រឿងដ៏មិននឹកស្មានមួយ ដែលបានផ្ទុះល្បីខ្លាំង កាលពីឆ្នាំ២០២០ ឥឡូវនេះ បានចាប់ផ្តើមទទួលការចាប់អារម្មណ៍ទៀតហើយ សម្រាប់អ្នកនិយមលេងបណ្តាញសង្គមថ្មីៗ ឬ អ្នកចាស់ៗ ដែលពុំធ្លាប់បានដឹង។ នោះគឺរឿងអាជ្ញាធរសរសេរអក្ខរាវិរុទ្ធពាក្យ «កម្ពស់» ខុសដ៏មិនធម្មតា ហើយក៏ត្រូវបានអ្នកទើស ផុសកែតម្រូវការសរសេរខុសនោះ ក៏រឹតតែខុសឆ្ងាយជាងហ្នឹងទៅទៀត។
ជាក់ស្តែង តាមរយៈរូបភាពនៃកម្ពស់ច្រកចូលមួយកន្លែង ត្រូវបានដាក់ស្លាកសរសេរថា៖ «កំពោះ២ម៉ែត»។ ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក គណនីហ្វេសប៊ុកមួយ ក៏បានយករូបភាពនេះ មកផុសកែតម្រូវឡើងវិញ ដោយបានសរសេរបែបនេះថា៖ «ថាមិនចង់លូកមាត់ទេ តែមើលទៅវាទើសភ្នែកពេក! សូមអាជ្ញាធរជួយកែផង! កំពួស មិនមែន កំពោះ ទេ!»។
ពិតណាស់ ក្រោយនាំគ្នាត្រួតពិនិត្យពាក្យកែឡើងវិញ «កំពោះ» មកជា «កំពួស» បែបនេះ បានធ្វើឲ្យមហាជនកាន់ហួសចិត្តខ្លាំង ដោយបានព្រលះឲ្យទាំងពីរថា៖ «អ្នកទើសហ្នឹងក៏ចឹងទៀត ប្រហែលទើបរៀនបានថ្នាក់ទី១ដូចគ្នាហើយ!, អ្នកសរសេរមុនខុសថាគ្នារៀនបានតិច តែអាអ្នកប្រាប់គេហ្នឹង ក៏យ៉ាប់ជាងហ្នឹងទៀត ពាក្យត្រឹមត្រូវ គឺ [កម្ពស់]»។
ជាមួយគ្នានោះផងដែរ មនុស្សជាច្រើន ក៏បានជជែកវែកញែកគ្នាថា ពាក្យមួយនេះ គឺអាចសរសេរបានទាំងពីរ [កំពស់] អ៊ីចេះក៏បាន ឬ [កម្ពស់] អ៊ីចេះក៏បាន ខណៈអ្នកខ្លះទៀតថា ពាក្យត្រឹមត្រូវ គឺសរសេរ [កម្ពស់] បែបនេះ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមម្នាក់ បានធ្វើការពន្យល់ថា «សរសេរ [កំពស់] បែបនេះ ក៍មិនអាចយកយកជាផ្លូវការបានដែរ ក្នុងវចនានុក្រមលោកនិយាយថា នៅពេលណាដែលឬសនៃពាក្យដែលមានព្យាង្គតម្រួតចឹង ពាក្យនិយមន័យរបស់ឬសនៃពាក្យ ក៏ត្រូវសរសេរតម្រួតដូចគ្នា (ខ្ពស់>កម្ពស់✓)»។
ទោះជាយ៉ាងណា ក្រោយមកទើបដឹងថា អ្នកផុសមិនមែនមិនចេះអក្ខរាវិរុទ្ធនោះទេ តែមកពីគាត់ចង់ឌឺទៅកាន់អ្នកសរសេរស្លាកហ្នឹងតែម្តង ដោយគាត់គឺជាគ្រូអក្សរសាស្រ្តខ្មែរ។ នេះបើតាមអ្នកលេងម្នាក់ បានឲ្យដឹងថា៖ «អ្នកចេះធ្វើល្ងង់ គេមើលមិនដឹងទេ តែបើអ្នកល្ងង់ធ្វើចេះ គេមើលឆាប់ដឹងណាស់។ គាត់ជាគ្រូអក្សរសាស្រ្តខ្មែរនិងអង់គ្លេស និងជាអ្នកចូលចិត្តវិភាគ សង្គមនិងនយោបាយ ក្រៅពីនោះគាត់ជាមនុស្សចូលចិត្តឌឺ និងលេងសើចផងដែរ។ ចូលមើល profile គាត់អោយច្រើនសិនចាំវាយតំលៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង