Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំរបស់អ៊ុយក្រែន បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង

spot_img

រដ្ឋធានីកៀវ៖ ក្រោយការបំផ្ទុះទំនប់ទឹកដ៏ធំបំផុតណូវ៉ាកាខូវកា (Nova Kakhovka) ឆ្លងកាន់ដងទន្លេនីប្រូ ធ្វើឲ្យទឹកហូរជន់លិច នៅក្នុងតំបន់សង្គ្រាមទាំងមូល ហើយឥឡូវនេះ អាជ្ញាធរក្នុងតំបន់ ក៏បានអះអាង ថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ក្រោយទឹកជន់លិចទីក្រុងនានារបស់ពួកគេ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែមិថុនា ថា ការដួលរលំសំណង់ នៅចុងខាងត្បូង នៃអាងស្តុកទឹកកាខូវកា (Kakhovka) ដ៏ធំសម្បើម កាលពីថ្ងៃអង្គារបានធ្វើឲ្យធារទឹក ហូរបុកយ៉ាងខ្លាំង។ ស្ថានភាពបែបនេះ រឹតតែបន្ថែមនូវទុក្ខវេទនា កាន់តែធ្ងន់ធ្ងរឡើង ដល់មនុស្សរាប់ពាន់នាក់ ដែលកំពុងតែជាប់នៅក្នុងតំបន់សមរភូមិ នៃសង្រ្គាមរបស់រុស្ស៊ី នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាលក្រុងកៀវ បានចោទប្រកាន់ដល់កងកម្លាំងទាហានរបស់រុស្ស៊ី ជាអ្នកបំផ្ទុះទំនប់វារីអគ្គិសនី និង ស្ថានីយវារីអគ្គិសនី នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់ក្រុងម៉ូស្គូ នៅក្នុងសង្គ្រាម អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ ដោយឡែក ក្រុមមន្ត្រីរុស្ស៊ី វិញ ក៏បានស្តីបន្ទោស អំពីការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែន ទើបបង្កឲ្យកើតមានគ្រោះមហន្ដរាយ ដល់ទំនប់វារីអគ្គិសនីដ៏ធំមួយនេះ។ បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅតែមិនទាន់ដឹង ថា ភាគីណាមួយជាអ្នកបង្កឡើងនោះឡើយ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «ការបាក់ទំនប់វារីអគ្គិសនីនេះ កំពុងតែបង្កឲ្យកើតមានគ្រោះមហន្តរាយដ៏ធំបំផុត ដល់បរិស្ថាន ខណៈទំនប់ដ៏ធំបំផុតមួយនេះ ត្រូវបានបង្កើតឡើង ដោយមនុស្ស នៅតំបន់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ»។

លោកប្រធានាធិបតី បានថ្លែង នៅក្នុងសុន្ទរកថាជាវីដេអូ ទៅកាន់កិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសអឺរ៉ុប នៅក្នុងអង្គការ Bucharest Nine (ប៊ូចារ៉េស ណាញ) ថា «ការបាក់ទំនប់ទឹកដ៏ធំណូវ៉ាកាខូវកា (Nova Kakhovka) មិនអាចកើតឡើង ដោយការបំផ្ទុះ មកពីខាងក្រៅ តាមរយៈការបាញ់ផ្លោងនោះឡើយ។ ទំនប់នេះ ត្រូវបានកាន់កាប់ ដោយរុស្ស៊ី ហើយពួកគេជាអ្នកបំផ្ទុះវា»។

ទំនប់ទឹកដ៏ធំណូវ៉ាកាខូវកា មានកម្ពស់៣០ម៉ែត្រ និង ប្រវែង៣,២គីឡូម៉ែត្រ ហើយវាអាចផ្ទុកទឹក ស្មើទៅនឹងទំហំបឹងទឹកប្រៃដ៏ធំ (Great Salt Lake) ស្ថិតក្នុងរដ្ឋយូថា (Utah) របស់សហរដ្ឋអាមេរិក។ សំណង់ទំនប់វារីអគ្គិសនីដ៏មហិមានេះ ត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ១៩៥៦ នាសម័យសហភាពសូវៀត ដោយឆ្លងកាត់ដងទន្លេនីប្រូ (Dnipro) ហើយវាជាផ្នែកមួយ ផ្គត់ផ្គង់ទឹកដល់រោងចក្រវារីអគ្គិសនីណូវ៉ាកាខូវកា (Nova Kakhovka) ផងដែរ។

ទំបន់ទឹកវារីអគ្គិសនីនេះ តែងតែផ្គត់ផ្គង់ទឹកសាបយ៉ាងសំខាន់ ទៅដល់ឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ី រឹបអូសយក នៅក្នុងឆ្នាំ២០១៤ ហើយវាបានផ្គត់ផ្គង់ទឹកដល់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zaporizhzhia) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ប្រេងប្រហែល ១៥០តោន បានហូរចេញពីគ្រឿងចក្ររបស់ទំនប់ទឹកនេះ ហើយថា ប្រេងចំនួន៣០០តោនផ្សេងទៀត នៅតែអាចលេចធ្លាយចេញមកផងដែរ។

លោកស្រី ម៉ារី ស្ទ្រូដឺស (Marie Struthers) នាយកអង្គការអឺរ៉ុបខាងកើត និង អាស៊ីកណ្តាល បានបញ្ជាក់ ថា «ការចំណាយលើកម្លាំងមនុស្ស និង បរិស្ថាន សម្រាប់ការបំផ្លិចបំផ្លាញទំនប់ណូវ៉ាកាកូវកា នេះ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់កិច្ចការមនុស្សធម៌។ សកម្មភាពបំផ្លាញទំនប់ទឹកនេះ កំពុងតែបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុវត្ថិភាព និង សុខុមាលភាពរបស់មនុស្សរាប់ម៉ឺននាក់ បើទោះជាមិនមានមនុស្សរាប់សែននាក់ រស់នៅមុខទឹកជំនន់នោះ»។

ទំនប់ដ៏ធំនេះ តែងតែផ្គត់ផ្គង់ទឹកដល់ដីស្រែចម្ការ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន និង ឧបទ្វីបគ្រីមៀ ហើយវាក៏ជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់ សម្រាប់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zaporizhzhia) គ្រប់គ្រងដោយរុស្ស៊ី ផងដែរ។

អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ គួរតែមានទឹកគ្រប់គ្រាន់ សម្រាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័ររបស់រោងចក្រនុយក្លេអ៊ែរនេះត្រជាក់ នៅក្នុងរយៈពេលជាច្រើនប៉ុន្មានខែ ដោយដាច់ដោយឡែកមួយ បើទោះជាមានអាងស្តុកទឹកហូរចេញក៏ដោយ។ បន្ថែមពីនេះ អង្គការនេះ ក៏បានអំពាវនាវឱ្យមានការសង្គ្រោះដល់អាងស្ដុកទឹកនោះផងដែរ៕រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×