Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង និងអាល្លឺម៉ង់ គឺជាដៃគូសហការមួយដ៏ល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាក់ព័ន្ធនានា រយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ

spot_img

ភ្នំពេញ ៖​ នាព្រឹកថ្ងៃចន្ទទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Jacques PETTET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវការស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រមទាំងសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្ដមទាំងពីរ ជាបន្តបន្ទាប់នៅក្នុងអាណត្ដិបេសកកម្មការទូតនៅកម្ពុជា។ តាមរយៈជំនួបនៅថ្ងៃនេះ សម្តេចក្រឡាហោម ក៏សម្ដែងនូវអំណរគុណចំពោះសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលតែងជួយគាំទ្រក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង កម្ពុជា និងអាល្លឺម៉ង់ បានយ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនិងផ្នែកពាក់ព័ន្ធរបស់បារាំង ក៏ដូចជាសហព័ន្ធអាល្លឺម៉ង់វិញ ក៏មានលទ្ធផលល្អប្រសើរផងដែរ ពិសេសការគាំទ្រកំណែទម្រង់រដ្ឋបាលមូលដ្ឋាន ឬហៅថាវិមជ្ឈការ និងវិសហមជ្ឈការ។

ក្នុងឱកាសនោះ ឯកឧត្ដមអគ្គរដ្ឋទូតបារាំង ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោម ចំពោះការផ្ដល់ឱកាសបានចូលជួបពិភាក្សាការងារ និងបានលើកឡើងដែរថាជាការពិត បារាំង និងអាល្លឺម៉ង់ គឺជាដៃគូសហការមួយដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះប្រទេសទាំងពីរបានគាំទ្រលើវិស័យពាក់ព័ន្ធនានាដល់កម្ពុជារយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមអគ្គរដ្ឋទូតបារាំង និងឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដើម្បីជជែកពិភាក្សាជាមួយសម្ដេចក្រឡាហោម ផងដែរ ដែលកិច្ចការទីមួយ ពាក់ព័ន្ធទៅនឹងដំណើរការក៏ដូចជាការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលឆាប់ៗខាងមុខនេះ កិច្ចការទីពីរ គឺពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសង្គមស៊ីវិលរបស់បារាំង និងអាល្លឺម៉ង់ ក្នុងដំណើរការអភិវឌ្ឍសង្គមកម្ពុជា និងទីបី ពាក់ព័ន្ធទៅនឹងដំណើរការកសាងក្របខ័ណ្ឌគតិយុត្ត ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យអនុវត្តច្បាប់។

ពាក់ព័ន្ធទៅនឹងកិច្ចការទីមួយ គឺអំពីដំណើរការនៃការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតទាំងពីរ ថាមកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ បានត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថាឆ្លងតាមបទពិសោធការបោះឆ្នោតបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្ត ឃើញថាការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ទាំងការថែរក្សាបាននូវបរិយាកាស សន្តិសុខ និងគ្មានអំពើហិង្សា។ សម្តេច ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះ បរិយាកាសសន្តិសុខ បម្រើដល់ការបោះឆ្នោតនាពេលខាងមុខក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ។

ចំពោះកិច្ចការទីពីរ ពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា រាប់ទាំងអង្គការសង្គមស៊ីវិល គាំទ្រដោយសាធារណរដ្ឋបារាំង ក៏ដូចជាអាល្លឺម៉ង់នោះ សម្ដេចបានជម្រាបជូនថាច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនៅជាធរមានរបស់កម្ពុជា ជាច្បាប់មួយដែលត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកទៅលើច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលដែលត្រូវបានសិក្សាស្រាវជ្រាវពីតាមបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួននៅលើសកលលោក ក្នុងនោះរួមទាំងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនថាទោះបីជាច្បាប់នេះទទួលការអនុម័ត និងនៅជាធរមាន ប៉ុន្តែរាជរដ្ឋាភិបាលបើកចំហទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងការពិនិត្យធ្វើវិសោធនកម្មដោយមកដល់ពេលនេះភាគីរាជរដ្ឋាភិបាលក៏ដូចជាភាគីអង្គការសង្គមស៊ីវិលបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅលើកិច្ចការនេះ។ សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្ត និងជំរុញឲ្យភាគីទាំងពីរបន្ដជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ដូចជាខ្លឹមសារសមស្របដែលបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

ដោយឡែកសម្រាប់ប្រធានបទ ពាក់ព័ន្ធនឹងការកសាងក្របខ័ណ្ឌគតិយុត្ត ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងកម្ពុជា និងបារាំង សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង និងឯកឧត្តមអគ្គរដ្ឋទូតអាឡឺម៉ង់ផងដែរថា រហូតមកដល់ពេលនេះ ក្រុមការងារនៃភាគីទាំងពីរកម្ពុជា-បារាំងក៏បានពិភាក្សាគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខ័ណ្ឌគតិយុត្តនរះ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសេចក្ដីសង្ឃឹម និងជឿជាក់ថាក្របខ័ណ្ឌគតិយុត្តនេះនឹងឈានដល់ការពិភាក្សាបញ្ចប់នាពេលឆាប់ៗ ផ្តល់លទ្ធភាពឲ្យមានការចុះហត្ថលេខាជាផ្លូវការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជានិងបារាំងក៏ដូចជាបម្រើដល់ការការពារផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×