ដូចដែលបងប្អូន មហាជន បានទទួលជ្រាបរួចហើយ កាលពីម្សិលមិញនេះ រឿងរ៉ាវទាក់ទងនឹងវីដេអូដែលផេកឈ្មោះថា «តើការបើកបររបស់ខ្ញុំដូចម្តេចដែរ ? How is my driving ?» បានបង្ហោះ បង្ហាញពីទិដ្ឋភាពប៉ូលិសចរាចរជាប់កិច្ចសន្យាវ័យក្មេងៗ «ឃ្មុំមុខជិតឈឹង» ខណៈកំពុងបំពេញការងារអនុវត្តច្បាប់ចរាចរណ៍ដ៏មិនសមទំនង ត្រូវបានមហាជនផ្ទុះរិះគន់ដោយប្រើពាក្យពេចន៍ចំអកយ៉ាងធ្ងន់ៗ ហើយ CEN ក៏បានដកស្រង់យកចុះផ្សាយ ឃើញថាក៏បានផ្ទុះល្បីឡើងកក្រើកខ្លាំងតែម្តង រហូតខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលហាក់មានចេតនាការពារសកម្មភាពអនុវត្តច្បាប់របៀបនេះ ក៏បានប្រតិកម្មចោទស្ថាប័នសារព័ត៌មាន CEN ថាចុះផ្សាយដោយខ្វះនូវវិជ្ជាជីវៈ ជេប្រមាថ ញុះញង់ឲ្យមានការរើសអើង មកលើមន្រ្តីអនុវត្តច្បាប់ ដែលពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង។
ពិតណាស់ រឿងមួយនេះ ឃើញថាបានល្បីកក្រើកខ្លាំងណាស់ ខណៈមតិមហាជនសឹងមួយប្រទេស បានសម្តែងការមិនគាំទ្រនូវទង្វើនេះសោះឡើយ ព្រោះថា ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់ មិនត្រូវឃ្លុំជិតឈឹងមិនឲ្យប្រជាពលរដ្ឋស្គាល់បែបនេះនោះទេ ព្រោះដឹងស្រាប់ហើយថា សព្វថ្ងៃនេះ មានជនក្លែងបន្លំជាប៉ូលិសធ្វើបាបប្រជាពលរដ្ឋជារឿយៗ ដែលធ្វើឲ្យប្រជាពលរដ្ឋឃើញសមត្ថកិច្ច ខ្លាចជាងជួបចោរទៅទៀត។ មែនហើយ បើយើងអនុវត្តច្បាប់ត្រឹមត្រូវ មិនមានគំនិតខូច កុំខ្លាចអីកាមេរ៉ា កុំខ្លាចប្រជាពលរដ្ឋឃើញមុខ នោះគឺគ្មានអ្នកណាចោទអស់លោកទៀតទេ ព្រោះថាការ «ឃ្លុំមុខ ពាក់វែនតាខ្មៅ» មិនឲ្យឃើញមុខបែបនេះ វាជាស្តាយល៍តែមួយ ដែលប៉ូលិសចរាចរបង្កើតមុខរបរលើដងផ្លូវ បានធ្វើឡើងជាហូរហែរួចមកហើយ! មិនមែនប្រជាពលរដ្ឋមិនដឹងថា អស់លោកទាំងនោះធ្វើបែបនេះដើម្បីអ្វីនោះទេ?។
តែទន្ទឹមនឹងរឿងនេះ បានផ្ទុះឡើងក្តៅគគុក ស្រាប់តែប៉ូលិសវ័យក្មេងម្នាក់ ក្នុងចំណោមនោះ ដែលគេស្គាល់ថា ជាកីឡាករបាល់ទះម្នាក់ បានចេញមុខបកស្រាយ រឿងមហាជនរិះគន់ «ឃ្លុំមុខចឹងដូចចោរ» ដោយពន្យល់ថា ក្រុមរបស់ខ្លួន ឃ្លុំមុខដើម្បីការពារកម្តៅថ្ងៃប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្រោយពីបានលឺនិយាយបែបនេះ មហាជនជាច្រើន ក្នុងចំណោមអ្នកជា Idol ដែលចូលទៅកាន់ជើងដ៏ខុសរបៀប បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយបានឆ្លើយតបដាក់ឲ្យឡើងចុកៗបន្ថែមថា៖ «ឈប់ធ្វើPoliceទៅធ្វើការOfficeវាមិនក្ដៅ មិនត្រូវអូលីដី, ទាហានក្ដៅជាងហ្នឹងទៀត, បើខ្លាចក្ដៅ ខ្លាចខ្មៅ ដាក់ពាក្យសុំលាលែងពីមន្ត្រីទៅ កុំតែងខ្លួនដូចនិនចារទៅធ្វើការ, ពិបាកខ្លាំងលាឈប់ទៅ ពេលចាប់គេម្ដងៗលេស១០០០ជំពូក, ចេះវិន័យអត់នុង ពាក់ចឹងហ្នឹង?, អាពូហ្នឹង គាត់និយាយជាន់កែងខ្លួនឯងហើយ កុំប្រកាន់គាត់ មកពីគាត់មិនបានប្រឡងចូលចឹងហើយ, កែបានកែ កុំតមាត់ ម្នាក់ៗមានកំហឹងពេញខ្លួន ទាំងខ្ញុំម្នាក់ដែរ, ចុះអ្នកបក់ដៃអោយចាប់ខាងមុខ មិចបានពាក់ស៊ីវិល ហើយបាំងមុខជិតលើសបងក្នុងរូបទៀត ហើយអង្គុយនៅក្នុងម្លប់សោះ អាហ្នឹងមិចវិញបង ជួយពន្យល់ប្អូនតិចផង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






