កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ ចែគេន ដែលជាម្ចាស់ហាងសាឡនដ៏ល្បីឈ្មោះ «កណ្ណិកាសាឡន» និងត្រូវជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កន្នីកា ពិតជាមានការស្លុតចិត្តជាខ្លាំង បន្ទាប់ពីទទួលបានដំណងថា ស្វាមីរបស់ថៅកែហាងសាឡនរូបនេះ បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ទាំងដែលកូនប្រុស២នាក់ នៅមិនទាន់ដឹងក្តីនៅឡើយ។
តែយ៉ាងណាមិញ ក្រោយ ចែគេន បានរៀបចំបញ្ចុះសពប្តីជាទីស្រលាញ់ ទៅតាមប្រពៃណីរួចរាល់ ក៏ស្រាប់តែលេចចេញរឿង២ដ៏មិននឹកស្មានដល់ ពោលគឺបន្ទាប់ពីសែនឲ្យប្តីរួច ចែគេន អាចដោះលេខកូដទូរស័ព្ទ, Notepad និងសូម្បីទូដែករបស់ប្តី ដែលពុំបានស្គាល់ពីមុនមក។ ប៉ុន្តែ រឿងដ៏សំខាន់ទី២ដែលគួរឲ្យព្រឺក្បាល និងស្លុតចិត្តខ្លាំងបំផុតនោះ គឺនៅពេល ចែគេន ឡើងទៅឆែកមើលបន្ទប់ជាន់លើបង្អស់របស់ប្តី ក៏ស្រាប់តែរកឃើញ «ខោលីអូ» មួយថង់ខ្មៅ ក្នុងនោះមានខោលីអូ១ឡើងគគ្រេចខ្លាំងបំផុត ដែលត្រូវបានដាក់នៅពីលើទូរស័ព្ទប្តីរបស់នាង។
ក្រោយរឿងនេះកើតឡើង ក៏មានគ្រូខាងអប៉ីជំនឿ បានប្រាប់ថា នេះគឺជាទង្វើ «ផ្លូវក្នុង» ដែលគេចង់ធ្វើបាបមកលើគ្រួសារ ចែគេន ឲ្យជួបគ្រោះ និងធ្លាក់ការរកស៊ីតែម្តង។ ដោយគិតថា រឿងនេះ ប្រហែលអាចស្ថិតនៅពីក្រោយការស្លាប់របស់ប្តី លុះឆែកមើលកាមេរ៉ា ពុទ្ធោ ទើបដឹងថា កូនចៅស្រីម្នាក់ ដែលជាងសាឡានដៃឆ្វេងរបស់ ចែគេន ផ្ទាល់ ជាអ្នកធ្វើរឿងនេះឡើងតែម្តង។
ពិតណាស់ បន្ទាប់ពីមានការសង្ស័យខ្លាំង ក៏ហៅនាំមកសួរនាំ ជាងសាឡនស្រីវ័យក្មេងនោះ ដែលមានឈ្មោះ អាម៉ី បានសារភាពថា រូបនាងពិតជាបានធ្វើរឿងនេះមែន ដោយគេជួលក្នុងតម្លៃ ២៥០០ ដុល្លារ ឲ្យយកថង់លីអូទាំងនោះ ទៅដាក់ក្នុងបន្ទប់ប្តីរបស់ ចែគេន ហើយហាមមិនឲ្យនិយាយអ្វីឡើយ បើហ៊ាននិយាយគេនឹងសម្លាប់ចោល។
ទោះជាយ៉ាងណា ចែគេន បានបញ្ជាក់ថា ពួកនាងមិនអាចធ្វើអ្វីទៅលើកូនស្រីក្បត់ចិត្តនេះ ដែលខំអាណិតស្រលាញ់ ឲ្យរស់នៅជាមួយរហូត ៩ ឆ្នាំ បានទេ ដោយបានត្រឹមបណ្តេញចេញពីផ្ទះ ព្រោះគ្មានច្បាប់កាត់ទោសពាក់ព័ន្ធរឿងអប៉ីជំនឿ «ផ្លូវក្នុង» នេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង