ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នកម្ពុជា ត្រូវការវិស័យសាធារណៈដែលខ្លាំង ដែលក្នុងនោះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវតែរឹងមាំ និងជាឧបករណ៍គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាតិគ្រប់បែបយ៉ាងទាំងអស់ ទាំងជានយោបាយ, សេដ្ឋកិច្ច និងសង្គម ឬក៏គ្រោះថ្នាក់ផ្សេងៗ។
ឯកឧត្តម វង្សី វិស្សុត បន្តថា តម្រូវការទាំងនេះ អាចទប់ទល់ និងជម្នះបាននូវរាល់ហានិភ័យ និងបញ្ហាប្រឈមនានា បណ្តាលមកពីសកលភាវូបនីយកម្ម, បញ្ហាភូមិសាស្រ្តនយោបាយ, ការបាក់បែកនៃភូមិសាស្រ្តសេដ្ឋកិច្ច ព្រមទាំងបញ្ហាការប្រែប្រួលអាកាសធាតុជាដើម សំដៅនាំនាវាកម្ពុជា ឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងភាពធន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងបែបនេះរបស់ ក្នុងសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងសមិទ្ធកម្មនៅប្រទេសបារាំង ដែលមានអ្នកជំនាញខ្មែរ និងបារាំង មានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម វង្សី វិស្សុត បានបន្តទៀតថា ដើម្បីធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំ យើងត្រូវមានក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធល្អ, គ្រប់ជ្រុងជ្រោយ, មានលក្ខណៈឆ្លើយតប, តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងត្រូវទាមទារសមត្ថភាពរបស់មន្រ្តី ទាំងផ្នែកជំនាញបច្ចេកទេស និងផ្នែកស្មារតី, សីលធម៌, គុណធម៌, និងគុណតម្លៃ។ បើមានតែច្បាប់ និងលិខិតបទដ្ឋានល្អ ហើយមន្រ្តីអត់មានសមត្ថភាព ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកសីលធម៌ និងស្មារតីទេ ក៏វាអត់ទៅមុខដែរ។ ដូចនេះ ទាមទារនូវការបណ្តុះបណ្តាលសមត្ថភាពជាប្រចាំ ក៏ដូចការបំពាក់នូវឆន្ទៈ និងស្មារតី កំណែទម្រង់។
ឯកឧត្តម Philippe Le Houerou ប្រធានក្រុមប្រឹក្សាភិបាលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានកោតសរសើចំពោះការបេជ្ញាចិត្ត និងតួនាទីនាំមុខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាពេលកន្លងមក។ ការប្តេជ្ញាចិត្តខ្ពស់នេះ បានគូសបញ្ជាក់យ៉ាងច្បាស់តាមរយៈការរៀបចំ និងការអនុម័តច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនាពេលថ្មីៗនេះ។ ដូច្នេះភាគីបារាំងរីករាយនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តកិច្ចការកែទម្រង់ដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ យើងបានធ្វើការទម្រង់នៅក្នុងគ្រប់ដំណាក់កាលនៃវដ្តថវិកា និងចាប់តាំងពីដើមទី រហូតទៅដល់អ្នកទទួលខុសត្រូវចុងក្រោយ នៅក្នុងបន្ទាត់នៃគណនេយ្យភាព, ពីថវិកាដែលផ្អែកលើធាតុចូល ទៅផ្នែកលើសមិទ្ធកម្ម និងពីការគ្រប់គ្រងតាមបែបមជ្ឈការ ទៅបែបវិមជ្ឈការ។ នេះជាខ្សែពីរដែលយើងដើរជាមួយគ្នា ក្នុងគោលដៅតែមួយ គឺបម្រើឱ្យប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងចីរភាពថវិកា។ ក៏ប៉ុន្តែការកែទម្រង់ហិរញ្ញវត្ថុ គឺដូចកិច្ចការប្រចាំថ្ងៃ ដែលត្រូវបន្តរៀន និងកែរហូតអត់ចប់ទេ សូម្បីតែប្រទេសបារាំងក៏មិនទាន់ចប់ដែរ។
គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីធ្វើការចែករំលែកបទពិសោធន៍អំពីការរៀបចំថវិកា, ការអនុវត្តថវិកា និងការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្មនៅប្រទេសបារាំង ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រៀមខ្លួន និងរៀបចំផែនការសកម្មភាពការងារ ក្នុងការអនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្មយ៉ាងយូរត្រឹមឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ៕