្ហោះធ្វើឲ្យអាម៉ាសមុខ។
ក្រោយពីបានឃើញបែបនេះ ប្រជាពលរដ្ឋជាអ្នកលេងបណ្តាញសង្គម បានសម្តែងការហួសចិត្តគ្រប់ៗគ្នាថា៖ «បិទមុខជិតថែមវែនតាខ្មៅ ចោរសុទ្ធ, ពួកហ្នឹងកម្រដែលឃើញជួយសម្រួលចរាចរណ៍ទេ តែមានសិទ្ធិឃាត់អ្នកល្មើសចរាចរណ៍ទៀត!, “និនចារ” តាមដងផ្លូវមានតែស្រុកខ្មែរទេ ដែលអាចធ្វើបាន, ពាក់ម៉ាស់ធ្វើអ្វី បើយើងបរិសុទ្ធផូរផង់, គេលេងប៉ាហ៊ីហ្នឹងហា បើដកមែនបានបច្ច័យណាចូលហោប៉ៅពួកមេៗ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







