ភ្នំពេញ ៖ សមត្ថកិច្ចអន្តោប្រវេសន៍បានពិនិត្យរកឃើញមាន ជនជាតិវៀតណាម សរុបចំនួន១១នាក់ (ស្រី១០នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ កំពុងរកស៊ីជ្រកក្រោមស្លាកហាងកាហ្វេ និងហាងម៉ាស្សាកោសជប់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាមដែលឆ្លងដែន និងធ្វើការខុសច្បាប់ ស្ថិតនៅហាងកាហ្វេ និងហាងម៉ាស្សាកោសជប់ តាមបណ្តោយផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ៕ ដោយ៖បញ្ញាស័ក្តិ