Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលាការ

spot_img

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន១៨៣៥ នាក់។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលាការនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា ពីអតីតកាល កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺអ្វីៗទាំងអស់បានស្លាប់ក្នុងសម័យប៉ុលពតទាំងអស់ ប៉ុន្ដែក្រោយពេលដែលកម្ពុជាបានរំដោះមកវិញ គ្រប់វិស័យត្រូវបានរស់ឡើងវិញជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា កាលពីកំណែទម្រង់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៣ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃនេះ ប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់កម្ពុជា គឺត្រូវការធ្វើកំណែទម្រង់បន្តទៀត។សម្តេចតេជោបានមានប្រសាសន៍ថា ការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ បានផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ដូច្នេះឱកាសបង្កើតសាលាឧទ្ធរណ៍ ក៏មានតម្រូវការក្នុងការផ្ដល់ក្របខណ្ឌមន្រ្ដីយុត្តិធម៌បន្ថែមផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសលើកទឹកចិត្តដល់រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ត្រូវរួមគ្នាបង្កើតអគារអន្ដេវាសិកដ្ឋាន នៅទីតាំងអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ខណៈទីនេះមានផ្ទៃដីជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាប់។ សម្តេចតេជោក៏បានកោតសរសើរដល់បណ្ដាក្រសួងស្ថាប័នរបស់រដ្ឋនាពេលបច្ចុប្បន្ននេះ ដែលបានគិតគូរបានល្អ ដោយបានបង្កើនសាលារៀន និងកន្លែងបណ្ដុះបណ្ដាលដោយផ្ទាល់ដល់សិស្សមន្រ្ដី និងនិស្សិតនៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានច្រើន ដែលនេះគឺជារឿងល្អក្នុងការដោះស្រាយបញ្ហាវិវាទមួយចំនួននៅថ្នាក់មូលដ្ឋាន និងវិវាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋជាដើម ដោយមិនបាច់ឡើងដល់តុលាការ។ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលាការ ឬឈានទៅដល់ការប្រឈមផ្សេងៗទៀត ហើយការកាត់ក្ដីនេះត្រូវធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវយុត្តិធម៌ មិនត្រូវឱ្យមានពាក្យថា ឱ្យតែអ្នកមានគឺឈ្នះ អ្នកក្រចាញ់នោះទេ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តដាក់បទបញ្ជាដល់បណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់បានបង្កើតក្រុមមនុស្សទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។ សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹងថា នរណានៅពីក្រោយក្នុងការដឹកនាំពលរដ្ឋទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។ សម្ដេចណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។

ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងការអបអរសាទរសិស្សជ័យលាភី ផ្នែកចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន សូមជូនពរឲ្យសិស្សជីវៈតុលាការនិងមន្ត្រី នៃក្រសួងយុត្តិធម៌ទាំងអស់ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×