Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអង្គការណាតូ ជំរុញតួកគី ឱ្យយល់ព្រមទទួលស៊ុយអែត ជាសមាជិកភាពរបស់ណាពរផងទៅ ព្រោះបានបំពេញលក្ខខណ្ឌរួចហើយ

បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខដឹកនាំអង្គការណាតូ លោក ជេន ស្តុលថេនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យ រដ្ឋាភិបាលអង់ការ៉ា នៃប្រទេសតួកគី ទម្លាក់ចោលការប្រឆាំងរបស់ខ្លួនចំពោះការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធាណាតូ ដោយនិយាយថា ទីក្រុងស្តុកខម បានដោះស្រាយកង្វល់សន្តិសុខជូនប្រទេសតួកគី បានហើយ។

លោក ជេន ស្តុលថេនប៊ឺក បានប្រាប់សារព័ត៌មាន បន្ទាប់ពីលោកជួបជាមួយប្រធានាធិបតីតួកគី លោក រីស៊ីប ថាយយីប អេដូហ្គេន (Recep Tayyip Erdogan) ថា «ស៊ុយអែតបានចាត់វិធានការជាក់ស្តែងសំខាន់ៗ ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រទេសតួកគី រួចហើយ គឺស៊ុយអែតបានបំពេញកាតព្វកិច្ចរបស់ខ្លួន សម្រាប់លក្ខខណ្ឌចូលណាតូ។

គួរបញ្ជាក់ថា ប្រមុខអង្គការណាតូ លោក ស្តុលថេនប៊ឺក (Stoltenberg) កាលពីថ្ងៃសៅរ៍ បានចូលរួមក្នុងពិធីអបអរសាទរ លោក អេដូហគេន (Erdogan) ដែលត្រូវបានបោះឆ្នោតក្លាយជាប្រធានាធិបតីប្រទេសតួកគី ឡើងវិញ សម្រាប់អាណត្តិថ្មីរយៈពេលប្រាំឆ្នាំទៀត ដែលមានការចូលរួមដោយមេដឹកនាំពិភពលោករាប់សិបនាក់នៅក្នុងរដ្ឋធានី អង់ការ៉ា (Ankara)។

បញ្ហាចូលជាសមាជិកអង្គការណាតូនេះដែរ រដ្ឋាភិបាលតួកគី ដែលជាសមាជិកអង្គការណាតូមួយដែរនោះ បានជំទាស់ជុំវិញការទទួលស្គាល់ប្រទេសស៊ុយអែតទៅក្នុងសម្ព័ន្ធមិត្តយោធានេះ។ ប្រទេសតួកគី និងហុងគ្រី គឺជាប្រទេសសមាជិកតែពីរប៉ុណ្ណោះ ដែលមិនទាន់ផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិករបស់ស៊ុយអែត ខណៈហ្វាំងឡង់ បានចូលរួមជាផ្លូវការក្នុងសម្ព័ន្ធយោធានេះកាលពីខែ មេសា។

លោក អេដូហ្គេន (Erdogan) បានចោទប្រកាន់ប្រទេសស៊ុយអែតថា ជាជម្រកសម្រាប់ «ភេរវករ» ជាពិសេសសមាជិកនៃគណបក្សពលករឃឺដ (PKK) និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន គឺជាក្រុមដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់តួកគី ដូច្នេះការចូលជាសម្ព័ន្ធមិត្តណាតូរបស់ស៊ុយអែត គឺពិតជាលំបាកមួយផងដែរ ដោយច្បាប់នៃសម្ព័ន្ធមិត្តមួយនេះ បានកំណត់ថា បើប្រទេសណាមួយវ៉េតូប្រឆាំងក្នុងការចូលជាសមាជិករបស់ប្រទេសណាមួយទៀតនោះ ប្រទេសដែលត្រូវប៉ុនប៉ងចូលជាសមាជិកណាតូនោះ គឺមិនអាចចូលបានឡើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×