Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ ស្នើឲ្យតារាចម្រៀង មាស សុខសោភា ដកចេញនូវបទចម្រៀងដែលមានចំណងជើង មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ជាបន្ទាន់

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថារហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។

ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថាបទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។

នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×