បណ្ដាញសង្គមនៅក្នុងប្រទេសវៀតណាម បានចែករំលែករឿងរ៉ាវដ៏សែនរញ្ជួយចិត្តមួយ ពាក់ព័ន្ធនឹងក្មេងប្រុសម្នាក់ ដែលទើបទទួលបានបណ្ណសរសើរ ៤សន្លឹក ពេលចូលរៀនថ្នាក់ទី១ ឆមាសដំបូង។
ក្មេងប្រុសត្រឡប់មកដល់ផ្ទះ ព្រមជាមួយបណ្ណសរសើរទាំងនោះ គេប្រញាប់រត់នាំយកភាពជោគជ័យនោះ ទៅបង្ហាញឱ្យឪពុកបានឃើញមុនគេបង្អស់ ព្រមទាំងសួរថា “ប៉ា កូនបានបណ្ណសរសើរ ៤សន្លឹក ប៉ាសប្បាយចិត្តទេ?” តែនៅពេលសម្លឹងមើលឱ្យច្បាស់ ទើបបានដឹងថា ក្មេងប្រុសកំពុងនិយាយជាមួយរូបថតឪពុកដែលបានស្លាប់ទៅហើយ។

ម្ដាយរបស់ក្មេងប្រុស ជាអ្នកចែករំលែករឿងរ៉ាវនេះ ព្រមជាមួយសំណេរបង្ហាញពីអារម្មណ៍របស់ខ្លួនថា “ខ្ញុំមានអារម្មណ៍សោកស្ដាយជំនួសកូនប្រុស…អរគុណដែលខំព្យាយាមយ៉ាងខ្លាំងក្លា ដើម្បីឱ្យទទួលបានជោគជ័យ ខ្ញុំសន្យាថា នឹងបំពេញតួនាទីជំនួសឪពុក បំពេញទៅកូន និងខ្ញុំខ្លួនឯង និងរីករាយជំនួសប៉ា ពេលឃើញកូនរៀនពូកែ រហូតដល់បានបណ្ណសរសើរ…ម៉ាក់ស្រឡាញ់កូនប្រុសម៉ាក់”
នៅពេលរឿងរ៉ាវមួយនេះ បង្ហាញឡើងនៅក្នុងបណ្ដាញសង្គម ក៏បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គមភ្លាមៗដែរ។ មនុស្សជាច្រើននាំគ្នានឹករំភើបចិត្តចំពោះទង្វើដែលមិនទាន់ដឹងក្ដីរបស់ក្មេងប្រុសរូបនេះ ព្រមទាំងចូលរួមខំមិនត៍ថា…

“គ្រាន់តែឃើញរូបភាព ក៏ចង់យំបាត់ទៅហើយ សូមឱ្យកូនរបស់អ្នករឹងមាំ និងរៀនពូកែរហូតទៅ”
“ជួនកាល ការដែលកូនបានយល់ដឹងពីរឿងរ៉ាវផ្សេងៗ គឺជារឿងល្អណាស់…សូមឱ្យកូនប្រុសរបស់អ្នករឹងមាំ និងជាក្មេងល្អ តាំងចិត្តរៀនឱ្យពូកែ ដើម្បីប៉ាបានសម្រាកយ៉ាងស្ងប់ក្នុងជីវិតក្រោយការស្លាប់”
“ឆ្នាំដែលខ្ញុំរៀនចប់មហាវិទ្យាល័យ ខ្ញុំកាន់សញ្ញាបត្រ បង្ហាញនៅមុខរូបថតប៉ា…ក្នុងចិត្ត ទាំងត្រេកអរ ទាំងសោកស្ដាយ…កន្លងមក ១០ឆ្នាំហើយ ចង់ជម្រាបប៉ាថា កូននឹកប៉ាណាស់!”៕


