បើតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៉ីរ៉ង់បានបង្ហាញអំពីសក្ដានុពលមីស៉ីលបាលីស្ទីគល្បឿនលឿនជាងសំឡេង ដំបូងបំផុតរបស់ខ្លួន ខណៈសេចក្តីប្រកាសនេះ ទំនងជានឹងធ្វើឱ្យក្រុមលោកខាងលិច កាន់តែមានក្តីបារម្ភខ្លាំងថែមទៀត អំពីសមត្ថភាពមីស៉ីលរបស់ទីក្រុងតេហេរ៉ង់ ដែលមីស៊ីលនេះនឹងធ្វើឱ្យរដ្ឋាភិបាលនៃទីក្រុងតេហេរ៉ង់ មិនស្ថិតក្រោមគំនាបសង្កត់របស់បណ្ដាប្រទេសនៅអឺរ៉ុប។

ស្ដីពីអាវុធប្រល័យ និងគ្រឿងសព្វាវុធដែល Update ចុងក្រោយរបស់ក្រុងតេហេរ៉ង់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានចេញផ្សាយរូបភាពនៃមីស៉ីលហៃភើសូនិច (hypersonic) ខាងលើ ឈ្មោះថា ហ្វាតតា (Fattah) ដែលត្រូវបានដាក់ឱ្យបង្ហាញខ្លួននៅក្នុងពិធីមួយមានការចូលរួមដោយប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) និងក្រុមមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។
មីស៉ីលហៃភើសូនិច អាចហោះក្នុងលឿនមួយដែលលឿនជាងសំឡេងយ៉ាងហោច ៥ដង ហើយធ្វើដំណើរក្នុងគន្លងផ្លូវស្មុគស្មាញ ដើម្បីឱ្យប្រព័ន្ធការពារដែនអាកាស ពិបាកក្នុងការបាញ់ស្ទាក់ពួកវា។ កាលពីឆ្នាំមុន អ៉ីរ៉ង់បានអះអាងថា ខ្លួនផលិតបានមីស៉ីលបាលិស្ទីគ ល្បឿនលឿនជាងសំឡេងមួយ ដែលអាចធ្វើដំណើរទាំងនៅក្នុង និងនៅក្រៅស្រទាប់បរិយាកាសនៃផែនដីបាន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៉ីរ៉ង់ បញ្ជាក់ថា ល្បឿនអតិបរមារបស់មីស៉ីល Fattah គឺអាចដល់កម្រិតម៉ាក១៤ (១៥,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងល្បឿនសំឡេង ១៤ដង)។
ករណីមីស៊ីលនេះ បើទោះបីមានការជំទាស់ពីសហរដ្ឋអាមេរិក និងអឺរ៉ុបយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ធ្លាប់បានប្តេជ្ញាថា នឹងបន្តអភិវឌ្ឍកម្មវិធី មីស៉ីលរបស់ខ្លួនដើម្បីការពារប្រទេស។ យ៉ាងណាក្តី ក្រុមអ្នកវិភាគផ្នែកយោធារបស់លោកខាងលិច យល់ឃើញថា អ៉ីរ៉ង់ពេលខ្លះហាក់ អះអាងពន្លើសអំពីសមត្ថភាពមីស៉ីលរបស់ខ្លួន ដែលមើលទៅវាដូចជាពុំមែនជាការពិតនោះទេ, ប៉ុន្តែ ក្តីកង្វល់ជុំវិញមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់បានកើនឡើងក្រោយការសម្រេចចិត្តកាលពីឆ្នាំ២០១៨ របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ អ៉ីរ៉ង់ ជាមួយមហាអំណាចចំនួន៦។
កិច្ចពិភាក្សាគ្នាដោយមិនផ្ទាល់រវាងទីក្រុងតេហេរ៉ង់ និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនេះឡើយវិញ គឺបានបន្តជាប់គាំងចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០២២មក ដូច្នេះអ៊ីរ៉ង់ក្រចេះតែព្យាយាមផលិតមីស៊ីលបាលីស្ទីគ តទៅទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN






