អតីតគូស្នេហ៍ បែកគ្នា ១០ឆ្នាំ ឱបគ្នាយំទឹកភ្នែកសស្រាក់ កណ្ដាលពិធីជប់លៀងមិត្តចាស់ ក្រោយដឹងថា នៅតែរង់ចាំគ្នាជានិច្ច…អ្នកដឹងរឿងអតីតកាល ប្រាប់ថា រឿងរ៉ាវកម្សត់ខ្លាំងជាងក្នុងកុនទៅទៀត។
ក្លាយជាឃ្លីបរលីងរលោងទឹកភ្នែកនៅក្នុងពិភពបណ្ដាញសង្គម ក្រោយពីអ្នកលេងសង្គមអនឡាញម្នាក់នៅក្នុងមណ្ឌលហ៊ើណាន ប្រទេសចិន បានផូស្តឃ្លីបវីដេអូហេតុការណ៍ក្នុងពិធីជួបជុំមិត្តចាស់សម័យរៀន ខណៈដែលបុរសម្នាក់ បានដើរចូលឱបនារីម្នាក់ទាំងទឹកភ្នែករលីងរលោង…នៅពេលដឹងរឿងរ៉ាវអតីតកាលស្នេហារបស់គេទាំង២ អ្នកលេងបណ្ដាញសង្គម រឹតតែរញ្ជួយចិត្តខ្លាំងទៅទៀត។
មិត្តភក្តិជិតដិតម្នាក់ បានបង្ហើបឱ្យដឹងថា ទាំង ២នាក់ធ្លាប់ជាគូស្នេហ៍នឹងគ្នា និងថែមទាំងជាមិត្តរួមថ្នាក់រៀននៅឯមហាវិទ្យាល័យទៀតផង។ ទាំង ២នាក់មិនបានជួបគ្នា ១០ឆ្នាំមកហើយ ដោយខាងស្រីជាកូនស្រីទោលក្នុងគ្រួសារមួយ ក្រោយរៀនចប់ នាងបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីធ្វើជាគ្រូបង្រៀន។
ចំណែកខាងប្រុស បានសម្រេចចិត្តបោះបង់ចោលការងារល្អ ដើម្បីតាមទៅរស់នៅឯទីក្រុងដែលគូសង្សាររស់នៅ។ គេចូលធ្វើការជាបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុនមួយនៅក្នុងទីក្រុងនោះ ដើម្បីបាននៅជិតគូសង្សារ ព្រោះគិតថា ការងារអ្វីក៏មិនសំខាន់ដែរ សូមឱ្យតែរូបគេបាននៅជាមួយគូស្នេហ៍ គឺគ្រប់គ្រាន់ណាស់ទៅហើយ។
តែយ៉ាងណាក្ដី គ្រួសាររបស់ខាងប្រុស បានជំទាស់យ៉ាងម៉ឺងម៉ាត់ ពួកគាត់មិនយល់ស្របឡើយ ដែលអ្នកកំលោះសុខចិត្តទៅធ្វើជាបុគ្គលិកសន្តិសុខបែបនោះ តែទោះជាយ៉ាងនោះក៏ដោយ ក៏អ្នកកំលោះនៅតែប្រកាន់យកជម្រើសរបស់គេដដែល។
គ្រប់យ៉ាងមើលទៅហាក់ដូចមានសេចក្ដីសុខល្អ រហូតដល់ថ្ងៃដែលគ្រួសាររបស់គូសង្សារ បានដឹងរឿងស្នេហារបស់ពួកគេ។ គ្រួសារខាងនាងក្រមុំ បានព្យាយាមហាមប្រាម និងមិនទទួលយកឡើយ ដែលកូនស្រីតែមួយរបស់គ្រួសារ ទៅស្រឡាញ់បុគ្គលិកសន្តិសុខបែបនោះ។
ឪពុកម្ដាយ បានប្រើគ្រប់វិធី ដើម្បីលួងលោមចិត្តកូនស្រី ពួកគាត់គិតថា កូនស្រីរបស់គាត់ ត្រូវតែមានជីវិតដ៏ល្អស្រស់ស្រាយ មានការងារល្អធ្វើ មានប្រាក់ខែច្រើន និងមានអនាគតល្អ។
តែ ពេលមិនអាចហាមកូនស្រីបាន ឪពុកម្ដាយក៏សម្រេចចិត្ត រកអ្នកដែលចេះសរសេរអក្សរដូចអក្សររបស់កូនស្រីរបស់ខ្លួន ដើម្បីសរសេរសំបុត្រផ្ញើទៅឱ្យកំលោះគូស្នេហ៍…ក្នុងសំបុត្របានសរសេរថា ការងាររបស់អ្នកកំលោះ មិនស័ក្តិសមធ្វើជាគូនឹងនាងឡើយ រស់នៅជាមួយគេហើយ នាងប្រហែលជាគ្មានអនាគតល្អឡើយ ឪពុកម្ដាយរបស់នាង នឹងឱ្យនាងរៀបការជាមួយអ្នកផ្សេង។
ក្រោយពីអានសំបុត្រចប់ និងចំណាំតួអក្សររបស់គូសង្សារបាន អ្នកកំលោះយើងអស់សង្ឃឹមយ៉ាងខ្លាំង និងចាកចេញពីទីក្រុងនោះភ្លាមតែម្ដង និងដោយសារតែរូបគេមានអារម្មណ៍កម្សត់ និងអស់សង្ឃឹមខ្លាំងពេក គេក៏លុបទិន្នន័យការទំនាក់ទំនងជាមួយគូសង្សាររបស់គេចោលទាំងអស់។
ខាងស្រីប្រាប់ថា ក្រោយពីសង្សាររបស់នាងចាកចេញទៅ នាងមានអារម្មណ៍វិលវល់យ៉ាងខ្លាំង នាងព្យាយាមស្វែងរកមូលហេតុនៃការបែកគ្នានេះ និងព្យាយាមគ្រប់វិធីក្នុងការទាក់ទងទៅគូស្នេហ៍របស់នាង តែក៏មិនអាចទាក់ទងបានឡើយ។
ពេលនាងទៅផ្ទះរបស់គូសង្សារ ឪពុកម្ដាយរបស់គេ ខឹងខ្លាំងណាស់ ពួកគាត់អះអាងថា នាងគឺជាអ្នកបំផ្លាញអនាគតរបស់កូនប្រុសគាត់ ព្រមទាំងសុំឱ្យនាងឈប់ទាក់ទងជាមួយកូនប្រុសរបស់គាត់តទៅទៀត។
“ពេលនោះខ្ញុំមានអារម្មណ៍ថា ដូចមេឃកំពុងបាក់ធ្លាក់សង្កត់មកលើខ្ញុំ សេចក្ដីស្នេហាដែលមើលទៅហាក់ដូចជាគ្មានថ្ងៃប្រែប្រួលនោះ ប្រែក្លាយជាគ្មាននៅសល់អ្វីទាំងអស់…ខ្ញុំសឹងតែលែងហ៊ានជឿថា អ្វីដែលគេហៅថា “ស្នេហាពិត” មាននៅលើពិភពលោកនេះទៀតហើយ…ពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំលែងចង់ធ្វើអ្វីទាំងអស់ លែងទៅធ្វើការ លែងញ៉ាំបាយ ខ្លួនខ្ញុំចុះស្គមយ៉ាងខ្លាំង”
ពេលឃើញកូនស្រីត្រូវរងទុក្ខលំបាកបែបនេះ ឪពុកម្ដាយមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង។ ពួកគាត់បានប្រាប់ការពិតទាំងអស់ឱ្យកូនស្រីដឹង តែនៅពេលដឹងគ្រប់យ៉ាងហើយ នាងរឹតតែកើតទុក្ខខ្លាំងទៅទៀត និងមានអារម្មណ៍ថា ខ្លួនឯងបានធ្វើខុសជាមួយគូស្នេហ៍ខ្លាំងណាស់។ ក្នុងអំឡុងពេលនោះ នាងមិនអាចទៅតាមរកគេបានទៀតទេ ព្រោះគ្រួសាររបស់គេ មិនត្រូវការឱ្យនាងទៅរស់នៅជាមួយកូនប្រុសរបស់ពួកគាត់ទេ ដូច្នេះនាងលែងមានសង្ឃឹមហើយ។
ក្រោយមក ឪពុកម្ដាយ បានណែនាំបុរស ២-៣នាក់ ឱ្យកូនស្រីបានស្គាល់ តែនាងមិនចាប់អារម្មណ៍ឡើយ។ ១០ឆ្នាំកន្លងទៅ នាងនៅតែនឹក និងតាមសួរដំណឹងសង្សាររបស់នាងជានិច្ច។
“ខ្ញុំបានត្រឹមតែនឹកសង្ឃឹមថា នឹងបានជួបគាត់ម្ដងទៀត ទោះជាពេលនេះគាត់មានភរិយា និងកូន និងមានគ្រួសារប្រកបដោយសេចក្ដីសុខហើយក៏ដោយ ក៏ខ្ញុំនៅតែរង់ចាំ ដើម្បីឱ្យបានជួបគាត់ម្ដងទៀតជានិច្ច”
រហូតដល់ថ្ងៃប្រារព្ធពិធីជប់លៀងជួបជុំមិត្តចាស់មហាវិទ្យាល័យក្នុងជុំ ១០ឆ្នាំ ទាំង ២នាក់បានមកជួបគ្នាដោយចៃដន្យ…នាងក្រមុំនិយាយថា នៅក្នុងពិធីជប់លៀងនោះ នាងស្ទើរតែមិនជឿភ្នែកខ្លួនឯងឡើយ នាងក្រឡេកទៅឃើញអតីតសង្សាររបស់នាង…គេធាត់ជាងមុន និងចាស់ជាងមុន។ នៅពេលអ្នកទាំង២ បានជួបមុខគ្នា ពួកគេភ្ញាក់ផ្អើល និងនិយាយអ្វីមិនចេញ…។
នៅពេលបានជជែកគ្នាហើយ ទើបទាំង ២នាក់បានដឹងថា ម្នាក់ៗនៅលីវនៅឡើយ…ទាំង ២នាក់នឹកចម្លែកចិត្តយ៉ាងខ្លាំង ពួកគេឱបគ្នា និងទួញយំ ព្រោះមិនគួរឱ្យជឿថា រយៈពេល ១០ឆ្នាំកន្លងមកនេះ ពួកគេនៅតែរង់ចាំគ្នាទៅវិញទៅមកជានិច្ច។
ក្រោយពីរឿងរ៉ាវមួយនេះ ត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមអនឡាញ ក៏ស្រាប់តែបានទទួលការចូលមកខំមិនត៍ពីអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនសន្ធឹក…គ្រប់គ្នារលីងរលោងទឹកភ្នែក អ្នកខ្លះអួលដើមក ចំពោះរឿងរ៉ាវស្នេហាដ៏ស្មោះបរិសុទ្ធរបស់គេទាំង២។
អ្នកលេងបណ្ដាញសង្គមម្នាក់ បានខំមិនត៍ថា “យើងទាំងអស់គ្នា សូមបន់ស្រន់ឱ្យពួកគេទាំង២ បានវិលមករស់នៅជាមួយគ្នាវិញ ប្រកបដោយសេចក្ដីសុខ ឱ្យស័ក្តិសមនឹងអ្វីដែលពួកគេទន្ទឹងរង់ចាំអស់រយៈពេល ១០ឆ្នាំកន្លងមកនេះ”៕